ជើងខ្លាំងថៃ Sen Sak ប្រមូលយកប្រជាប្រិយភាពពី ស្រេង ស្រឿន នៅSEATV

0

នៅទីបំផុត ការប្រកួតអន្តរជាតិនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីព្រឹកថ្ងៃអាទិត្យទី២៣ កញ្ញាមុននេះ កីឡាករថៃ Sen Sak ដែលទើបមានវត្តមានលើកដំបូងនៅសង្វៀនមួយនេះ បានប្រមូលយកការគាំទ្រត្រលប់ទៅវិញទាល់តែបាន បន្ទាប់ពីបានប៉ះប្រកួតជាមួយកីឡាករកម្ពុជា ស្រេង ស្រឿន ដោយមានបញ្ហាខ្លះក្នុងរយៈពេល៥ទឹក។ គូនេះត្រូវបានអ្នកទស្សនាសរសើរថាវាយទៅវាយមកល្អមើល ហើយបើកុំតែកីឡាករកម្ពុជា ពន្យាពេលប្រកួតចង់អស់មួយទឹក ព្រោះតែចោទថាកីឡាករថៃ ទាត់ត្រូវប្រដាប់ការពារនោះ ប្រហែលជាល្អមើលខ្លាំង។

លោក ញាណ សុធី អ្នករៀបចំការប្រកួតប្រចាំទូរទស្សន៍អាស៊ីអាគ្នេយ៍ បញ្ជាក់ថាកីឡាករថៃ ទើបតែបានឡើងប្រកួតជាមួយកីឡាករកម្ពុជា ស្រេង ស្រឿន ជាលើកដំបូងប៉ុណ្ណោះ ហើយលោកក៏សម្ដែងការភ្ញាក់ផ្អើលផងដែរ ដែលការប្រកួតមួយគូនេះ អាចទាក់ទាញអ្នកគាំទ្រ អោយស្រែកហ៊ោកញ្ជ្រៀងកងរំពង នៅពេលអ្នកទាំងពីរវាយទៅវាយមក។ លោកទទួលស្គាល់ថា កីឡាករថៃ ពិតជាបានទាត់ចំប្រដាប់ការពារមួយជើងទៅលើកីឡាករកម្ពុជា ប៉ុន្តែវាមិនដល់ថ្នាក់ប្រកាច់ប្រកិនលើរេញ ដែលមិនខុសពីចង់ចាប់កំហុសគូប្រកួត ឬចង់ធ្វើអោយការប្រកួតទាំងមូលត្រូវបានបញ្ចប់មុនទឹកនោះទេ ទើបលោក និងគណកម្មការសម្រេចមិនអោយចាប់កំហុសកីឡាករថៃ ហើយតម្រូវអោយមានការបន្ត។

លោកថា កីឡាករថៃមិនខ្លាំងណាស់ប៉ុន្មានទេ ប៉ុន្តែអាចមកពីកីឡាករកម្ពុជាបណ្ដោយអោយខាតមួយទឹកទទេ ទើបធ្វើអោយការចាញ់ប្រៀបក្នុងទឹកទី២ មិនអាចស៊ីសងគ្នាបាន ក្នុងពេលកីឡាករថៃ និងគេ ប្រហាក់ប្រហែលគ្នាក្នុងទឹកផ្សេងៗ។ លោកសោកស្ដាយដែលកីឡាករកម្ពុជា បានក្លាយជាអ្នកចាញ់ពិន្ទុ និងថាខ្លួននឹងដាក់អោយប្រកួតសងសឹកគ្នាក្នុងពេលខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here