ប៉ុស្ដិ៍លេខ៥ ប្រកាសយុទ្ធសាស្រ្តផ្លាស់ចាស់យកថ្មី ក្នុងការផលិតរឿងភាគ

0

នៅក្នុងពិធីក្រុងពាលីរឿង«រ៉ៃប្ដូរទ្រនំ»កាលពីពេលថ្មីៗ ថ្នាក់ដឹកនាំប្រចាំនៅប៉ុស្ដិ៍លេខ៥បានអះអាងថា ខ្លួននឹងប្រើយុទ្ធសាស្រ្តផ្លាស់ប្ដូរតួសម្ដែងចាស់ៗដែលធ្លាប់បង្ហាញមុខដដែលៗក្នុងរឿងភាគរបស់ខ្លួនអោយបានកាន់តែច្រើន ដើម្បីផ្ដល់ឱកាសអោយតារាសម្ដែងថ្មីៗ និងដើម្បីអោយទស្សនិកជនបានប្លែកអារម្មណ៍ជាមួយវត្តមានតារាថ្មីៗ។ នេះក៏ជាយុទ្ធសាស្រ្តដែលស្ថាប័នមួយនេះ នឹងធ្វើដើម្បីបណ្ដុះតារាស្រករក្រោយ និងដើម្បីអោយមានឈ្មោះថាបានលើកស្ទួយតារានេះតារានោះអោយល្បី ដែលផ្ទុយពីពេលកន្លងមកដែលប៉ុស្ដិ៍លេខ៥ យកតែតារាល្បីស្រាប់យកមកដុះខាត់បន្ថែមនោះផងដែរ។

លោក ស៊ិន សុផាត តំណាងថ្នាក់ដឹកនាំប្រចាំប៉ុស្ដិ៍លេខ៥ បានថ្លែងបញ្ជាក់ថា ក្នុងការផលិតភាពយន្តបន្តបន្ទាប់របស់ប៉ុស្ដិ៍លេខ៥ ក្រុមការងារអ្នកផលិតរបស់ផលិតករថៃ នឹងប្រើយុទ្ធសាស្រ្តផ្លាស់តួដែលសម្ដែងដដែលៗអោយបានកាន់តែច្រើន បន្ទាប់ពីស្ថាប័នរបស់លោកទទួលបានប្រតិកម្មច្រើនឡើងថា រឿងមានសាច់រឿងល្អ តែតួអង្គតែដដែលដែលធ្វើអោយភាពយន្តខ្លះក្រោយដាក់ផ្សាយគឺមិនទទួលជោគជ័យដូចការរំពឹងទុក។ លោកថាប៉ុស្ដិ៍លេខ៥ កំពុងរៀបចំក្រុមការងារផ្ដល់ឱកាសអោយតារាថ្មីៗ ដោយលោកចង់អោយស្ថាប័នមួយនេះ ជាពិសេសគឺផលិតករថៃក្លាយជាក្រុមដែលលើកកម្ពស់តារាថ្មីៗ ដែលមានសមត្ថភាពផងកុំអោយរឿងណាក៏ឃើញតែតួដដែល។ លោកថាក្នុងរឿងប៉ុន្មានរឿងចុងក្រោយ ប៉ុស្ដិ៍លេខ៥គ្រាន់តែព្យាយាមកាត់បន្ថយតារាសម្ដែងដដែលប៉ុណ្ណោះ ប៉ុន្តែចាប់ពីរឿងក្រោយៗដែលត្រៀមផលិតតទៅ គឺនឹងដូរអោយអស់នូវតួសម្ដែងដដែលតែម្ដង ជាពិសេសគឺតួឯក និងតួរង ដែលលោកបើអោយសម្ដែងដដែលៗ គឺទោះជាមានសមត្ថភាពកម្រិតណា ក៏មហាជនលែងចង់ឃើញដែរ។ លោកថាក្នុងភាពយន្តរឿង«រ៉ៃប្ដូរទ្រនំ»គឺជារឿងថ្មីមួយ ដែលប៉ុស្ដិ៍លេខ៥បានប្ដូរតួឯកដែលធ្លាប់តែអោយតារាចាស់ៗដដែលៗ និងគ្រាន់តែបញ្ចូលតារាថ្មីៗដែលជ្រើសរើសបានតួចតិចប៉ុណ្ណោះ ប៉ុន្តែសម្រាប់ភាពយន្តក្រោយគឺដាក់តួថ្មីអោយបានកាន់តែច្រើនតែម្ដង តែជ្រើសអ្នកមានសមត្ថភាព។

អ្នកនាង កែវ សុវណ្ណនី ផលិតករមួយរូបប្រចាំប៉ុស្ដិ៍លេខ៥ ក៏បានប្រកាសស្វែងរកតារាថ្មីៗដែលមានរូបសម្រស់ល្អ និងមានសមត្ថភាពខ្ពស់ ដើម្បីផ្ដល់ឱកាសអោយបានសម្ដែងជាមួយផលិតករថៃផងដែរ ដោយអ្នកនាងបញ្ជាក់ថាក្រុមអ្នកផលិតរឿងក្នុងក្រុមផលិតករថៃ កំពុងតម្រូវអោយអ្នកនាងស្វែងរកតារាថ្មីដើម្បីជំនួសអោយការសម្ដែងរបស់តារាចាស់ៗដដែល។ អ្នកនាងថាក្នុងពេលខាងមុខតារាថ្មីៗក្មេងៗច្រើននាក់ បូករួមទាំំងតួម្ដាយតួចំណាស់ដែលមិនធ្លាប់មានមុខផង នឹងត្រូវបានជ្រើសអោយសម្ដែងជាមួយផលិតករថៃ ហើយមិនយូរនោះទេនៅប៉ុស្ដិ៍លេខ៥នឹងចាប់ផ្ដើមបណ្ដុះតារាប្រចាំស្ថាប័នខ្លួនឯង ដើម្បីកុំអោយតួខ្លះថតមួយថ្ងៃច្រើនរឿង ហើយពិបាកទាំងពេលវេលា និងការបំពេញកាតព្វកិច្ច ព្រោះតែអាងថាខ្លួនល្បីស្រាប់។ អ្នកនាងទទូចអោយតារាថ្មីពង្រឹងសមត្ថភាពរបស់ខ្លួនអោយបានល្អ ដោយអ្នកនាងប្រកាសថាអោយតែតារាទាំំងនោះពិតជាអាចសម្ដែងបាន គឺនឹងបញ្ជ្រៀតចូលប៉ុស្ដិ៍លេខ៥ក្នុងក្រុមផលិតករថៃបានហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here