ចឹងសោះ បានជាសង្ក្រានព្រៃវែង ផ្ទុះខ្លាំងឆ្នាំនេះ

0

ក្នុងចំណោមសង្ក្រានធំៗដែលបានធ្វើស្ទើរគ្រប់ខេត្តក្រុងនៅក្នុងឆ្នាំនេះ គេកត់សម្គាល់ថាសង្ក្រានព្រៃវែងទទួលជោគជ័យជាងគេ ដោយសង្ក្រានមួយនេះ ត្រូវគេកត់សម្គាល់ថាល្បីសុះសាយដល់ក្រៅប្រទេសនាំមុខបណ្ដាសង្ក្រាននៅខេត្តផ្សេងៗតែម្ដង។ នោះគឺដោយសារតែសង្ក្រានមួយនេះ ក្រៅពីមានវត្តមានសិល្បករល្បីៗនាំលេងកម្សាន្ត និងមានតំបន់កម្សាន្តមិនខុសគ្នាពីសង្ក្រានផ្សេងៗហើយនោះ ក៍មានព្រឹត្តិការណ៍ Khmer Fight ឬ ប្រដាល់ក្បាច់គុនខ្មែរ ដោយមានកីឡាករបរទេសរហូតដល់៦រូបមកពី៥ប្រទេសមកប្រកួត ហើយជាព្រឹត្តិការណ៍មានការផ្សាយបន្តផ្ទាល់ទូលំទូលាយ ដល់បណ្ដាប្រទេសខាងក្រៅ។

ព្រឹត្តិការណ៍ប្រដាល់អន្តរជាតិក្នុងទម្រង់ក្បាច់គុណបុរាណខ្មែរនេះ ត្រូវបានរៀបចំដោយក្រុមការងារប៉ុស្តិ៍លេខ៥ ក្រោមការគាំទ្រយ៉ាងពេញទំហឹងជាមួយថ្នាក់ដឹកនាំខេត្ត ទើបធ្វើអោយព្រឹត្តិការណ៍មួយនេះក្លាយជាសង្វៀនអន្តរជាតិ ដែលមានកីឡាករខ្លាំងៗមកពីក្រៅប្រទេសមកប្រកួត ដោយក្នុងពេលការប្រកួតចាប់ផ្ដើម គេឃើញកីឡាករជនជាតិនីមួយៗ មានអ្នកគាំទ្រជាជនជាតិខ្លួន មកទស្សនដល់សង្វៀននោះផង ទើបធ្វើអោយសង្ក្រានព្រៃវែងត្រូវគេអះអាងថាបានក្លាយជាសង្ក្រានដែលល្បីល្បាញជាងគេនៅក្នុងឆ្នាំនេះ ធៀបនឹងសង្ក្រាននៃខេត្តផ្សេងៗក្នុងក្រសែភ្នែកអន្តរជាតិ។ គាប់ជាព្រឹត្តិការណ៍នេះ ក៍ត្រូវបានគេផ្សាយបន្តផ្ទាល់ពីកម្ពុជាទាំងលើកញ្ចក់ទូរទស្សន៍ ទាំងលើផេក និងមានការផ្សាយបន្តផ្ទាល់ពីសំណាក់បណ្ដាប៉ុស្តិ៍ទូរទស្សន៍បរទេសមួយចំនួនផង ទើបធ្វើអោយព្រឹត្តិការណ៍នេះល្បី ហើយជួយអោយសង្ក្រានព្រៃវែង ដែលទទួលសិទ្ធិរៀបចំព្រឹត្តិការណ៍អន្តរជាតិនេះសុះសាយ។ កីឡាករកម្ពុជាល្បីៗរបស់កម្ពុជា ត្រូវបានប៉ុស្តិ៍លេខ៥ ដាក់មកប្រកួតស្ទើរគ្មានសល់ ដោយសារតែចង់អោយព្រឹត្តិការណ៍ទាំងមូលទាក់ចិត្តអ្នកគាំទ្របានច្រើន និងដើម្បីបរាជ័យក្រោមដៃបរទេស ក្នុងនាមដែល Khmer Fight គឺជាម្ចាស់ក្បាច់គុន។ កីឡាករឡុង សំណាង កីឡាករ វ៉ាន់ វឿន កីឡាករ ផល សោភ័ណ្ឌ កីឡាករ ឡៅ ចន្រ្ទា កីឡាករ រឿង សោភ័ណ្ឌ និងកីឡាករ ឃុន ឌីម៉ា ដែលសុទ្ធតែជាកីឡាករល្បីៗ ត្រូវគេឃើញដាក់មកគ្មានសល់នោះឡើយ ទើបធ្វើអោយកញ្ជ្រោលពេញក្នុងពិភពប្រដាល់។

លោក សេង កដិកា អ្នករៀបចំព្រឹត្តិការណ៍បានអះអាងថាគឺជាមោទនភាពណាស់ ដែលកន្លងមកកម្ពុជាធ្លាប់តែបញ្ជូនកីឡាករអោយទៅប្រកួតព្រឹត្តិការណ៍ Thai Fight ដែលកីឡាករទាំងអស់ត្រូវប្រកួតអោយត្រូវនឹងលក្ខណ្ឌរបស់ភាគីថៃ ស្រាប់តែក្នុងពេលនេះកម្ពុជាមានលទ្ធផលរៀបចំការប្រកួត Khmer Fight ដើម្បីអោយកីឡាករបរទេសមកប្រកួតតាមលក្ខន្តិកៈរបស់គណកម្មការរបស់កម្ពុជាវិញ។ នេះជាលើកទី២ហើយ ដែលកម្ពុជារៀបចំការប្រកួតមួយនេះ ដោយលើកទី២រៀបចំក្នុងព្រឹត្តិការ៍បើកសម្ពោធវិមានឈ្នះៗ និងលើកទី២នេះ នៅក្នុងព្រឹត្តិការណ៍សង្ក្រាននៅព្រៃវែង ដោយធ្វើតែមួយថ្ងៃប៉ុណ្ណោះគឺថ្ងៃចូលឆ្នាំទី២ ថ្ងៃទី១៥ មេសា ចំណែកថ្ងៃទី១៤ គ្រាន់តែជាការប្រកួតរវាងកីឡាករក្នុងស្រុកនិងក្នុងស្រុក។

LEAVE A REPLY

Please enter your comment!
Please enter your name here