តួអង្គសំខាន់ៗក្នុងរឿង«ម៉ាដាមអាប» Surprise ហ្វេន ដល់រោង

0

ពេញមួយរសៀលរហូតដល់ល្ងាចថ្ងៃទី៣ កុម្ភៈ តួអង្គសំខាន់ៗក្នុងរឿង«ម៉ាដាមអាប»ត្រូវគេឃើញចុះទៅដល់រោងកុន ដើម្បីញញាក់អារម្មណ៍អ្នកទស្សនាតែម្ដង ខណៈដែលតួអង្គទាំំងនោះសុទ្ធតែបានតែងខ្លួនដូចគ្នាបេះបិទនឹងការសម្ដែងក្នុងរឿង ដែលការបង្ហាញខ្លួនរបស់តួអង្គទាំង៣ សុទ្ធតែធ្វើអោយគ្នាគាំទ្រចាប់អារម្មណ៍ និងទ្រហ៊ោស្រែកពេញរោង ព្រោះតែតួអង្គខ្មោចទាំង៣សុទ្ធតែតែងខ្លួនគួរអោយខ្លាច លើតែតួអង្គកញ្ញា ញឹម ចាន់ថន ដែលតែងតួជាអាបស្អាតនោះ។
សកម្មភាពចុះទៅញញាក់អារម្មណ៍ដល់រោងនៅក្នុងពេលនោះ គេឃើញមានតួអង្គខ្មោចអារក្សព្រៃ តួអង្គព្រាយដើមចេកជ្វា និងតួអង្គអាបកញ្ញា ញឹម ចាន់ថន ខណៈដែលតួអង្គខ្មោចៗសំខាន់ៗទាំង៣ ក្រៅពីឈរកាច់រាងអោយអ្នកគាំទ្របានថតជាមួយយ៉ាងស្និទ្ធស្នាល ក៏បានចូលទៅញញាក់អារម្មណ៍ដល់អ្នកទស្សនាក្នុងរោង ធ្វើអោយម្នាក់ៗស្រែកព្រោះតែភ្ញាក់នៅពេលឃើញតួអង្គក្នុងកុនស្រាប់តែចេញមកច្រង៉ាងនៅខាងក្រៅនោះផងដែរ។ លោកហួរ សុផល ហៅ សិរី ម្ចាស់ផលិតកម្មក្លាស៊ិក ដែលបានផលិតរឿង«ម៉ាដាមអាប» បានអះអាងថា ហេតុផលដែលលោកសម្រេចចិត្តដឹកនាំតួអង្គសំខាន់ៗទាំង៣ទៅពញាក់អារម្មណ៍អ្នកទស្សនាដល់រោង គឺដោយសារតែភាពយន្តនេះ ចាប់តាំងពីបានដាក់បញ្ចាំងលក់សំបុត្រកាលពីថ្ងៃទី៣១ មករា គឺមានអ្នកទស្សនាគ្រប់ម៉ោងដែលបានកំណត់ ដោយសូម្បីតែម៉ោងស្អុយកម្រិតណាក៏មានអ្នកទស្សនា២០ទៅ៣០នាក់នោះដែរ។ មកទល់ពេលនេះ លោកថាភាពយន្តរឿង«ម៉ាដាមអាប»បានទទួលការគាំទ្រគួរអោយកត់សម្គាល់ពីអ្នកទស្សនា ដោយអ្នកខ្លះសម្រេចចិត្តទៅទស្សនា២ដងព្រោះតែភាពជក់ចិត្តនោះផងដែរ។ អ៊ីចឹងហើយទើបលោកកាន់តែមានកម្លាំងចិត្តជាមួយនឹងស្នាដៃរឿង«ម៉ាដាមអាប»ដោយបានប្រកាសថាភាពយន្តមួយនេះ នឹងបន្តដាក់បញ្ចាំងក្នុងរោងរហូតដល់ក្រោយថ្ងៃទី១៤ កុម្ភៈ ទិវារនៃក្ដីស្រឡាញ់។ លោកថាក្រោយអំឡុងបុណ្យចូលឆ្នាំចិន តួអង្គសំខាន់ក្នុងរឿង នឹងចុះទៅពញាក់អារម្មណ៍អ្នកទស្សនាដល់រោងជាថ្មីម្ដងទៀត ដើម្បីអោយអ្នកទស្សនាបានថតរូប និងបង្ហាញសកម្មភាពស្និទ្ធស្នាលដោយផ្ទាល់ជាមួយនឹងតួសម្ដែង។ លោកប្រកាសថាភាពយន្តនេះ អាចនឹងមានវគ្គ២ បន្ទាប់ពីឃើញវគ្គ១ទទួលបានការគាំទ្រក្នុងប៉ុន្មានថ្ងៃតាំងពីបានលក់សំបុត្របែបនេះ។
យោងតាមការកត់សម្គាល់នៅលើសង្គមហ្វេសប៊ុកក្នុងចំណោមអ្នកបានទស្សនាភាពយន្តរឿង«ម៉ាដាមអាប» បើទោះជាមានអ្នកខ្លះបង្ហាញការរីះគន់ថាភាពយន្តនេះខ្វះចន្លោះ ប៉ុន្តែបើក្រឡេកទៅមើលកម្រិតសរសើរគឺច្រើនមិនធម្មតា។ ម្នាក់ៗលើកឡើងថា នេះជាភាពយន្តដែលធ្វើអោយអ្នកទស្សនាសើចសប្បាយ និងជារឿងដែលមានរសជាតិប្លែក បើធៀបនឹងភាពយន្តកំប្លុកកំប្លែងផ្សេងទៀត។ ភាពយន្តនេះ ក៏ត្រូវបានបណ្ដារោងភាពយន្តទុកម៉ោងអោយល្អៗ ព្រោះតែមានអ្នកគាំទ្រកុះករ ចាប់តាំងពីដាក់បញ្ចាំងលក់សំបុត្រ។ ភាពយន្តនេះ ក៏គម្រោងនឹងវាយលុកបណ្ដាខេត្តមួយចំនួនផងដែរ ដូចជាកំពង់ចាម បាត់ដំបង និងខេត្តផ្សេងៗដែលមានរោងភាពយន្តសម្រាប់ដាក់បញ្ចាំងជាដើម៕


LEAVE A REPLY

Please enter your comment!
Please enter your name here