ខៃ ប្រសិទ្ធិ បង្ហាញខ្លួន សម្ដែងជាតួស្ដេចជាថ្មី

0

ពេញមួយថ្ងៃថ្ងៃទី៤ ឩសភា គេឃើញតារាសម្ដែងជើងចាស់លោក ខៃ ប្រសិទ្ធិ បង្ហាញខ្លួនចូលសម្ដែងជាថ្មី គួរអោយភ្ញាក់ផ្អើលបន្ទាប់ពីលោកបង្ហាញមុខក្នុងបទ”ឳពុកអ្នកក្រ” របស់លោក សាវិន ហ្វីលីប ហើយក៍បាត់មុខឈឹង។ លោកត្រូវគេឃើញត្រលប់មកសម្ដែងជាតួអង្គស្ដេច ដែលការបង្ហាញខ្លួនលើកនេះ ហាក់បង្ហាញកាន់តែច្បាស់ថា លោកចង់វិលមកកាន់ការសម្ដែងអោយស៑ប់ដូចមុនទៅរស់នៅប្រទេសអូស្ត្រាលី បន្ទាប់ពីលោកត្រូវគេឃើញចេញចូលស្រុកដូចត្រលប់មករស់នៅទៅហើយ។

យោងតាមការអះអាងរបស់ តារាសម្ដែង លោក ហង្ស ប្រុសពៅ ដែលបានរួមសម្ដែងជាមួយ បានអះអាងថា លោក ខៃ ប្រសិទ្ធិ បានសម្ដែងជាតួអង្គស្ដេចក្នុងបទ”ស័ង្ខសិល្បិ៍ជ័យ” ដោយសកម្មភាពនៃការថតរបស់លោក នៅតែត្រូវបានតារាជំនាន់ក្រោយបញ្ជាក់ចូលតួបានល្អ មិនខុសពីពេលដែលលោកនៅសម្ដែងយ៉ាងជាប់លាប់នោះទេ។ ចម្រៀងបុរាណមួយបទនេះ ជាការចុះថតដោយផលិតកម្ម PPS តែគេមិនដឹងថាបទចម្រៀងបុរាណដែលបានផលិតនេះ ជាបទដើម្បីបង្ហោះក្នុងយូធូប ឬ ទុកសម្រាប់យកទៅលក់នៅក្រៅស្រុកនោះទេ។ លោក ហង្ស ប្រុសពៅ បន្តថា លោក ខៃ ប្រសិទ្ធិ នៅតែសម្ដែងជាព្រះមហាក្សត្របានសម ហើយបើទោះជាលោកមានវ័យក្រាស់បន្តិចមែន ប៉ុន្តែសម្រស់របស់លោកនៅតែមើលទៅមិនចាញ់តារាដែលថែទាំរូបសម្រស់បានជាប់លាប់សម័យថ្មី។ សកម្មភាពថតនេះ គឺថតនៅតំបន់ទឹកធ្លាក់ថ្មរូង ដែលវត្តមានរបស់ លោក ខៃ ប្រសិទ្ធិ ក៍ធ្វើអោយអ្នកទៅកម្សាន្តនៅទីនោះ ចាប់អារម្មណ៍មិនតិចដែរ។

យោងតាមការបង្ហាញខ្លួនថតក្នុងបទទម្រង់បុរាណនេះ លោក ខៃ ប្រសិទ្ធិ ទំនងនឹងចង់វិលមកសម្ដែងអោយស៑ប់ម្ដងទៀត ដោយគ្រាន់តែលោកត្រូវចុះឡើងខេត្ត និងប្រទេសអូស្ត្រាលី ហើយមិនអាចទទួលថតយូរៗថ្ងៃទើបលោកមិនចាប់អារម្មណ៍នឹងការសម្ដែងភាពយន្ត។ ប៉ុន្តែគេកត់សម្គាល់ថា រាល់ការទំនាក់ទំនងអោយលោកចុះថតបទចម្រៀង ដែលចំណាយពេលតែមួយថ្ងៃៗ គឺអោយតែបានទាក់ទង់ តារាជើងចាស់រូបនេះកម្រប្រកែក៕

LEAVE A REPLY

Please enter your comment!
Please enter your name here