ក្រៅពីខាត់ សុឃីម ហង្សមាស និងកំពូលតារាហង្សមាសស្ងាត់ឈឹង! ករណី ទេព បូព្រឹក្ស

0

មានការកត់សម្គាល់យ៉ាងខ្លាំង ខណៈដែលតារាស្ទើរតែទូទាំងប្រទេសបានបង្ហោះប្រតិកម្មដើម្បីអោយមានការអន្តរាគមន៍ជួយដល់តារាចម្រៀងកញ្ញា ទេព បូព្រឹក្ស ដែលរងហិង្សារ និងការប្រមាថធ្ងន់ធ្ងរ ស្រាប់តែស្ថាប័នហង្សមាស ក៏ដូចជាកំពូលតារាហង្សមាសស្ងាត់ដូចចោរលួចសេះ គិតត្រឹម​​​​រសៀលថ្ងៃទី​២៦ ធ្នូ ដោយឃើញមានតែតារាចម្រៀងអ្នកនាង ខាត់ សុឃីម ម្នាក់គត់ ដែលចេញមុខប្រតិកម្ម។ សកម្មភាពស្ងប់ស្ងាត់របស់ហង្សមាស និងកំពូល​តារាហង្សមាស ត្រូវបានគេគិតថាទំនងជាសម្ងំស្វែងរកចំណាត់ការដែលមានប្រសិទ្ធិភាពជួយនាង ប៉ុន្តែក៏ត្រូវគេប៉ាន់ស្មានថាប្រហែលជាគេមិនចង់លូកដៃដោយយល់ថានោះជារឿងឯកជន។

អ្នកលេងហ្វេសប៊ុកជាច្រើន កំពុងចោទសំណួរថាហេតុអ្វីហង្សមាស និងកំពូល​តារាហង្សមាស មិនមានអ្នកណាម្នាក់ចេញមុខប្រតិកម្មទាល់តែសោះក្រៅពីអ្នកនាងខាត់ សុឃីម ដែលតាមដានផង បង្ហោះផងប្រតិកម្មចំពោះករណីដែលបានកើតឡើងលើតារាចម្រៀងទេព បូព្រឹក្ស។ កំពូល​តារាហង្សមាសល្បីៗ​​​មិនត្រូវគេឃើញបំផុស​​​​អោយមានការ​​​​ស្វែងរកយុត្តិធម៌ជួយដល់ទេព បូព្រឹក្សនោះទេ ខណៈដែលស្ថាប័នព័ត៌មានហង្សមាស ជាពិសេសកម្មវិធីព័ត៌មានពេលព្រឹកដ៏ពេញនិយមរបស់ហង្សមាស ក៏មិនខ្វល់ពីការលើកយកប្រធានបទ​នេះ​យកមកនិយាយ។ នៅមិនទាន់ដឹងពីមូលហេតុថាអ្វីដែលនាំអោយរឿងរ៉ាវមួយនេះ មិនត្រូវបានហង្សមាស និងកំពូល​​តារាហង្សមាសឈឺឆ្អាល​​ភ្លាមៗនោះទេ ប៉ុន្តែអ្វីដែលគេមើលឃើញគឺជារឿងពិបាកភ្នែក ខណៈដែលតារាស្ទើរមិនសល់ម្នាក់​នៅក្នុងផលិតកម្មថោន សាន់ដេ និងតារាផ្សេងទៀត សុទ្ធតែបានបង្ហោះ និងចាត់ទុកថាករណីដែលបានកើតលើលើកញ្ញា ទេព បូព្រឹក្ស គឺជារឿងដែលប៉ះពាល់ធ្ងន់ធ្ងរ ដែលម្នាក់​ៗត្រូវតែចេញមុខ​​​​​​​​បំផុសអោយមានអន្តរាគមន៍។

ថ្នាក់ដឹកនាំហង្សមាស នៅមិនទាន់សុំការបកស្រាយលើករណីនេះបាននៅឡើយទេ ប៉ុន្តែអ្នកខ្លះក៏បានប៉ាន់ស្មានថាហង្សមាស អាចសម្ងំយកពិសដើម្បីជួយនាងអោយមានប្រសិទ្ធភាពផងដែរ។ យ៉ាងណាមិញ អ្នកគាំទ្រសុទ្ធតែមើលឃើញថា បើទោះជាហង្សមាស និងកំពូល​តារាហង្សមាស មិនស្រុះដៃគ្នាអើពើ ក៏តារាសិល្បៈក្រៅក្រុម និងមហាជនទាំងមូល អាចជួយអោយតារារូបនេះស្វែងរកយុត្តិធម៌​ឃើញដោយមិនពិបាក​នោះដែរ។

គួរបញ្ជាក់ថា កញ្ញា ទេព បូព្រឹក្ស បានដាក់បណ្ដឹងប្ដឹងទារជំងឹចិត្តចំនួន១០ម៉ឺនដុល្លារ ដោយកញ្ញាប្រកាសថាថវិកាដែលទទួលបាននឹងយកទៅជួយកុមារកំព្រា និងមណ្ឌលចាស់ជរាទាំងអស់។ ប៉ុន្តែគេមិនដឹងថាលទ្ធផលបណ្ដឹងរបស់នាងនឹងយ៉ាងណាទេ ដោយសារតែកាមេរ៉ាក្នុងហាងត្រូវបានបំផ្លាញដែលហាក់ដូចជាមានចេតនាបិទរឿង ហើយភាគីម្ចាស់ហាង និងអ្នកពាក់ព័ន្ធនៅមិនទាន់មានការទទួលខុសត្រូវកម្រិតណានៅឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here