ចៅខ្មែរ! តារាសិល្បៈទី១ ហ៑ានរៀបការជាមួយប្រុសដូចគ្នា

0

ទោះជាមានការរិះគន់ពីក្រុមមនុស្សមួយចំនួន ក៏តារាហ្វេសប៊ុកលោក គុជ សុគន្ធរ័ត្ន ហៅ ចៅខ្មែរ ដែលត្រូវគេស្គាល់ថាជាតួសម្ដែងក្នុងរឿង«ម៉ាដាមអាប»របស់ផលិតកម្មក្លាស៊ិក នៅតែប្រកាសរៀបការ នៅថ្ងៃទី១២ វិច្ឆិកានេះ។ អាពាហ៍ពិពាហ៍របស់លោក ត្រូវបានប្រកាសធ្វើឡើងធំដុំ ដោយក្រៅពីបានអញ្ជើញភ្ញៀវកិត្តិយសច្រើននាក់ជាសាក្សី ក៏មានរៀបចំពិធីដូចគ្នានឹងពិធីមង្គលការស្រីប្រុសដែលគេបានឃើញផងដែរ។

ការប្រកាសរៀបការយ៉ាងបើកចំហរនេះ ធ្វើអោយតារាសម្ដែង ចៅខ្មែរ ក្លាយជាអ្នកសិល្បៈទី១ដែលហ៊ានសំពះផ្ទឹមជាមួយបុរសដូចគ្នា មិនលាក់បាំងអារម្មណ៍ ព្រមជាមួយនឹងការមិនខ្វល់ពីការរិះគន់។ ការសម្រេចចិត្តរបស់លោក កំពុងធ្វើអោយកក្រើកពិភពសិល្បៈ និងស្រទាប់មហាជន ដោយសារតែពេលកន្លងមកដ្បិតថាមានអាពាហ៍ពិពាហ៍ភេទដូចគ្នាធ្លាប់កើតមានឡើង ប៉ុន្តែសាមីខ្លួនដែលរៀបការនោះមិនមែនជាបុគ្គលល្បី មិនមែនជាអ្នកសិល្បៈនោះទេ ទើបមង្គលការរបស់ចៅខ្មែរ រញ្ជួយអស់មួយចំហៀងអ្នកសិល្បៈ ចាប់តាំងពីមានព័ត៌មានដើរចែកសំបុត្រការនាពេលនេះ។

ប្រភពព័ត៌មានទម្លាយថា ចៅខ្មែររៀបការផ្គួបនឹងពិធីឡើងផ្ទះថ្មី ក្នុងគម្រោងច្រើនជាង២០តុ បន្ទាប់ពីលោក និងស្វាមីស្រឡាញ់គ្នា រួមរស់ជាមួយគ្នាហើយតស៊ូរកលុយពីរបរលក់អនឡាញទិញបានផ្ទះល្វែងនៅបុរីលឹមឈាងហាក់វាលស្បូវ ក្នុងតម្លៃច្រើនម៉ឺនដុល្លារ។

តារាសិល្បៈច្រើននាក់ត្រូវបានប្រកាសថានឹងអញ្ជើញចូលរួម ដោយតាមការសន្និដ្ឋានអ្នកកាសែតជាច្រើនស្ថាប័នក៏នឹងបង្ហាញវត្តមានទៅដ្បិតយកពិធីមង្គលរបស់លោកនៅថ្ងៃនោះផងដែរ ដោយសារតែនេះគឺជាពិធីមង្គលការរបស់តារាសិល្បៈមិនធ្លាប់មាន ខណៈដែលចៅខ្មែរ គឺជាតារាហ្វេសប៊ុកល្បីល្បាញ ហើយហ៊ានរៀបការជាមួយបុរសដូចគ្នាខុសពីធម្មជាតិ និងរបត់ប្រពៃណីខ្មែរបែបនេះ។ លោកត្រូវគេឃើញបញ្ចេញប្រតិកម្មតបត ចំពោះអ្នកទើស ដែលរិះគន់ចំពោះស្នេហារបស់លោកផងដែរ ដោយលោកបញ្ជាក់យ៉ាងខ្លីថា ស្នេហាភេទដូចគ្នារបស់ខ្លួន គឺជាស្នេហាបំពេញអារម្មណ៍ពីធម្មជាតិ និងថាមិនបានបង្កការឈឺចាប់ដល់បុគ្គលណាមួយនោះឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here