ស៊ឹម ស៊ីណាត ប៊ិះបះជើងនឹងល្បិចបោកលុយ ក្រោមឈ្មោះអេស៊ីលីដា

0

ក្នុងប៉ុន្មានថ្ងៃនេះ ល្បិចបោកលុយតាមប្រព័ន្ធទូរស័ព្ទដោយប្រើឈ្មោះអេស៊ីលីដា ត្រូវបានគេផ្អើលលើកឡើងតៗគ្នាយ៉ាងខ្លាំង ខណៈដែលល្បិចបោកនេះ គឺមានជនរងគ្រោះថ្នាក់ច្រើននាក់កំពុងធ្លាក់ក្នុងសំណាញ់នៃការបោកបញ្ឆោទ។ ជាមួយនឹងរឿងរ៉ាវដ៏គួរអោយភ្ញាក់ផ្អើលនេះ តារាចម្រៀង លោក ស៊ឹម ស៊ីណាត ក៏ប៊ិះក្លាយជាជនរងគ្រោះផងដែរ ខណៈដែលការបង្ហោះរបស់លោកត្រូវបានអ្នកគាំទ្រច្រើននាក់ដែលដឹងពីការរងគ្រោះលើករណីនេះ បានចេញមុខហូរហែរ។

យោងតាមការបង្ហោះរបស់លោក ស៊ឹម ស៊ីណាត លោកបានទម្លាយអោយថាដឹងថា បុរសម្នាក់បានប្រើប្រព័ន្ធលេខស្មាតហើយខលមកលោក អោយអះអាងថា លេខទូរស័ព្ទរបស់លោកត្រូវបានធនាគារអេស៊ីលីដា ចាប់ឆ្នោតត្រូវចំរង្វាន់ធំគឺ១ម៉ឺនដុល្លារ ក្នុងឱកាសដែលធនាគារនេះធ្វើពិធីចាប់ឆ្នោតអបអរដល់អតិថិជនគម្រប់ខួប១៥ឆ្នាំ។ លោកបានបង្ហោះអោយដឹងពីសំឡេងឆបោក ដោយតម្រូវអោយលោកធ្វើការដាក់កាតទូរស័ព្ទចំនួន១០ដុល្លារ ដោយបង្វែរទឹកប្រាក់៥ដុល្លារទៅអោយលេខមួយផ្សេង ហើយចំនួន៥ដុល្លារទៀត ទុកសម្រាប់ឆ្លើយឆ្លងជាមួយបុរសម្នាក់ផ្សេងទៀត ដែលត្រូវបានគេអះអាងថាជាឯកឧត្តម និងជាប្រធានអេស៊ីលីដាសាខាកណ្ដាល ដើម្បីស្ដាប់ពីពិធីណែនាំ និងលក្ខណ្ឌក្នុងការទទួលទឹកប្រាក់១ម៉ឺនដុល្លារ។ យ៉ាងណាមិញ លោកបានបញ្ជាក់ថាខ្លួនមិនបានចាញ់បោកអ្នកឆបោកនោះទេ ដោយគ្រាន់តែឮលោកឆ្លើយថាលោកមិនមែនអតិថិជនរបស់ធនាគារស៊ីលីដាផង ក៏បិទលេខខលលែងចូល។ លោកស៊ីម ស៊ីណាត បញ្ជាក់ថា ល្បិចដែលលោកបានជួបនេះ មានជនរងគ្រោះច្រើននាក់មកហើយ ហើយក៏មានមនុស្សមិនតិចនាក់ដែលមិនចាញ់បោករឿងផ្ញើលុយដើម្បីបង្កើតអាក់ខោនធនាគារថ្មី ក៏ប្រាកដជាដាក់កាតតាមការស្នើសុំ ដែលជាការចាញ់បោកជំហានទី១នោះផងដែរ។ អ៊ីចឹងហើយទើបគ្រាន់តែចេញក្រឡាមក គឺលោកបានដឹងជាមុន ហើយមិនធ្លាក់ក្នុងអន្លង់នៃការឆបោក។

