នៅសង្វៀន SEATV សរ រាជសីហ៍ ស៊ីកីឡាករអ៊ីរ៉ង់ ឡើងតឹង

0

ខុសពីការគ្រោងទុក ដែលអ្នកណាក៏ប៉ាន់ស្មានថាកីឡាករកម្ពុជា សរ រាជសីហ៍ នឹងអាចផ្ដួលកីឡាករជនជាតិអ៊ីរ៉ង់ អោយបោះបង់ការប្រកួតមុនចប់ទឹកទី៥បានដោយមិនលំបាក សម្រាប់ការប្រកួតអន្តរជាតិកាលពីថ្ងៃទី១៦ កញ្ញា នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ គេឃើញកីឡាករ កម្ពុជាទទួលបានជ័យជម្នះទាំំងក្នុងលទ្ធផលប្រផិតប្រផើយបំផុត។ នោះគឺដោយសារតែកីឡាករ អ៊ីរ៉ង់ ដែលមកប្រកួតលើកនេះ មិនខ្សោយដូចកីឡាករអ៊ីរង់មុនៗ ហើយបើនិយាយពីការបច្ចេកទេសវាយចេញ ក៏ល្អមិនធម្មតា។

ការប្រកួតនៅលើសង្វៀនអន្តរជាតិរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីព្រឹកថ្ងៃអាទិត្យនេះ កីឡាករ Aboofazel ជនជាតិអ៊ីរ៉ង់ ត្រូវគេកត់សម្កាល់ថាមិនដូចវត្តមានរបស់កីឡាករបារាំង និងសញ្ជាតិផ្សេងដែលមកប្រកួតជាមួយកីឡាករកម្ពុជានោះទេ ដោយក្រៅពីមិនបោះបង់ការប្រកួត មុនចប់ទឹកទី៥ គេក៏ប្រើសមត្ថភាព និងកណ្ដាប់ដៃ ព្រមទាំងជង្គង់របស់គេ បានល្អ ធ្វើអោយបង្គោលក្រហម សរ រាជសីហ៍ ពិបាកក្នុងការវាយលុកស្ទើរតែគ្រប់ទឹកនោះដែរ។ ការប្រកួតរបស់គូនេះ ធ្វើអោយម្នាក់ៗសភ្នែក ដោយសារតែគេស្មានថាកីឡាករកម្ពុជា នឹងវាយអោយបរទេសសន្លប់យ៉ាងយូរក្នុងទឹកទី៣ ប៉ុន្តែក្រឡេកទៅមើលការប្រកួតជាក់ស្ដែង គឺកីឡាករកម្ពុជាវាយសម្រុក និងវាយត្រូវលំបាកសឹងតែគ្រប់ទឹក ទម្រាំតែអាចឈ្នះប្រៀប ហើយបាននាំមុខពិន្ទុលើកីឡាករអ៊ីរង់បាន។ បើកុំតែទឹកទី៤ និងទី៥ ចុងក្រោយ កីឡាករ សរ រាជសីហ៍ វាយត្រូវបានល្អ កុំអីប្រហែលជាអាចបានត្រឹមស្មើគ្នាក៏ថាបាន ដោយសារតែកីឡាករអ៊ីរ៉ង់ ដែលមកប្រកួតលើកនេះ មានសមត្ថភាពល្អ។ យ៉ាងណាមិញ កីឡាករអ៊ីរ៉ង់ ក៏មើលទៅញញើតញញើម ចំពោះកីឡាករកម្ពុជា ដែលជាម្ចាស់ក្បាច់គុនដើមនោះដែរ ទើបក្នុងទឹកទី៤ និងទី៥ ក្នុងពេលដែលកីឡាករកម្ពុជា សម្រុកខ្លាំង គេរាងបន្ធូរដៃ ហើយដូចជាផ្ដល់ឱកាសអោយកីឡាករកម្ពុជាវាយត្រូវបានច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here