ឡេង ណាវ៉ាត្រា ប្រកាសសង់សាលាកូរ៉េដល់ទៅ៣ទីតាំង បណ្ដុះពលករដោយមិនយកប្រាក់

0

ក្រៅពីគេឃើញ តារាចម្រៀង ដែលត្រូវគេស្គាល់ថាបានឡើងជាឧកញ៉ាវ័យក្មេងលោក ឡេង ណាវ៉ាត្រា ចាប់ផ្ដើមរៀបជើងព្រួលក្នុងការបញ្ចេញស្នាដៃនៅក្នុងផលិតកម្មរបស់ខ្លួនឡើងវិញ តារាដែលមានងារជាឧកញ៉ារូបនេះ ក៏ប្រកាសថាខ្លួននឹងសង់សាលាបណ្ដុះបណ្ដាលភាសាកូរ៉េចំនួន៣កន្លែងក្នុងពេលខាងមុខ ដើម្បីអោយកូនខ្មែរដែលចង់ចេះភាសាកូរ៉េ និងចង់ប្រលងទៅធ្វើការនៅក្នុងប្រទេសកូរ៉េ មានលទ្ធភាពគ្រប់គ្រាន់ ដោយមិនចំណាយប្រាក់។ ដំណឹងនេះបានធ្វើអោយមា្នក់ៗភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានទាំងយល់ថាលោកគឺជាតារាមួយរូបដែលនៅតែមិនភ្លេចអតីតកាលរបស់ខ្លួន ក្រោយពេលល្បីឈ្មោះ ក្នុងមុខជំនួញនោះផង។

លោក ឡេង ណាវ៉ាត្រា បានថ្លែងបញ្ជាក់ថា ក្នុងពេលដ៍ខ្លី លោកនឹងសម្រេចបោះទុនក្នុងគម្រោងសាងសង់អគារសិក្សាភាសាកូរ៉េចំនួន១ ក្នុងចំណោម៣កន្លែងដែលគ្រោងសាងសង់ ឬ អាចសង់ទាំង៣កន្លែងតែម្ដង ជូនដល់អ្នកចង់សិក្សាកូរ៉េ ដែលចង់ ស្វែងរកការងារនៅក្នុងប្រទេសកូរ៉េ និងនៅក្នុងស្រុកថែមទៀត ដើម្បីអោយលោកបានរួមចំណែកលើកស្ទួយទាំងក្នុងវិស័យសិល្បៈ និងលើកស្ទួយធនធានមនុស្សអោយបានទន្ទឹមគ្នា។ លោកថាហេតុផលដែលលោកសម្រេចចិត្តចំណាយទុន លើគម្រោងបង្កើតសាលាកូរ៉េ គឺដោយសារតែលោកយល់ថាតម្រូវការភាសាកូរ៉េមានភាពចាំបាច់ចំពោះពលរដ្ឋ ហើយតម្រូវការពលករពីកម្ពុជាទៅធ្វើការនៅក្នុងប្រទេសកូរ៉េក៍នៅមានច្រើន ដែលចាំបាច់អោយលោកដែលជាអតីតពលករនៅក្នុងប្រទេសកូរ៉េ ដែលបានមានឱកាសបានទទួលការសិក្សានាពេលនោះទាំងលំបាក គួរតែងាកមកយកចិត្តទុកដាក់ដល់ចំណុចនេះ ក្រោយពេលជោគជ័យ។ លោកថាសាលាដែលគ្រោងបង្កើតនោះ មិនត្រឹមតែបង្កើតតែអាគារ និងបំពាក់គ្រឿងបរិក្ខាពេញលក្ខណៈជាសាលាប៉ុណ្ណោះទេ សូម្បីតែគ្រូដែលមកសិក្សាក៏លោកនឹងរ៉ាប់រងលើការចំណាយទាំងស្រុង ដែលមានន័យថាកូនសិស្សដែលចុះឈ្មោះសិក្សានឹងមិនខ្វល់លើការចំណាយសូម្បីមួយសេនតាំងពីដើមរហូតដល់ចប់។ លោកក៏នឹងសង់អាគារសម្រាប់អ្នកខេត្តស្នាក់នៅ រហូតដល់សិស្សទាំងនោះទទួលបានជំនាញអាចធ្វើការបានផងដែរ។

លោក ឡេង ណាវ៉ាត្រា បន្តថា លោកនឹងកំណត់យកទីតាំង៣ក្នុងការសាងសង់សាលាភាសាកូរ៉េនោះ ដោយទី១នឹងសង់នៅខេត្តព្រះសីហនុ ទី២នៅជាយរាជធានីភ្នំពេញ និងទី៣នៅក្នុងតំបន់ប៉ោយប៉ែត ព្រំប្រទល់ខ្មែរថៃ ដោយគ្រោងប្រើថវិកាប្រហាក់ប្រហែល១លានដុល្លារ និងគ្រោងសាងសង់ឆាប់ៗ។ ទីតាំងទាំង៣ នឹងមានមួយដែលមានសំណូមពរអោយសង់ច្រើន នឹងបើកកាដ្ឋានសាងសង់ ប៉ុន្តែបើមានសំណូមក្នុងចំនួនច្រើនដូចគ្នា ក្នុងទីតាំងទាំង៣ ក៍សាងសង់ទាំង៣ ដើម្បីបំពេញតម្រូវការផងដែរ។ លោកថាសាលាទាំងមូល មិនមែនចំណាយ និងទ្រទ្រង់តែលោក និងក្រុមហ៊ុនរបស់លោកតែម្នាក់ឯងនោះទេ គឺលោកនឹងកៀរគរអោយមានសប្បុរសជនជាច្រើនផ្សេងទៀតចូលរួម ឧទាហរណ៍ថាបើមានក្រុមហ៊ុនអាគារ ឬជួយសម្ភារៈនោះ ឬជួយផ្គង់ផ្គង់គ្រូជាដើម គឺលោកនឹងទទួលទាំងអស់ ខណៈដែលក្រុមហ៊ុនក្នុងស្រុក ក៏លោកនឹងចាប់ដៃអោយបានកាន់តែច្រើនដើម្បីបញ្ចេញកូនសិស្សក្នុងសាលារបស់លោក អោយបានការងារធ្វើក្នុងពេលសិក្សាបណ្ដើរ ឬពេលរៀនចប់ ដោយកុំរំពឹងតែការចេញទៅធ្វើការនៅក្នុងប្រទេសកូរ៉េតែមួយមុខ។ លោកប្រកាសអោយអ្នកចង់សិក្សាភាសាកូរ៉េក្នុងគម្រោងរបស់លោក ទាក់ទងមកក្រុមហ៊ុនរបស់លោក ដើម្បីចង់ដឹងថាអ្នកមានតម្រូវការទាំងនោះត្រូវការអោយសង់សាលានៅទីតាំងណាមុន ដោយបើចំនួនអ្នកចុះឈ្មោះមានចំនួនគ្រប់គ្រាន់ គឺលោកនឹងសង់សាលាបណ្ដោះអាសន្នអោយសិក្សាសិន ហើយចាំសង់អាគាររឹងមាំអោយសិក្សានៅក្នុងទីតាំង១ក្នុងចំណោមគម្រោងទាំង៣នោះមុនគេតែម្ដង៕

LEAVE A REPLY

Please enter your comment!
Please enter your name here