ដឹងតែកក្រើកផ្សារទំនើបជីបម៉ុង មេហ្គាម៉ល ជាមួយនឹងជំនួបតារាល្បីៗ ត្រៀមបង្ហាញខ្លួនក្នុងថ្ងៃទិវារនៃក្ដីស្រលាញ់

0

យោងតាមការប្រកាសរបស់ក្រុមហ៊ុន Professional Media Solution និង ដៃគូសហការ នៅថ្ងៃទី១៣ និង ១៤ កុម្ភៈ នេះ នឹងមានមហាព្រឹត្តិការណ៍ពិព័រណ៌ធំមួយ អបអរទិវារនៃក្ដីស្រលាញ់ ដោយក្រៅពីតាំងផលិតផលចម្រុះប្រភេទ ក៏នឹងបង្ហាញជូននូវតារាជាច្រើនរូប។ តារាចម្រៀងល្បីៗរួមមាន កញ្កា សុខ ពិសី ដែលជាស្រីស្អាតប្រចាំសាន់ដេរ និង លោក លីម តិចម៉េង ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ត្រូវបានគេប្រកាសថា នឹងលេចវត្តមានច្រៀងរាំនៅក្នុងព្រឹត្តិការណ៍នោះ ដោយពួកគេម្នាក់ក៏បានត្រៀមខ្លួន ក្នុងការដណ្ដើមប្រជាប្រិយភាពគ្នា។

នៅលើបណ្ដាញសង្គមតារាទាំងពីរ បានទទូចអោយអ្នកចង់ជួបដោយផ្ទាល់ ទៅកាន់វេទិការពិព័រណ៌ ដែលត្រូវធ្វើឡើង នៅផ្សារទំនើបជីបម៉ុង ២៧១ មេហ្គាម៉ល ដោយមានការរំពឹងថា ពិព័រណ៌អមដោយតារាល្បីៗមួយនេះ ពិតជាប្រមូលផ្ដុំគ្នាដោយអ្នកទៅទស្សនាកកកុញ ស្របពេលដែលថ្ងៃពិព័រណ៌ទាំង២ថ្ងៃ ក៏ចំទិវារនៃក្ដីស្រលាញ់ ហើយទីតាំងដែលប្រារព្ធធ្វើ ក៏ជាទីប្រជុំជនស្រាប់។ តារាសិល្បៈផ្សេងទៀត ដែលមានដូចជា ពិធីករលោក ប៉ែន ចំរ៉ុង អ្នកនាងកាតុ អ្នកនាង នៅ សូនីតា ក៏បង្ហាញពីការរំពឹងខ្ពស់ផងដែរ ថាព្រឹត្តិការណ៍ទាំង២ថ្ងៃនេះ នឹងមានអ្នកចូលរួមកុះករ។

មហាព្រឹត្តិការណ៍មួយនេះ ក៏ចាត់ទុកថា គឺពិព័រណ៍ប្រចាំឆ្នាំធំមួយ ដែលប្រមូលផ្ដុំដោយមុខទំនិញចម្រុះប្រភេទ ដែលជាម៉ាកល្បីៗ ដែលក្នុងនោះក៏មានពិព័រណ៍មុខម្ហូប ភេសជ្ជៈ វត្ថុអនុស្សាវរីយ៍ និង ផលិតផលរាប់រយមុខ អមដោយការបញ្ចុះតម្លៃ និង មានផ្ដល់ជូននូវឆ្នោតផ្សងសំណាង។ ក្រុមតារាចម្រៀង Barber Family. ម្ចាស់បទ សាក់ប្រឡាក់កាយ លោក C Be Nato និងតារាផ្សេងទៀត ក៏ត្រូវគេប្រកាសថានឹងញាំងកម្មវិធីទាំងមូលកាន់តែទាក់ទាញផងដែរ។ អ្វីដែលកាន់តែគួរអោយចាប់អារម្មណ៍ គឺមហាពិព័រណ៍ដែលធ្វើឡើងនេះ ក៏នឹងប្រមូលមូលនិធិ ជួយដល់កុមាររងគ្រោះ និង កុមារកំព្រា។ ពិធីនេះប្រកាសធ្វើឡើងថ្ងៃទី១៣ និង ទី១៤ កុម្ភៈ ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៩យប់ ហើយការប្រគំតន្ត្រី ពីម៉ោង៦ល្ងាចតទៅ។

នេះជាព្រឹត្តិការណ៍ ដែលកើតឡើងពីការសហការដោយក្រុមហ៊ុន Play Media Club និង ផ្សារទំនើបជីបម៉ុង ២៧១ មេហ្គាម៉ល ខណៈដែលអ្នកស្ពុនស័រធំ គឺក្រុមហ៊ុន MKM និង បណ្ដាក្រុមហ៊ុនជាច្រើនផ្សេងទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here