ហេតុផលតែមួយគត់! យុគ ចិន្តា ធ្វើបុណ្យឲ្យម្ដាយដល់កោះក្របី

0

កាលពីថ្ងៃទី២ កុម្ភៈ ពិធីការិនីល្បីល្បាញអ្នកនាង យុគ ចិន្តា បានធ្វើពិធីបុណ្យចំរើនព្រះជន្ម និងបុណ្យកត្តញូជូនដល់ម្ដាយរបស់អ្នកនាងយ៉ាងអធឹកអធមនៅវត្តគល់ទទឹង ស្ថិតនៅកោះក្របី ខណៈដែលអ្នកនាងគឺជាអ្នកស្វាយរៀង ហើយម្ដាយរបស់អ្នកនាងក៏រស់នៅតែនៅអាមេរិក ប៉ុន្តែបែរជាធ្វើបុណ្យធំនៅទីនោះ។ អ្នកនាងបានបញ្ជាក់អោយដឹងពីមូលហេតុមួយដែលនាំអោយម្ដាយរបស់នាង និងអ្នកនាងសម្រេចចិត្តជ្រើសយកទីវត្តនោះដើម្បីធ្វើបុណ្យ។
អ្នកនាង យុគ ចិន្តា បានថ្លែងបញ្ជាក់ថា ម្ដាយរបស់អ្នកនាងគឺអ្នកស្រី ខឹម ផល្លី រស់នៅសហរដ្ឋអាមេរិកអស់ជាច្រើនឆ្នាំមកហើយ ដោយក្នុងមួយឆ្នាំអ្នកស្រីចុះមកលេងស្រុកខ្មែរតែ២ ទៅ៣ខែតែប៉ុណ្ណោះ។ ដោយឡែកឆ្នាំនេះ ម្ដាយរបស់អ្នកនាងបានចុះមកប្រមាណជា២ខែហើយ ដោយគ្រោងទៅវិញឆាប់ៗ ហើយដោយអ្នកនាងនឹកចង់ធ្វើពិធីបុណ្យចំរើនព្រះជន្ម និងបុណ្យកត្តញូជូនអ្នកម្ដាយ ក៏ស្រាប់តែអ្នកម្ដាយជ្រើសយកវត្តគល់ទទឹងនៅកោះក្របី ដើម្បីជាទីរៀបចំ។ អ្នកនាងថាទីនេះមិនមែនជាស្រុកកំណើតនោះទេ ហើយក៏មិនមែនជាវត្តដូនតានោះដែរ ប៉ុន្តែដោយសារតែពេលចុះមកលេងកម្ពុជាម្ដាយរបស់អ្នកនាងធ្លាប់មកធ្វើបុណ្យ ហើយក៏ជាប់ចិត្តនឹងទីអារ៉ាមនេះ ទើបម្ដាយរបស់អ្នកនាងរមែងមកតាំងធម៌នៅក្នុងវត្តនេះជាប្រចាំគ្រប់ពេលម្ដាយរបស់អ្នកនាងចុះមកលេងស្រុកខ្មែរ។ ជាក់ស្ដែងក្នុងដំណើរចុះមកលេងស្រុកខ្មែរលើកនេះ ម្ដាយរបស់អ្នកនាងនៅតែវត្តគល់ទទឹងប៉ុណ្ណោះ ដើម្បីសុំសីល ទើបក្នុងពេលអ្នកនាងរៀបចំធ្វើបុណ្យកត្តញូ និងបុណ្យចំរើនព្រះជន្មជូន ក៏ត្រូវអ្នកម្ដាយជ្រើសយកវត្តគល់ទទឹង ដោយមិនជ្រើសយកផ្ទះរបស់អ្នកនាង ឬនៅស្រុកកំណើតឯខេត្តស្វាយរៀង។ អ្នកនាងថាម្ដាយរបស់ខ្លួនមានវ័យ៦៧ឆ្នាំហើយ ប៉ុន្តែដោយសារតែអ្នកស្រីរស់នៅតែអាមេរិក ទើបអ្នកស្រីមើលទៅក្មេងជាងវ័យ ហើយមានសុខភាពរឹងមាំ។
នៅក្នុងពិធីបុណ្យនាថ្ងៃនោះ អ្នកនាងបានអញ្ជើញតារាសិល្បៈតែមួយចំនួនប៉ុណ្ណោះ តែបណ្ដាភ្ញៀវភាគច្រើនបានបង្ហាញវត្តមាន ដោយក្នុងថ្ងៃនោះគឺឃើញមានវត្តមាន លោក កុយ ស៊ីឌឿន ម្ចាស់ផលិតកម្មឌីភី, លោកឧកញ៉ាតូនី, អ្នកនាង ប៉េងប៉ោង, កញ្ញាឌួង ហ្សូរីដា, អ្នកនាងគីង សូរិយា, កញ្ញា ញឹម ចាន់ថន, អ្នកនាងកាតុ, អ្នកនាងគង់ សុជាតិ, លោកយ៉ែម សំអូន, លោកភុល សុវណ្ណដានីន, លោកអេឡិច ចាន់ត្រា, កញ្ញាពៅ លីដា និងតារាចាស់ថ្មីមួយចំនួនផ្សេងទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here