រុន ណាកូ បែកគូដណ្ដឹង ក្នុងពេលមន្ទិលជាមួយដៃគូសម្ដែងលេចឡើង

0

ពិតជាមានការចាប់អារម្មណ៍មិនតិចនោះទេ ក្នុងពេលដែលតារាសម្ដែង លោក រុន ណាកូ ស្រាប់តែខ្ជាក់ពាក្យថា ខ្លួនពិតជាបែកបាក់ជាមួយគូដណ្ដឹងដែលលោកធ្លាប់បានប្រកាសថាគឺជានិស្សិតវ័យស្របាលខ្លួនក្រោមការផ្សំផ្គុំរបស់ចាស់ទុំទាំងសងខាងនោះហើយ មុនពេលដែលលោកសម្រេចចិត្តស្និទ្ធស្នាលជាថ្មីជាមួយដៃគូសម្ដែងចាស់ គឺ កញ្ញា ទេព មុន្នីរក្សា។ លោក និង ដៃគូសម្ដែងបង្ហាញសកម្មភាពស្វីតៗមិនខ្លាចការប្រមាញ់ពីកាមេរ៉ា ស្ទើរតែលើសពីគូស្នេហ៍ទៅទៀត។

ក្នុងពិធីសម្ពោធរឿង«អន្ទងវិញ្ញាណ»របស់ផលិតកម្មWonderfilm Cambodia កាលពីថ្ងៃទី២២ មករា គ្មានអ្នកណាមិនកត់សម្គាល់ថានោះទេ ថាតារាសម្ដែងលោក រុន ណាកូ ច្រាសច្រាលរង់ចាំស្រីស្អាតតូចច្រលឹងកញ្ញា ទេព មុន្នីរក្សា មិនខុសពីមាន់រកពង ក្នុងពេលដែលនាងស្ទះផ្លូវហើយមកមិនទាន់។

គ្រាន់តែនាងបង្ហាញខ្លួននៅក្នុងពិធីសឹងតែឡើងមិនដល់វេទិកាប្រារព្ធកម្មវិធីផង គេឃើញតារាទាំងពីររត់រកគ្នាដូចចាក់មិនលិច ខណៈដែលអ្នកទាំងពីរក៏មិនខ្លាចពីការប្រមាញ់របស់អ្នកកាសែតជុំវិញទំនាក់ទំនងស្និទ្ធស្នាលនៅក្នុងថ្ងៃនោះ។

ជាមួយនឹងសំណួរចាក់ដោតថាបើលោកស្និទ្ធស្នាលជាមួយកញ្ញា ទេព មុន្នីរក្សា យ៉ាងនឹង តើខ្លាចគូដណ្ដឹងឆេះដុំទេឬ? តារាសម្ដែងលោក រុន ណាកូ បានសារភាពដោយឥតលាក់លៀមថារវាងលោកនឹង គូដណ្ដឹងសម្រេចចិត្តដើរផ្លូវរាងខ្លួនប្រមាណជិតមួយខែមកហើយ ទើបលោកយល់ថាខ្លួនមានសេរីភាពគ្រប់គ្រាន់សម្រាប់ការងារសិល្បៈ ដោយចង់សំដៅថាមិនខ្លាចនឹងបណ្ដើរ ឬកៀកកើយជាមួយតារាស្រីណាមួយនៅក្នុងការងារសិល្បៈទៀតឡើយ។ យ៉ាងណាមិញ លោកថារវាងខ្លួន និងកញ្ញា ទេព មុន្នីរក្សា នៅមិនទាន់មានអារម្មណ៍ស្រឡាញ់គ្នានោះទេ ដោយគ្រាន់តែមានអារម្មណ៍ចូលចិត្តគ្នាច្រើនឡើងៗ តែបានសារភាពថាបើបានបណ្ដើរគ្នាទៅណាមកណា គឺហាក់មានភាពកក់ក្ដៅ។

កញ្ញា ទេព មុន្នីរក្សា និយាយថា កាលពីមុនមានដំណឹងថាលោករុន ណាកូ មិនទាន់បែកស្នេហ៍ជាមួយគូដណ្ដឹងនាងគ្រាន់តែហ៊ានស្និទ្ធិស្នាលជាមួយតារាវ័យក្មេងរូបនេះក្នុងនាមសិល្បៈប៉ុណ្ណោះ ប៉ុន្តែនៅពេលដឹងថាលោកបានក្លាយជាមនុស្សលែងមានសម្ពាធគឺធ្វើអោយនាងកាន់តែហ៊ានស្និទ្ធិស្នាលដោយសារតែមានអារម្មណ៍ចូលចិត្ត។ យ៉ាងណាមិញ នាងបានថ្លែងស្រដៀងលោកណាគូថា នៅមិនទាន់ដឹងថាអារម្មណ៍ចូលចិត្តដែលបានកើតឡើងគឺជាអារម្មណ៍ស្នេហា ឬគ្រាន់តែចង់ស្និទ្ធស្នាលដើម្បីអោយកាន់តែយល់ចិត្តគ្នាក្នុងការរាប់អាននោះទេ ក្នុងពេលដែលនាងក៏បានប្រកាសថាខ្លួនមិនទាន់រកឃើញបុរសណាម្នាក់ជាម្ចាស់បេះដួង។

នៅក្នុងពិធីនោះ គេឃើញតារាវ័យក្មេងទាំងពីរកៀកដៃដូចគូស្នេហ៍ ស្របគ្នាដែលមានការចំអន់ច្រើនឡើងថាមួយគូនេះ បើអាចស្រលាញ់គ្នាមែនទែនគឺពិតជាស័ក្ដសម។ លោករុន ណាកូ និយាយថាខ្លួនមិនទាន់ចង់មានស្នេហាថ្មីជំនួសអោយគូដណ្ដឹងនោះឡើយ ដោយសារតែទំនាក់ទំនងរវាងលោក និងគូដណ្ដឹងដ្បិតថាបានសម្រេចចិត្តបញ្ចប់គ្នា តែអនុស្សាវរីយ៍គឺនៅក្ដៅៗដែលធ្វើអោយលោកមិនទាន់អាចបំភ្លេចបាន និងយល់ថាមិនទាន់ចង់បានគូស្នេហ៍មកជាប់ដៃជាប់ជើងក្រោយបែកបាក់អ្នកចាស់បែបនេះនោះឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here