ចំណុចជាច្រើន កំពុងទាញទម្លាក់ប្រជាប្រិយភាព ខេមរៈ សិរីមន្ត

0

ក្រោយបោះជំហានចូលហង្សមាស គេកត់សម្គាល់ថាសន្ទុះទីផ្សាររបស់តារាចម្រៀងលោក ខេមរៈ សិរីមន្ត កាន់តែចុះខ្សោយជាងគូប្រជែងច្រើនឡើងៗ ដោយតារាចម្រៀងនៅក្នុង និងក្រៅផលិតកម្មខ្លះគេដើរទាន់លោក ដោយអាចនិយាយបានថាលោកលែងជាប់តំណែងជាខ្លាខ្លាំងដាច់គេ បន្ទាប់ពីលោក ព្រាប សុវត្ថិ ដូចមុនទៀតហើយ។

ចលករនៃការរិះគន់ម្ដងហើយម្ដងទៀត តាំងពីការលេងស្ទីលសក់ តាំងពីការតុបតែងខ្លួន តាំងពីការចោទថាលោកចម្លងក្បាច់ក្ងោកពីតារាចម្រៀងម៉ាដូណា និងការប្រកែកថាមិនធ្លាប់មានប្រពន្ធកូន បូករួមទាំងការប្រកែកថាប្អូនស្រី គឺខេមរៈ ស្រីពៅ មិនមានជំងឺធ្ងន់ធ្ងរដូចការលេចធ្លាយជាហូរហែរ សុទ្ធសឹងតែធ្វើអោយតារារូបនេះធ្លាក់ចុះទំនុកចិត្តពីមហាជនក្នុងនាមជាតារាកំពូលម្នាក់។ អ្នកវិភាគពីទីផ្សារសិល្បៈជាច្រើន កំពុងវិភាគថាប្រជាប្រិយភាពរបស់លោក ខេមរៈ សិរីមន្ត ស្ថិតក្នុងខ្សែប៉ារ៉ាបូលសំយ៉ុងចុះ បន្ទាប់ពីពេលកន្លងមកលោកក៏ត្រូវគេប្រដូចថាជាប៉ារ៉ាបូលដល់កំពូលដែលឡើងទៅលើលែងរួច។

ហេតុផលដែលនាំអោយមានការវិភាគបែបនេះ គឺបន្ទាប់ពីគេឃើញតារាចម្រៀងជាគូប្រជែងរបស់លោក បូករួមទាំំងតារាប្រុសជំនាន់ក្រោយច្រើននាក់ផង ឡើងសន្ទុះក្រឺតៗ ប៉ុន្តែបើងាកមករូបលោកវិញ គឺបទចម្រៀងចេញច្រើនតែមិនសូវទទួលបានការចាប់អារម្មណ៍ដូចមុន ហើយក្រឡេកទៅមើលទីផ្សារចេញច្រៀងក្នុងកម្មវិធីធំៗក្រៅពីការរៀបចំរបស់ហង្សមាស ក៏មានមិនច្រើន។

អ្នកគាំទ្រជាច្រើនយល់ថាការបាត់បង់ទំនុកចិត្តពាក់ព័ន្ធនឹងលោកកុហកមហាជនម្ដងជាពីរដង គឺជាអ្វីដែលធ្វើអោយលោកថមថយប្រជាប្រិយភាព ខណៈដែលការកុហកដែលបានធ្វើឡើងគឺសុទ្ធតែជារឿងដែលអ្នកគាំទ្រភាគច្រើនយល់ថាមិនគួរបិទបាំងដល់ម្លឹង។

មុនពេលទទួលស្គាល់ការពិត លោក និងបងប្រុស គឺ លោកខេមរៈ ភារុណ ធ្លាប់បានប្រកាសប្ដឹងចំពោះអ្នកសារព័ត៌មានមួយរូប គឺលោក សាន ប៊ុនធឿន ឡើងផ្អើលពិភពសិល្បៈ បន្ទាប់ពីអ្នកសារព័ត៌មានរូបនេះ បានសរសេរអត្ថបទមួយមុនគេថាលោកមានភរិយា ដែលការប្រតិកម្មរបស់លោកទាំំងពីរនៅក្នុងពេលនោះ គឺធ្វើអោយអ្នកគាំទ្រមិនតិចទេជឿតាម ហើយឈានដល់ការជេរប្រទិចចំពោះអ្នកសារព័ត៌មាន​យ៉ាងចាស់ដៃផង ​ថាអ្វីដែលបានចុះផ្សាយហូរហែរបន្ត​បន្ទាប់ គឺជារឿងបំផ្លើស។ លោក និងបងប្រុស រមែងធ្វើអោយអ្នកគាំទ្រស្លាប់ចិត្ត ជាមួយនឹងការប្រកែកថាគ្មានប្រពន្ធកូន និងកាន់តែស្លាប់ចិត្តខ្លាំងឡើង នៅពេលលោកខេមរៈ សិរីមន្ត ប្រាប់ថា មិនទាន់ចង់គិតគូររឿងស្នេហាទេ ដោយសាររតែចង់កសាងកេរ្តិ៍ឈ្មោះអោយរឹងមាំសិន។

