រឿង សារ័ត្ន មិនអស់ចិត្ត តែគណកម្មការថាសម

0

ក្រោយបញ្ចប់ការប្រកួតនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីថ្ងៃអាទិត្យទី២២ កក្កដា ជើងខ្លាំងមកពីក្លិបកងពលទ័ពឆ័ត្រយោង៩១១ លោក រឿង សារ័ត្ន បានបង្ហាញទឹកមុខ និងបោះសម្ដីក្រោយពេលអោយចាញ់កីឡាករថៃ Khon Kronggthap ថាជារឿងមិនសម ដោយលោកអះអាងថា ខ្លួនខំប្រឹងម្លឹងហើយ ហេតុអ្វីនៅតែអោយចាញ់ទៀត។ ប៉ុន្តែផ្ទុយពីការលើកឡើង តំណាងអ្នកផ្ដល់ពិន្ទុ បានអះអាងថា នោះគ្រាន់តែជាអារម្មណ៍អ្នកចាញ់ប៉ុណ្ណោះ ប៉ុន្តែធាតុពិត គឺកីឡាករកម្ពុជាអត់មានចំណុចមួយណា ដែលមានពិន្ទុស្មើគូប្រកួតនោះទេ។

កីឡាករ រឿង សារ័ត្ន និយាយថា ក្រោយបញ្ចប់ការប្រកួត ខ្លួនគួរតែបានលទ្ធផលស្មើ បើមិនអាចបានឈ្នះ ប៉ុន្តែខកចិត្តបែរជាត្រូវគណកម្មការអោយចាញ់ ដែលលោកបានចាត់ទុកថានោះជាលទ្ធផលពិបាកទទួល។ លោកថាបានទម្លាក់ទឹកមុខនៅលើសង្វៀនពេលប្រកាសអោយចាញ់ និងបាននិយាយថានៅក្រោយសង្វៀនថាខ្លួនខំវាយដល់ម្លឹងហើយ គួរតែបានអោយស្មើ ដោយសារតែ២ទឹកចុងក្រោយលោកវាយកីឡាករថៃបានល្អ និងត្រូវចំគោលដៅ។

តបនឹងការលើកឡើងនេះ លោក រាជ សូផែន ប្រធានគណកម្មការផ្ដល់ពិន្ទុប្រចាំទូរទស្សន៍អាស៊ីអាគ្នេយ៍ និយាយថា ជាធម្មតាកីឡាករមិនថាកម្ពុជា មិនថាខាងថៃ កម្រទទួលយកលទ្ធភាពនៅពេលប្រកាសអោយចាញ់ខ្លាំងណាស់ ដោយតែងតែលើកហេតុផលថាខ្លួនក៏វាយចេញបានច្រើន និងថាត្រូវចំគោលដៅបានល្អជាដើម។ ប៉ុន្តែការពិតមានភ្នែកគណកម្មការប៉ុណ្ណោះដែលដឹងថាការវាយចេញបែបណា ដែលត្រូវបានពិន្ទុ ហើយវាយត្រូវគោលដៅកន្លែងណាដែលបានពិន្ទុប៉ុន្មាន។

យ៉ាងណាមិញ លោកថាកីឡាករ រឿង សារ័ត្ន ចាញ់កីឡាករថៃ ពេញ៣ទឹកដំបូង ហើយចាញ់ពិន្ទុដាច់ឆ្ងាយតែម្ដង ដោយមិនអាចយកពិន្ទុ២ទឹកចុងក្រោយ ដែលក្នុងទឹកទី៥ ក៏វាយមិនសូវល្អផង មកផ្ដល់ពិន្ទុអោយស្មោះ ឬឈ្នះបានទេ។ លោកថាកីឡាករថៃ Khon Kronggthap ល្អទាំងកែង ទាំងជង្គង់ និងម៉ាត់ ហើយសន្ទុះវាយចេញក៏ត្រូវចំគោលដៅសុទ្ធតែជាចំណុចទទួលបានពិន្ទុខ្ពស់ ទើបធ្វើអោយកីឡាករកម្ពុជាវាយល្អបាន២ទឹកចុងក្រោយ ក៏មិនអាចតាមស្មើ៕

LEAVE A REPLY

Please enter your comment!
Please enter your name here