តន្ត្រីករ ងិន សុខគ្រវារ រំលឹកអនុស្សាវរីយ៍ជាមួយ លោក ស៊ិន ស៊ីសាមុត

0

មានការចាប់អារម្មណ៍មិនតិចនោះទេ បន្ទាប់ពីលោកគ្រូ ងិន សុខគ្រវារ ម្ចាស់សាលាតន្ត្រីសុខគ្រវារ គឺជាម្ចាស់បទ”ស្អាតជានិច្ច” ដែលជាបទពេញនិយមរបស់កុមារៗ និងយុវវ័យ គឺជាតន្ត្រីករក្នុងជំនាន់តារាចម្រៀង លោក ស៊ិន ស៊ីសាមុត។ លោកគឺជាវិរៈសិល្បករមួយរូប ដែលមានអនុស្សាវរីយជាច្រើនជាមួយនឹងតារាចម្រៀងក្នុងសម័យសង្គមរាស្ត្រនិយម ជាពិសេសគឺលោកស៊ិន ស៊ីសាមុត ដែលមនុស្សតិចណាស់បានដឹង។

លោកគ្រូ ងិន សុខគ្រវ៉ា បានអះអាងថា លោកបានប្រឡូកអាជីពតន្ត្រីករ តាំងពីជំនាន់លោកស៊ិន ស៊ីសាមុត នៅរស់ ដោយលោកគឺជាអ្នកវាយស្គរមួយរូបក្នុងវង់តន្ត្រីដែលជាក្រុមថតបទចម្រៀងអោយលោក ស៊ិន ស៊ីសាមុត និងតារាចម្រៀងក្នុងជំនាន់ឆ្នាំ៦០ជាងនាពេលនោះ។

លោកថា មានបទចម្រៀងជាច្រើន ដែលលោកចូលរួមប្រគំអោយលោក ស៊ិន ស៊ីសាមុត ថតច្រៀង ខណៈដែលលោកបញ្ជាក់ថា លោក ស៊ិន ស៊ីសាមុត គឺជាតារាចម្រៀងមួយរូប ដែលមានទឹកដមសំលេងពីធម្មតា និងមិនមានឩបករណ៍តន្ត្រីជួយសំឡេងដូចគ្នានឹងការថតចម្រៀងនាពេលបច្ចប្បន្នឡើយ ទើបលោកយល់ថា លោកគឺជាតារាចម្រៀងកម្រ ដែលតារាជំនាន់ថ្មីពិបាកប្រដូច។ លោកថា លោក ស៊ិន ស៊ីសាមុត មិនមែនមានត្រឹមតែសមត្ថភាពមិនសរសើរមិនបានប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ឥរិយាបទក្នុងការគោរពលោកគ្រូអ្នកគ្រូសិល្បៈ និងក្រុមការងារផងដែរ ទើបធ្វើអោយក្នុងសម័យកាលនោះ លោក ស៊ិន ស៊ីសាមុត ថតបានចម្រៀងច្រើនបទជាងគេ ហើយនៅពេលចេញមកគឺល្បីសុះសាយមកដល់បច្ចុប្បន្ន។

ក្រៅពីប្រគំភ្លេងអោយច្រៀង លោកក៍បាននិពន្ធចម្រៀង២បទអោយលោក ស៊ិន ស៊ីសាមុត ថតដាក់ស្ទីឌីយោផងដែរ។ តែបទទាំងនោះមិនត្រូវបានចេញលក់ ដោយសារតែសង្គ្រាមក្នុងសម័យលន់ ណល់។ ជាមួយនឹងការបង្ហើបអោយដឹងពីអនុស្សាវរីយ៍ជាមួយ លោក ស៊ិន ស៊ីសាមុត លើការប្រគំសាច់ភ្លេងអោយ និងផលិតបទបទអោយ លោកក៍បានរៀបរាប់អោយដឹងពីប្រវត្តិខ្លះៗផងដែរ។ លោកថា អំឡុងឆ្នាំ១៩៨០ជាងក្រោយបញ្ចប់សង្គ្រាម លោកបានក្លាយជាអ្នកនិពន្ធបទចម្រៀងប្រចាំនៅសាលាកុលាបទី១ជ្រោយចង្វារ ដោយក្នុងសម័យនោះ លោកនិពន្ធបានបទប្រភេទអប់រំកុមារបានចំនួនច្រើនបទ ខណៈដោយបទ”ស្អាតជានិច្ច” ដែលក្មេងៗ និងយុវវ័យភាគច្រើនចេះចាំស្ទាត់មាត់រាល់ថ្ងៃ គឺជាស្នាដៃរបស់លោក ដែលលោកបាននិពន្ធ ហើយល្បីល្បាញមកទល់ពេលនេះ។ លោកថាបទចម្រៀងនេះ ត្រូវបាននិពន្ធឡើងកាលពីអំឡុងឆ្នាំ១៩៨១ ហើយដោយសារតែមានការគាំទ្រ ក៍ត្រូវបានវិទ្យុជាតិដែលល្បីល្បាញនាសម័យនោះយកទៅថតផ្សព្វផ្សាយ ហើយបានក្លាយជាចម្រៀងពេញនិយម ដល់បច្ចុប្បន្ន។ មកទល់ពេលនេះ លោកគឺជានាយកសាលាតន្ត្រីសុខគ្រវារ នៅទល់មុខអតីតក្រសួងកិច្ចការនារី នៅក្បែររង្វង់មូលជ្រោយចង្វារ ដោយលោកក៍បានបណ្ដុះកូនសិស្សជាច្រើនអោយល្បីឈ្មោះក្នុងសិល្បៈ ដូចជាលោក សាពូន មីដាដា និងតន្ត្រីករជាច្រើនរូបទៀត។ ក្រៅពីតន្ត្រី លោកក៍ជាអ្នកបង្ហាត់ច្រៀង ជាពិសេសបទក្នុងជំនាន់លោក ស៊ិន ស៊ីសាមុត និងបានចងក្រងបទមរតកដើមបានប្រមាណជា៧០០បទ ទុកអោយក្មេងជំនាន់ក្រោយបានដឹង។

លោក ងិន សុខគ្រវារ បញ្ជាក់ថា លោកមិនបោះបង់អាជីពបង្ហាត់តន្ត្រី និងចម្រៀងនោះទេ បើទោះជាលោកមានវ័យ៦៨ឆ្នាំនាពេលនេះ ដែលជាវ័យត្រូវសម្រាក។ លោកប្រកាសនឹងផលិតបទអប់រំសម្រាប់ក្មេងៗអោយមានការទទួលស្គាល់ ដូចគ្នានឹងបទ”ស្អាតជានិច្ច” ដែលជាស្នាដៃល្បីល្បាញនោះផងដែរ។ លោកថាខ្លួនមិនតូចចិត្តទេ ដែលបទចម្រៀងរបស់លោកត្រូវមហាជនស្គាល់ច្រើន ប៉ុន្តែសម្រាប់លោកជាម្ចាស់បទ គឺសឹងតែប្រាប់គេ ក៍គ្មានអ្នកជឿ៕

LEAVE A REPLY

Please enter your comment!
Please enter your name here