ប្រភពពីអ្នកចាញ់បោកល្បិចបោកលុយតាមវិធីនេះ បានអះអាងថាលេខដែលខលមកប្រាប់ថាឈ្នះរង្វាន់នេះ នៅពេលណែនាំជនរងគ្រោះពីការឈ្នះរង្វាន់១ម៉ឺនដុល្លាររួចហើយ គឺតែងតែចុចផ្ដាច់ដើម្បីអោយជនរងគ្រោះខលត្រលប់ទៅវិញ ហើយសំឡេងដែលឮក្នុងការខលតប គឺមានការណែនាំពីធនាគារអេស៊ីលីដាសាខាកណ្ដាល ដោយមានលំនាំដូចគ្នានឹងក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទដែលណែនាំអោយចុចលេខ១ ដើម្បីទៅជួបផ្នែកនេះផ្នែកនោះដូច្នោះដែរ ទើបធ្វើអោយម្នាក់ៗជាពិសេសអ្នកមានអាក់ខោនធនាគារអេស៊ីលីដា ងាយនឹងជឿស្លុងដោយសារតែសំលេងណែនាំ និងការភ្ជាប់ប្រព័ន្ធទៅកាន់អ្នកលើកឆ្លើយ គឺធ្វើអោយគេទុកចិត្តថាជាបណ្ដាញដែលរៀបចំដោយធនាគារអេស៊ីលីដា។

នៅពេលជនរងគ្រោះណាម្នាក់ដាក់កាត១០ដុល្លារតាមការឆបោកហើយ នោះម្ចាស់លេខនឹងភ្ជាប់សំឡេងទៅកាន់បុរសម្នាក់ទៀតដែលត្រូវគេអះអាងថាជាមេធំ ហើយបុរសដែលតាំងខ្លួនជាមេធំនោះហើយ ដែលតម្រូវអោយជនរងគ្រោះបញ្ជាក់លក្ខណ្ឌផ្សេងៗ បូករួមទាំងការផ្ញើលុយដើម្បីបង្កើតលេខកុងថ្មីមួយ ដើម្បីងាយស្រួលបញ្ចូលទឹកប្រាក់១ម៉ឺនដុល្លារ ដែលគេឆបោកថាឈ្នះរង្វាន់នោះ។ ទឹកប្រាក់នៃការតម្កល់ក្នុងកុងត្រូវបានគេអះអាងថា មានចំនួនដោយឡែកៗពីគ្នា ដោយខ្លះត្រូវគេតម្រូវអោយផ្ញើ២៥០ និងខ្លះដល់ពាន់ដុល្លារ អាស្រ័យលើបញ្ចុះបញ្ចូលត្រូវគ្នា។ ប្រភពពីជនរងគ្រោះ គឺស្ទីលនៃការឆបោកនេះត្រូវគេរៀបចំជាប្រព័ន្ធដោយមានចំនុចសមទំនងច្រើនណាស់ ដោយគេអះអាងថាកម្មវិធីចាប់រង្វាន់នោះ បានផ្សាយតាមកញ្ចក់ទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីយប់មិញ ហើយទូរស័ព្ទដែលទំនាក់ទំនងមកគឺរាល់ពេលខលទៅវិញ រមែងមានសំឡេងណែនាំពីការិយាល័យអេស៊ីលីដាការិយាល័យកណ្ដាល ខណៈដែលអ្នកតាំងខ្លួនជាមេ ក៏ជំនាញក្នុងនិយាយពន្យល់ពីកម្មវិធីឈ្នះរង្វាន់ និងអះអាងថាសូមត្រៀមខ្លួនឡើងសម្ភាសន៍លើទូរទស្សន៍ ដែលងាយអោយគេជឿស្លុង។ យ៉ាងណាមិញ ក្រោយការបង្ហោះរបស់តារាចម្រៀង លោក ស៊ឹម ស៊ីណាត គេជឿថាស្ទីលបោកលុយ ដោយប្រើឈ្មោះអេស៊ីលីដា នេះនឹងមានអ្នកដឹងឮច្រើនហើយ ហើយមិនធ្លាក់ក្នុងការចាញ់ល្បិចដូចអ្វីដែលគេធ្លាក់ដឹង៕

LEAVE A REPLY

Please enter your comment!
Please enter your name here