វត្តមួយនៅខេត្តបន្ទាយមានជ័យ កំពុងកក្រើកពុទ្ធបរិស័ទ និងអ្នកទេសចរណ៍

0

ក្រោយបង្ហោះនៅលើហ្វេសប៊ុក គេកត់សម្គាល់ថាទិដ្ឋភាពរបស់វត្តមួយនៅខេត្តបន្ទាយមានជ័យ កំពុងក្លាយជាចំណាប់អារម្មណ៍របស់ពុទ្ធបរិស័ទ និងអ្នកទេសចរណ៍យ៉ាងខ្លាំង ដោយសារតែទិដ្ឋភាពនៅក្នុងវត្តនោះ ត្រូវបានគេរៀបចំឡើងយ៉ាងប្រណិតដើម្បីបម្រើអោយទាំងវិស័យទេសចរណ៍ និងពុទ្ធបរិស័ទដែលចង់បានភាពស្ងប់ស្ងាត់ក្នុងការជ្រះថ្លាផ្លូវចិត្ត។ នេះជាទីអារ៉ាមដែលមានលក្ខណៈដូចគ្នានឹងពុទ្ធមណ្ឌលផ្សេងៗ ប៉ុន្តែមានសំណង់ និងទិដ្ឋភាពគួរអោយទាក់ភ្នែក ដល់ថ្នាក់អ្នកលេងហ្វេសប៊ុក លាន់មាត់សរសើរថា ពិតជាស្រស់ស្អាតណាស់ទីអារ៉ាមមួយនេះ។

យោងតាមការបង្ហោះរបស់ព្រះតេជគុណ ធម្មាលង្ការោ ចាន់ សុជន ជាគ្រូចៅអធិការវត្តប្រាសាទស្រះកណ្ដាលខ្ចាស់ បានអោយដឹងថា ទិដ្ឋភាពដែលព្រះអង្គបានបង្ហោះនៅក្នុងផេករបស់ព្រះអង្គនេះ គឺជាទីអារ៉ាមមួយស្ថិតនៅភូមិខ្ចាស់ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ប៉ែកខាងជើងផ្លូវជាតិលេខ៦(ដោយចូលតាមផ្លូវគ្រួសចម្ងាយប្រមាណជា៧គីឡូម៉ែត្រពីផ្លូវជាតិលេខ៦)។ ទីអារ៉ាមនេះមានផ្ទៃដីសរុបជាង៧ហិកតា ដោយក្នុងផ្ទៃទាំងមូល នឹងរៀបចំកសាងជាសមិទ្ធផលបម្រើអោយព្រះពុទ្ធសាសនាដូចគ្នានឹងពុទ្ធមណ្ឌលធំៗទូទៅ ប៉ុន្តែនឹងធ្វើអោយល្អ អោយស្អាត ដើម្បីជាប្រយោជន៍ដល់អ្នកទេសចរណ៍ផង។ ព្រះតេជគុណថា សមិទ្ធផលនៅក្នុងទីអារ៉ាមនេះ សុទ្ធតែបានជំនួយពីសប្បុរសជនក្នុង និងក្រៅស្រុកគ្រប់ទិសទី ដោយក្នុងនោះនៅលើផ្ទៃដីទាំង៧៥០០០ម៉ែត្ររបស់វត្ត នឹងស្ថាបនាជាទម្រង់ប្រវត្តិព្រះពុទ្ធ និងសមិទ្ធផលសំខាន់ៗបម្រើអោយអ្នកបួសរៀនទូទៅ ដោយមិនប្រកាន់ថាជាពុទ្ធបរិស័ទក្នុងស្រុក ក្រៅស្រុក ឬជាពុទ្ធបរិស័ទដែលមិនបានចូលរួមកសាងសមិទ្ធផលនោះឡើយ។ ជាក់ស្ដែងនៅក្នុងរយៈពេលនេះ ព្រះអង្គកំពុងដឹកនាំកសាងពុទ្ធបដិមាមួយអង្គកម្ពស់៨០ម៉ែត្រ ដើម្បីអោយប្រទេសកម្ពុជាមានព្រះពុទ្ធបដិមាខ្ពស់ជាងមួយទុកជានិមិត្តរូបនៃព្រះពុទ្ធសាសនា។

ព្រះតេជគុណ ចាន់ សុជន បន្តសង្ឃដីកាថា ទីអារ៉ាមមួយនេះ ការពិតត្រូវបានបង្កើតឡើងតាំងពីអំឡុងឆ្នាំ១៩៣៨មកម្លេះ ប៉ុន្តែទើបតែត្រូវបានរៀបចំជាវត្តពេញលេញឡើងវិញកាលពីឆ្នាំ២០១០ និងចាប់ផ្ដើមកសាងជាទីពុទ្ធមណ្ឌលបម្រើអោយព្រះពុទ្ធសាសនាក្នុងពេលព្រះអង្គមកគ្រប់គ្រង នៅអំឡុងឆ្នាំ២០១៣។ មកទល់ពេលនេះ ក្នុងវត្តទាំងមូលមានព្រះសង្ឃគង់នៅសរុបចំនួន១៧៣អង្គ និងត្រូវបានពុទ្ធបរិស័ទគ្រប់ទិសទីមកជួបជុំគ្នាធ្វើបុណ្យធ្វើទាន និងបួសរៀនច្រើនឡើង ដែលធ្វើអោយទីអារ៉ាមនេះបានក្លាយជាវត្តល្បីល្បាញប្រចាំខេត្តបន្ទាយមានជ័យ។

ចង់ដឹងថាទីអារ៉ាមនេះទាក់ភ្នែកកម្រិតណា សូមអញ្ជើញទស្សនាទិដ្ឋភាពខ្លះៗ៖

LEAVE A REPLY

Please enter your comment!
Please enter your name here