ប្រសិនបើនេះ មិនមែនជាសម័យហ្វេសប៊ុក ប្រសិនគ្មានអ្នកកាច់កុងលោកទម្លាយអោយដឹងពីមុខមាត់ភរិយា និងកូនរបស់លោក ប្រហែលលោកនឹងនៅតែបន្តលាក់បាំងមហាជនជុំវិញរឿងនេះមិនទាន់ទទួលស្គាល់ឡើយ។ លោកក៏តែងប្រកែកថាតារាចម្រៀង កញ្ញា ខេមរៈ សិរីមន្ត មិនមានបញ្ហាសុខភាពធ្ងន់ធ្ងរ ដូចអ្វីដែលបានលេចឮជាហូរហែរកន្លងមកនោះដែរ ទើបគ្រាន់តែមានដំណឹងថា តារាចម្រៀង កញ្ញា ខេមរៈ ស្រីពៅ ទទួលមរណភាព គឺ ម្នាក់ៗហួសចិត្ត។ ការបិទបាំងរឿងរ៉ាវធំៗម្ដងរបស់​លោកជាពីរដង គេកត់សម្គាល់ថាបានធ្វើអោយប៉ះពាល់ដល់ប្រជាប្រិយភាពរបស់លោក ដោយធ្វើអោយ លោកខេមរៈ សិរីមន្ត ធ្លាក់ចុះការគាំទ្រ ​ហើយមានការ​រិះគន់ពីក្រោយខ្នងទៅទៀត។

អ្នកតាមដានវិភាគថា ការពិតផលិតកម្មហង្សមាសប្រឹងប្រែងផលិតបទចម្រៀងអោយលោកល្អៗខ្លាំងណាស់ ប៉ុន្តែបទចម្រៀងទាំងនោះហាក់ទទួលបានការគាំទ្រតិច ដែលអាចបណ្ដាលមកពីលោកធ្វើអោយអ្នកគាំទ្រមួយចំនួន ចាប់​ផ្ដើម​អស់កម្លាំងចិត្ត​។ ប្រភពពីអ្នករៀបចំកម្មវិធីជាច្រើនព្រលយថា កាលពីមុនអោយតែបានតារាចម្រៀងលោក ខេមរៈ សិរីមន្ត ទៅច្រៀង គឺទោះជាខាងអ្នករៀបចំ​​ត្រូវចំណាយ​ខ្ទង់​ប៉ុន្មាន ក៏ត្រូវតែយកអោយបានដាច់ខាត ប៉ុន្តែរយៈពេលចុងក្រោយ គឺមិនដូចមុនទេ ដោយគេកត់សម្គាល់ថាលោកចាប់ផ្ដើមរបូតទីផ្សារចេញច្រៀងនៅតាមខេត្តក្រុងដែលធ្លាប់ក្រសោបបានអស់ជាច្រើន ដោយនៅតែទីផ្សារចេញច្រៀងដែលរៀបចំដោយហង្សមាសប៉ុណ្ណោះ។ សូម្បីតែឱកាសបង្ហាញមុខថតស្ពតធំៗដូចគ្រាមុន និងឱកាសអញ្ជើញអោយចេញច្រៀងនៅក្រៅប្រទេសធំៗ ក៏មិនសូវឃើញមាននោះដែរ បើធៀបនឹងរយៈពេលមុនពេលទទួលស្គាល់ថាមានប្រពន្ធកូន ហើយមានមនុស្សជាច្រើនជឿតាម។

លោក ខេមរៈ សិរីមន្ត ត្រូវគេសង្ស័យថាហង្សមាស មិនទាន់ដាក់អោយចេញមុខក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកដូចគ្នានឹងកំពូលតារាមួយចំនួន អាចជារឿងពាក់ព័ន្ធនឹងការចុះខ្សោយប្រជាប្រិយភាពនេះ។ ប្រភពជាច្រើនយល់ស្របគ្នាថា តារាច្រើនណាស់ក្រោយជួបស្ថានភាព​ប្រហាក់ប្រហែលលោក គឺរមែងពិបាកស្ដារប្រជាប្រិយភាពមកវិញ ដោយទោះជាខំបញ្ចេញស្ទីលអ្វី បញ្ចេញបទល្អយ៉ាងណាក៏សន្ទុះគាំទ្រ នៅតែមានកម្រិត។ លោកខេមរៈ សិរីមន្ត ក៏ត្រូវកត់សម្គាល់ថា គឺជាតារាចម្រៀងល្បីល្បាញតែម្នាក់ ដែលកម្របង្ហាញខ្លួនទទួលច្រៀងក្នុងកម្មវិធីសប្បុរសធម៌ ដែលមិនបានតម្លៃខ្លួនផងដែរ ទើបបណ្ដោយអោយទីផ្សារសិល្បៈរបស់លោករអិលចូលដៃតារាមួយចំនួន ដោយមិនដឹងខ្លួន។ យ៉ាងណាមិញ គេនៅតែរំពឹងថាលោកនឹងមិនមានវាសនាដូចតារាដែលល្បីខ្លាំងមួយចំនួន ហើយស្រាប់តែធ្លាក់កូដដែលគេបានឃើញនោះទេ ដោយសារតែលោកក៏មានបងប្រុសជាជន្ទល់ក្នុងការផលិតបទអោយ ជាតារាដែលមានជីវភាពឡូយឆាយ មានជំនួញទឹកអប់ មានជំនួញដីធ្លី ក្នុង​ដៃ ដែលមានលទ្ធភាព​គ្រប់គ្រាន់ធ្វើអោយខ្លួន​លោក​​​​ផ្ទុះ​​ដោយមិន​​ពិបាក​៕

LEAVE A REPLY

Please enter your comment!
Please enter your name here