ឆាយ បូរ៉ា បដិសេធទម្លាយមន្ទិលពីក្រោយខ្នង ការចេញតំណែងប្រធានសមាគមភាពយន្តកម្ពុជា

0

កាលពីរសៀលថ្ងៃទី១១ វិច្ឆិកា ប្រធានសមាគមភាពយន្តកម្ពុជាលោក ឆាយ បូរ៉ា បានប្រកាសជាផ្លូវការថាលោកសម្រេចចិត្តសុំលាចេញពីតំណែងគួរអោយភ្ញាក់ផ្អើល ខណៈដែលការសម្រេចចិត្តរបស់លោកទំនងជាមានបញ្ហាចំពោះមុខនៅពីក្រោយខ្នង ដោយលោកសារភាពថាពិតជាមាន ប៉ុន្តែលោកបញ្ជាក់ត្រឹមតែបញ្ហាដែលលោកបញ្ជាក់បាន។

លោកប្រកាសថានឹងបន្តការងារមួយនេះ បើទោះជាមានការស្នើសុំនោះផង ដោយសារតែលោកគឺបានសម្រេចចិត្តច្បាស់លាស់។ មកទល់ពេលនេះការសម្រេចចិត្តលាឈប់ពីតំណែងប្រធានសមាគមរបស់លោកឆាយ បូរ៉ា បានធ្វើអោយមានការចោទសួរមិនតិចទេ ថាតើហេតុអ្វីតំណែងដែលក្រុមផលិតករមួយចំនួនចង់បានភាគច្រើន ស្រាប់តែលោកសម្រេចចិត្តបោះបង់ ទាំងក្នុងពេលទទួលបានតំណែងគឺលោកជាប់ដោយការបោះឆ្នោតយ៉ាងមានកិត្តិយស។ យ៉ាងណាមិញ អ្នកតាមដានពីការលាឈប់របស់លោក បានត្រឹមតែយល់ឃើញពីបញ្ហាបែបនេះបែបនោះប៉ុណ្ណោះ ប៉ុន្តែបញ្ហាជាក់ស្ដែងមិនត្រូវបានប្រធានសមាគមរូបនេះទម្លាយឡើយ។ លោកឆាយ បូរ៉ា និយាយថា ពិតជាមានបញ្ហាច្រើនដែលនាំអោយលោកសម្រេចចិត្តលាចេញ ប៉ុន្តែបញ្ហាដែលធ្វើអោយលោកមិនអាចបន្តតំណែងប្រធានសមាគមទៀតបាន គឺដោយសារតែលោកមិនអាចសម្រេចផែនការដែលបានគ្រោងទុក និងដោយសារតែលោកចង់មានពេលទំនេរពង្រឹងផលិតកម្មដើមត្នោតរបស់ខ្លួនឡើងវិញ។

មកទល់ពេលនេះ លោកថាផលិតកម្មរបស់លោកមិនមានសកម្មភាពអោយបានពេញលេញនោះទេ ដោយក្រុមការងារពិបាកធ្វើការក្នុងពេលដែលលោកគិតតែរវល់នឹងការងារសមាគមនោះផង ទើបលោកសម្រេចចិត្តបោះបង់ ដើម្បីមានពេលជាមួយផលិតកម្មរបស់ខ្លួន។

នៅមិនទាន់ដឹងថាក្រោយពី លោក ឆាយ បូរ៉ា សម្រេចចិត្តបោះបង់ តើផលិតកររូបណាស័ក្ដសមនឹងតំណែងនេះទេ ខណៈដែលតំណែងរបស់លោកនឹងត្រូវជំនួសក្នុងពេលដ៏ខ្លី ដោយសារតែតំណែងប្រធានសមាគមភាពយន្តកម្ពុជា ក៏ជាអ្វីដែលផលិតករមួយចំនួនចង់បាន ដោយគ្រាន់តែមិនដឹងថាប្រធានថ្មី កើតចេញពីការចាត់ទុក ឬបោះឆ្នោតម្ដងទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here