សម្ពោធរឿង«ទារុណកម្មខ្មោច»របស់ចន ច័ន្ទលក្ខិណា ផ្អើលអ្នកសិល្បៈ ចង់មួយចំហៀងប្រទេស

0

ក្នុងពិធីសម្ពោធរឿង«ទារុណកម្មខ្មោច»របស់អ្នកនាងចន ច័ន្ទលក្ខិណា កាលពីល្ងាចថ្ងៃទី២៥ កម្ភៈ នៅផ្សារទំនើបអ៊ីអន១ គេកត់សម្គាល់ថាផ្អើលអស់មួយចំហៀងអ្នកសិល្បៈតែម្ដង ដោយគេឃើញតារាចម្រៀង តារាសម្ដែង និងតារាចម្រុះជំនាញដល់រាបរយនាក់ចូលរយ។ អ្នកនាង ចន ច័ន្ទលក្ខិណា និងលោកហ៊ុយ យ៉ាឡេង ដែលជាអ្នកសហការផលិតភាពយន្តនេះ បានបង្ហាញអារម្មណ៍រំភើប និងសប្បាយរីករាយយ៉ាងខ្លាំង ដោយសារតែថ្ងៃសម្ពោធភាពយន្តរបស់ខ្លួនមានភ្ញៀវចូលរួមកុះករដល់ម្លឹង។

អ្នកនាង ចន ច័ន្ទលក្ខិណា បានថ្លែងបញ្ជាក់ថាក្នុងសកម្មភាពលើកស្ទួយវិស័យភាពយន្តខ្មែរ គឺមានតែអ្នកសិល្បៈដូចគ្នាប៉ុណ្ណោះដែលដើរតួនាទីសំខាន់ក្នុងការជួយគ្នា ដោយជួយបំផុសគ្នា និងផ្សព្វផ្សាយអោយគ្នា ដើម្បីអោយភាពយន្តរបស់ខ្មែរទទួលបានការចាប់អារម្មណ៍។ អ្នកនាងថាបើអ្នកសិល្បៈយល់ថាទាល់តែភាពយន្តនោះខ្លួនចូលរួមសម្ដែងទើបចូលរួមបំផុស និងចូលរួមទស្សនា គឺមិនខុសពីធ្វើអោយវិស័យសិល្បៈកាន់តែស្លាប់បន្តិចម្ដងៗនោះទេ។ អ្នកនាងថាដរាបណាអ្នកនាងនៅតែកាន់តំណែងជាប្រធានសមាគម អ្នកនាងនៅតែបន្តផលិតភាពយន្តទោះស្ថិតក្នុងភាពមិនចំណេញ ដើម្បីអោយតារាសម្ដែងខ្មែរទាំំងតួចាស់ និងតួថ្មីបានសម្ដែង ដើម្បីពង្រីកទីផ្សារការងាររបស់តារាទាំងនោះ។ អ្នកនាងថាមានតែអ្នកសិល្បៈប៉ុណ្ណោះដែលត្រូវបង្កើតសកម្មភាពជួយដល់អ្នកសិល្បៈ ប៉ុន្តែក៏ត្រូវទាមទារអោយអ្នកសិល្បៈដែលជាមេឃធាងគ្រប់ផ្នែក ចេះលើកទឹកចិត្តគ្នា និងជួយជំរុញគ្នា ដោយមិនវាយបំបាក់ទឹកចិត្តគ្នានោះដែរ។ អ្នកនាងប្រកាសថាភាពយន្តរឿង«ទារុណកម្មខ្មោច»អ្នកទស្សនានឹងទស្សន៍ទាយមិនដឹងពីអត្ថន័យខាងក្នុងនោះទេ ដោយសារតែអ្នកនិពន្ធបានបង្កប់ខ្លឹមសារជាច្រើន ដែលធ្វើអោយអ្នកទស្សនាគ្រាន់តែដឹងពីចំណងជើង ឬទស្សនាបានតែប៉ុន្មានឈុតដំបូង ប៉ាន់ស្មានមិនដឹង។

លោក ហ៊ុយ យ៉ាឡេង អ្នកដឹកនាំរឿង និងជាអ្នកនិពន្ធ បានអះអាងថា លោកពិតជាមានអារម្មណ៍រំភើបយ៉ាងខ្លាំង ដែលក្នុងពិធីសម្ពោធរឿង«ទារុណកម្មខ្មោច» មានការចូលរួមពីតារាសិល្បៈយ៉ាងច្រើនកុះករ ដោយក្នុងពិធីនោះ លោក និងក្រុមការងារក៏បានអញ្ជើញវិរៈសិល្បករផ្នែកចាប៉ីដងវែងគឺលោកតា គង់ ណៃ អោយមកចូលរួមផងដែរ។ ដោយលោកប្រកាសថាដើម្បីអោយមហាជនមានការចាប់អារម្មណ៍ចំពោះវិរៈសិល្បករជើងចាស់រូបនេះអោយបានច្រើន។ លោកថាភាពយន្តមួយនេះ លោកមិនទាន់រំពឹងពីជោគជ័យខ្លាំងនោះទេ ប៉ុន្តែផ្អែកតាមការគាំទ្រពីតារាសិល្បៈយ៉ាងច្រើនកុះករ លើសពីភាពយន្តមុនៗដែលលោកបានផលិត លោកជឿជាក់ថាស្នាដៃមួយនេះ នឹងជោគជ័យខ្លាំង។

នៅក្នុងពិធីសម្ពោធរឿងនេះ គេឃើញតារាសិល្បៈទាំងជំនាន់ចាស់ និងថ្មីស្ទើរមិនគួរអោយជឿបង្ហាញខ្លួន ខណៈដែលតារាទាំងនោះ ក៏នៅកំដរកម្មវិធីអោយទទួលការចាប់អារម្មណ៍ តាំងពីដើមដល់ចប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here