អ៑ួ តារា ថ្លែងពីអារម្មណ៍ ក្រោយសម្ដែងប៉ះគ្នាជាមួយតារាចិន ក្នុងរឿង”វាលប្រមាញ់”

0

គ្មានអ្នកណាមិនចាប់អារម្មណ៍នោះទេជាមួយនឹងភាពយន្តរឿង«វាលប្រមាញ់» ដោយសារតែនេះគឺជាភាពយន្តខ្មែរ ដែលប្រើដើមទុនជាង១លានដុល្លារ និងជាភាពយន្តដែលសម្ដែងតួឯកដោយតារាក្បាច់គុនចិន។ អគ្គលេខាធិការសហព័ន្ធល្បុក្កតោ លោក អ៑ួ តារា គឺជាតារាក្បាច់គុនខ្មែរ ដែលបានសម្ដែងជាតួអង្គសំខាន់នៅក្នុងរឿងនេះ ដោយលោកបានបង្ហាញអារម្មណ៍ជាច្រើនក្រោយពីបានសម្ដែងជាមួយតារាចិន និង ថៃ ក្នុងផ្ទៃរឿងតែមួយ។

- Advertisement -

ថ្លែងក្នុងពិធីបើកសម្ពោធភាពយន្តរឿង”វាលប្រមាញ់” កាលពីល្ងាចថ្ងៃទី១៧ កញ្ញា ឆ្នាំ២០១៩ នៅផ្សារទំនើបអុីអនសែនសុខ លោក អ៑ួ តារា និយាយថា ក្នុងភាពយន្តនេះ ផលិតករតម្រូវអោយលោកសម្ដែងជាតួអង្គអង្គរក្សអ្នកមាន ដោយមានឈុតវាយតប់ច្រើនតាំងពីឈុតដែលលោកចេញមុខដំបូងរហូតដល់ចប់។ នៅក្នុងរឿងនេះ ដោយលោកគឺជាតួអង្គរក្ស ដែលប្រើក្បាច់ក្បុកក្កតោ ហើយត្រូវការពារចៅហ្វាយនាយ។ ខណៈដែលតួអង្គខ្មែរស្ទើរទាំងអស់ ថ្ងូរពីការលំបាករឿងប្រើភាសាឆ្លងឆ្លើយជាមួយជនជាតិចិន និង ថៃ ដែលជាតួអង្គធំ ប៉ុន្តែលោកប្រាប់ថាខ្លួនមិនសូវលំបាកនោះទេ ដោយសារតែឈុតភាគច្រើនគេអោយលោករត់ បាញ់បោះ និងវាយតប់ច្រើនជាងវ៉ៃ។

យ៉ាងណាមិញលោកថាសម្រាប់ឈុតឆាកវាយតប់ ក៏លោកអត់មានការលំបាកនោះដែរ ដោយសារតែលោកគឺជាអ្នកឯកទេសក្បាច់គុនល្បុក្កតោស្រាប់ ដែលចេះស្ទាត់ជំនាញពីការប្រើប្រាស់ក្បាច់គុន និងចេះបត់បែនតាមអ្វីដែលខាងផលិតករចង់បាន។ លោកថាក្នុងភាពយន្តនេះ លោករំភើបជាងគេត្រង់ឈុតអោយលោកជាជនជាតិខ្មែរប្រើក្បាច់ល្បុក្កតោវ៉ៃគ្នាជាមួយតារាចិន ដែលមិនខុសពីតម្រូវអោយក្បាច់គុនប្រទេសទាំងពីរប៉ះគ្នា។ លោក អ៑ួ តារា បដិសេធថា ខ្លួនច្រានចោលមិនថតភាពយន្តក្នុងស្រុកដែលមិនមែនផលិតដោយបរទេសដូចជារឿង”Jailbreak” និងរឿង”វាលប្រមាញ់”នោះទេ ប៉ុន្តែមកពីរឿងភាគទាក់ទងមកលោកទទួលថតមិនបានព្រោះអត់ពេល ហើយសម្រាប់រឿងភាគគឺមិនធ្លាប់មានអ្នកចង់បានលោកអោយទៅសម្ដែង។

លោក ជីមី ហេនឌ័រសុន(Jimmy Henderson) ​អ្នកដឹកនាំសម្ដែង ដែលធ្លាប់ចូលរួមផលិតភាពយន្តរឿង Jailbreak បានអះអាង លោករំពឹងយ៉ាងខ្លាំងថាភាពយន្តរឿង”វាលប្រមាញ់ ឬ The Prey” ដែលប្រទុនជាង១លានដុល្លារ នឹងផ្ទុះការគាំទ្រមិនចាញ់ភាពយន្តរឿង”Jailbreak” ដែលលោកធ្លាប់បានចូលរួមផលិតនោះទេ។ ម្យ៉ាងមកពីភាពយន្តនេះ សម្ដែងដោយតារាក្បាច់គុនចិន និងតារាមកពីប្រទេសផង ទើបរឹតតែមិនពិបាកទុកចិត្តសម្រាប់សន្ទុះគាំទ្រ។មួយរឿងនេះ ថតនៅស្រុកខ្មែរទាំងអស់ ហើយឈុតឆាកក្នុងរឿងទាំងមូល គឺពោរពេញដោយការបាញ់ប្រហារ ផ្សងព្រេងក្នុងព្រៃ និងវាយតប់ជក់ចិត្តលំនាំតាមរឿង The Most Dangerous Game របស់លោក Rechard Connell​។ លោក ជីមី ហេនឌ័រសុន បន្តនេះ ជាភាពយន្តខ្មែរកម្រិតអន្តរជាតិ ដែលការប្រកាសលក់សំបុត្រគ្រប់រោងគឺចាប់ពីថ្ងៃទី១៩ កញ្ញា តទៅ។

ក្នុងថ្ងៃសម្ពោធដាក់បញ្ចាំងនោះ គេឃើញមានវត្តមានសិល្បករសិល្បការិនី ផលិតករ និងក្រុមផលិត ជាជនជាតិខ្មែរ និងបរទេសយ៉ាងច្រើនកុះករ ដោយភាពយន្តនេះ ក្រោយដាក់បញ្ចាំងជូនភ្ញៀវទស្សនា ម្នាក់ៗមិនសរសើរ មិនលាន់មាត់មិនបាន ទាំងគុណភាពសំឡេង ពន្លឺ និង សាច់រឿងពីមួយឈុតទៅមួយឈុត៕

SHARE