រឿង«អង្រឹង» សម្ពោធដាក់បញ្ចាំង ផ្លូវការ

0

កាលពីល្ងាចថ្ងៃទី៥ កុម្ភៈ ផលិតកម្មLD បានសម្រេចដាក់សម្ពោធភាពយន្តរឿង«អង្រឹង»ដែលសម្ងំផលិតអស់ច្រើនខែជាផ្លូវការ នៅរោងកុនទំនើបនៅបឹងកក់ ដោយក្នុងពិធីនោះគេឃើញមានវត្តមានតារាចាស់ថ្មី និងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។ នេះជាភាពយន្តរន្ធត់គួរអោយចាប់អារម្មណ៍មួយថ្មី ដែលនិយាយថាពីវិញ្ញាណខ្មោចស្រីត្រូវគេសម្លាប់នៅនឹងអង្រឹង ដោយឈុតឆាកក្នុងរឿងក៏គួរអោយខ្លាច ហើយសំបូរឈុតពញាក់អារម្មណ៍។

ភាពយន្តដែលជាស្នាដៃរបស់ផលិតកម្មLD នេះ ត្រូវបានម្ចាស់ផលិតកម្ម លោក លៀល លីដា បង្ហាញពីការរំពឹងយ៉ាងខ្លាំង បើទោះជាមុននេះប៉ុន្មានថ្ងៃភាពយន្តខ្មែរ៣គឺរឿង«អន្ទងវិញ្ញណ» រឿង«ចិញ្ចៀន» និងរឿង«ម៉ាដាមអាប» ទើបតែបានដាក់បញ្ចាំងលក់សំបុត្រ ហើយទទួលបានការគាំទ្រ។ ម្ចាស់ផលិតកម្មរូបនេះបានអះអាងថា លោកជាស្នាដៃថ្មីនេះ នឹងមានអ្នកគាំទ្រទស្សនាភាគច្រើន ដោយសារសម្អាងថានេះជាស្នាដៃរបស់ផលិតកម្ម LD ដែលមានការគាំទ្រខ្ពស់រួចមកហើយ និងដោយសារតែរឿងទាំងមូលក៏មានសាច់រឿងប្លែក ហើយសំបូរដោយឈុតរន្ធត់ៗ។ លោកថាមួយរឿងនេះ ផលិតកម្មសម្រិតសម្រាំងគុណភាពខុសពីរឿងមុនៗ ខណៈដែលតួសម្ដែងទៀតសោត ក៏លោកផ្លាស់ប្ដូរខុសពីរឿងមុនៗ ដើម្បីកុំអោយអ្នកគាំទ្រស៊ាំភ្នែក។ លោកថាមួយរឿងនេះ លោកចំណាយប្រហាក់ប្រហែលនឹងរឿងមុនៗ ប៉ុន្តែអ្វីដែលពិសេសលើសមុន គឺរស់ជាតិផ្ទៃរឿង និងភាពរន្ធត់។ បើចំណែករឿងប្លង់ សំឡេង និងគុណភាពស្ដង់ដារលោកថាមហាជនពិតជាទទួលស្គាល់ភាពយន្តរបស់ LD រួចហើយ ទើបលោករំពឹងកាន់តែច្រើនថាខ្លួននឹងកើបចំណូលបានច្រើនមិនខុសពីរឿងមុនៗ។ លោកនិយាយថា«ធម្មតាយើងផលិតរឿង យើងមានក្ដីសង្ឃឹមរួចទៅហើយ ថានឹងទទួលជោគជ័យ ប៉ុន្តែសម្រាប់ជាក់ស្ដែងគឺចាំមើលសិន…តែសម្រាប់ខ្ញុំ គឺមានចំណុចច្រើនដែលខ្ញុំយល់ថារឿងនេះនឹងស៊ីលលុយ!»។

លោក លៀក លីដា បញ្ជាក់ថាភាពយន្តនេះសម្រេចចិត្តដាក់បញ្ចាំងលក់សំបុត្រនៅថ្ងៃទី៧ កុម្ភៈ ដោយក្នុងថ្ងៃសម្ពោធដាក់បញ្ចាំងគឺភ្ញៀវមកចូលរួមទស្សនាច្រើនលើសពីការរំពឹងទុក ទើបធ្វើអោយសាលដែលត្រៀមសម្រាប់ទស្សនានៅក្នុងពេលនេះ អស់សំបុត្រអោយភ្ញៀវចូល។ នៅក្នុងថ្ងៃសម្ពោធនោះ លោកថាអញ្ជើញតារាសិល្បៈ និងភ្ញៀវកិត្តិយសប្រហាក់ប្រហែលគ្នា ខណៈដែលតារាដែលបង្ហាញខ្លួនរួមមាន អ្នកនាង ស្វែង សុជាតា លោក ភឹម តារាវិបុល លោក ស៊ីនី កញ្ញាយ៉េយ៉េ អ្នកស្រី ចាន់ សោភ័ណ្ឌ លោក រ៉ូណាន់ លោកលាង ឧត្តម និងលោក សឿន វីតា ជាដើម។

LEAVE A REPLY

Please enter your comment!
Please enter your name here