បញ្ញា សិទ្ធិ និយាយពីបណ្ដឹងប្ដឹងបងតារាម្នាក់ ថ្ងៃទៅសម្ដែងនៅអូស្ត្រាលី

0

កាលពីព្រឹកថ្ងៃទី១៣ មីនា តារាចម្រៀង និងជាតារាសម្ដែង លោក បញ្ញា សិទ្ធិ បានធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលី ដើម្បីសម្ដែងប្រមូលថវិកាជួយកសាងវត្តមួយនៅអូស្ត្រាលី ខណៈដែលការសម្ដែងរបស់លោកនៅក្នុងប្រទេសនោះ គឺជាលើកទី៣ហើយ។ យ៉ាងណាមិញ មុនពេលលោកចាកចេញ លោកបានប្រកាសអោយដឹងពីជំហរប្ដឹងចំពោះនារីដែលបានបង្ខូចឈ្មោះ ដោយមិនកែគម្រោងនោះឡើយ។

លោក បញ្ញា សិទ្ធិ និយាយថា ដ្បិតតែឃើញលោកស្ងាត់ តែលោកមិនបានបណ្ដោយអោយនារីម្នាក់ដែលបង្ខូចថាលោកជំពាក់លុយ និងយកលុយទៅចិញ្ចឹមប្រុសមុននោះរួចខ្លួននោះឡើយ គឺលោកនៅតែបន្តនិតិវិធីដាក់បណ្ដឹងទៅកាន់ក្រសួងមហាផ្ទៃ ដោយមានតំណាងមេធាវីរបស់លោកខ្នះខ្នែងមិនដកដៃដដែល។ លោកថាខ្លួនបានរៀបចំសំណុំរឿង និងឯកសារភស្តុតាងគ្រប់គ្រាន់អស់ហើយ ដោយស្ត្រីដែលជាបងស្រីរបស់តារាមួយរូប ដែលបានបង្ខូចឈ្មោះលោកនោះ ដាច់ខាតត្រូវតែសុំទោសលោកជាសាធារណៈ បើមិនចង់ជាប់ផ្លូវច្បាប់នៅក្នុងបណ្ដឹង។ លោកថាខ្លួននឹងពន្លឿនពាក្យបណ្ដឹងអោយចេញរូបរាងក្រោយត្រលប់ពីអូស្ត្រាលីវិញ ដើម្បីអោយបងស្រីរបស់តារាម្នាក់ដែលក្លាយជាសត្រូវរបស់លោកម្នាក់នោះ ប្រឈមមុខដោយផ្ទាល់។ លោកថាខ្លួនមិនចង់បានទឹកប្រាក់សំណងជំងឺចិត្តទេ ប៉ុន្តែបើមិនព្រមចេញមុខសុំទោស គឺពិតជាល្អមើល មិនយូរមិនឆាប់។

ងាកទៅគម្រោងចេញសម្ដែងនៅក្នុងប្រទេសអូស្ត្រាលីនេះវិញ តារាចម្រៀង លោក បញ្ញា សិទ្ធិ បញ្ជាក់ថា លោកចេញទៅរយៈពេល៣ខែពេញ ដោយ២ខែលើទឹកដីអូស្ត្រាលី និងមួយខែលើទឹកដីប្រទេសញូហ្សេឡិន។ លោកនឹងបើកឆាកសម្ដែងថ្ងៃដំបូង លើទឹកដីម៑ែលប៑ន នៅថ្ងៃទី១៦ មីនា ដោយក្នុងមួយសប្ដាហ៍នឹងមានការសម្ដែង២លើក ហើយថវិកាដែលបានពីការលក់សំបុត្រ គឺយកទៅកសាងវត្តខ្មែរមួយនៅក្នុងប្រទេសនោះ។ ជាលើកទី៣ហើយ ដែលលោកបានចេញសម្ដែងនៅអូស្ត្រាលី ដោយការសម្ដែងកាលពី២លើកមុន ទទួលបានជោគជ័យយ៉ាងខ្លាំង។ លោករំពឹងថា ការសម្ដែងលើកនេះ នឹងទទួលបានប្រជាប្រិយភាពខ្លាំងជាងមុនទៅទៀត ដោយសារតែបងប្អូនខ្មែរ នៅអូស្រ្តាលី ក៍ស្គាល់លោកកាន់តែច្រើនជាងមុន ស្របគ្នាដែលលោកក៍ត្រៀមការសម្ដែងពិសេសជាមួយតារាផ្សេងទៀត ក្នុងគម្រោងលើកនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here