សែម វិសាល ប្រកាសពីហានិភ័យភាពយន្តខ្មែរ

0

ខណៈដែលមហាជនភាគច្រើនយល់ថា ភាពយន្តខ្មែរនាពេលបច្ចុប្បន្នមានការរីចំរើន ព្រោះមិនខ្វះស្នាដៃដាក់បញ្ចាំងក្នុងរោង និងដាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍នោះ លោក សែម វិសាល ដែលជាអគ្គលេខាធិការសមាគមន៍ភាពយន្តកម្ពុជា និងជាម្ចាស់ផលិតកម្ម Wonderfilm Cambodia បែរជាអះអាងថា វិស័យមួយនេះកំពុងតែបន្តដួលសន្លប់គួរអោយបារម្ភទៅវិញ។ លោកបានបង្ហោះសារអោយបណ្ដាផលិតករប្រុងប្រយ័ត្នពីហានិភ័យមួយនេះ ដោយលោកប្រកាសជាច្រើនលើកហើយថា វិស័យភាពយន្តខ្មែរ នឹងចុះខ្សោយយ៉ាងគំហ៊ុក ប្រសិនបើខ្វះការបនរឹងប្រែងពីក្រុមផលិតករ។

លោក សែម វិសាល បានសរសេរបង្ហោះថា”វិស័យភាពយន្តខ្មែរបច្ចុប្បន្ន កំពុងតែត្រដរខ្យល់ សូមផលិតករខ្មែរ ប្រុងប្រយ័ត្នខ្ពស់ចំពោះគំរោងផលិត ព្រោះទីផ្សារភាពយន្តយើងសព្វថ្ងៃ ត្រូវបានគ្របដណ្ដប់ដោយទីផ្សារភាពយន្តបរទេស ។ ក្នុងនាមខ្ញុំជាផលិតករខ្មែរមួយរូប ខ្ញុំសូមសម្ដែងការកោតសសើរចំពោះ រៀមច្បង និងផលិតករខ្មែរទាំងអស់ដែលបានលះបង់ប្រាក់កាស ពេលវេលា បេះដូង មិនខ្លាចនឿយហត់ ទោះផលិតទៅបានល្អ ឬ មិនល្អ ក៏នៅតែតាំងចិត្តកសាងខ្លួនទៅមុខទៀត។ នេះជាភាព អង្គអាចដ៍គួរអោយសរសើរ អ្នកទាំងអស់គ្នា ជាធនធានពិតប្រាកដ ដែលបាន វិនិយោគយ៉ាងធំធេងសម្រាប់វិស័យភាពយន្តក្នុងស្រុក ខ្ញុំជឿជាក់ថា ទស្សនិកជនក្នុងនាម សញ្ជាតិតែមួយនឹងយល់លើកត្តានេះ តស៊ូទៅមុខទៀតដើម្បីវិស័យភាពយន្តយើង ?”។ លោកធ្លាប់បញ្ជាក់ថា ភាពយន្តនាពេលបច្ចុប្បន្នមិនមែនងាយស្រួលផលិតកើបលុយនោះទេ គឺត្រូវពុះពារសម្បើមណាស់ ដោយមានរឿងខ្លះផលិតដាក់បញ្ចាំងរួចហើយរកដើមមិនឃើញនោះផង។ លោកថា ផលិតករមិនតិចនាក់នោះទេ ដែលបន្តបិទចោលផលិតកម្ម ឬ កាត់បន្ថយការផលិត ដោយតស៊ូចំណាយធនធានធ្វើរឿង ក៍ព្រោះតែការស្រលាញ់។ យ៉ាងណាមិញ លោកនៅប្រកាន់ជំហរមិនបន្ទោសចំពោះទស្សនិកជន មិនគាំទ្រភាពយន្តខ្មែរ អោយដូចគ្នានឹងភាពយន្តបរទេសនោះទេ ដោយលោកបញ្ជាក់ថា មនុស្សក្នុងសម័យនេះ មិនត្រឹមតែចេះមើលកុននោះ គឺចេះដល់វិភាគកុនថាល្អ ឬ មិនល្អ ថាត្រូវបច្ចេកទេស ឬ មិនត្រូវបច្ចេកទេសទៅទៀត ដូច្នេះវាប្រាកដណាស់ថា ដែលផលិតករគ្រប់រូប ត្រូវតែយកចិត្តទុកដាក់លើគុណភាពអោយខ្លាំង ដោយខ្វះខាតបច្ចេកទេសចំណុច លោក និងបណ្ដាផលិតករផ្សេងទៀត ប្រចាំសមាគមន៍ រីករាយសហការ ដើម្បីកុំអោយភាពយន្តដែលចេញរូបរាងអន់។

លោក សែម វិសាល បននថែមថា បើសិនបើទស្សនិកជនមួយក្រុម ទិញសំបុត្រប៉ះចំភាពយន្តដែលខ្វះគុណភាព ឬហៅយ៉ាងខ្លីថា មើលមិនកើត គឺមិនមែនប៉ះពាល់តែភាពយន្តខ្លួនឯងនោះ នឹងជះឥទ្ធិពលដល់ភាពយន្តខ្មែរផ្សេង ស្របគ្នាមានអ្នកវាយតម្លៃច្រើនមកហើយ ថារឿងខ្មែរមើលមិនកើត ដោយសារតែទិញសំបុត្រទស្សនា ប៉ះចំភាពយន្តមិនល្អ។ លោកថាផលិតករ មិនអាចមានបានពីការផលិតរឿងនោះទេ ប៉ុន្តែបើហ៑ានចំណាយផលិតភាពយន្តមួយឲ្យមានគុណភាព ហើយធ្វើអោយអ្នកចូលចិត្តមើលកុន នោះទាក់ទាញមហាជនបានច្រើនដោយមិនពិបាក ដែលច្បាស់ណាស់ថា នឹងបានទាំងកិត្តិយស និងផលចំណេញ មិនចាញ់ភាពយន្តបរទេសនោះទេ។ អុីចឹងហើយ ទើបលោកទទូចអោយយកចិត្តទុកដាក់លើសាច់រឿង និងគុណភាពទាំងមូល ដើម្បីកុំអោយភាពយន្តមិនល្អ សម្លាប់ទំនុកចិត្តអ្នកគាំទ្រ នៅក្នុងកាលៈទេសៈនេះទៀត។

លោក សែម វិសាល និយាយថា ភាពយន្តខ្លះ បញ្ចាំមិនបានមួយអាទិត្យផងក៍ត្រូវទម្លាក់ចោល ដូច្នេះហានិភ័យនឹងមានច្រើនណាស់ ប្រសិនយកលុយទៅផលិតរឿងមិនល្អ ដែលអ្នកទស្សនាទិញសំបុត្រចូលមើលហើយ ក៍បោះសម្ដីតគ្នា ធ្វើអោយអ្នកមើលក្រោយៗលែងចង់ទស្សនារឿងខ្មែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here