វត្តមានរបស់ Ronaldo ធ្វើឲ្យ Juventus លក់សំបុត្រដាច់គ្មានសល់

0

ដោយ:វង្ស សុសីហា
ក្រុមសេះបង្កង់ Juventus ពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំង នាពេលបច្ចុប្បន្ននេះ ពោលចាប់តាំងពីទិញបានកំពូលកីឡាករលំដាប់ពិភពលោ​ក Cristiano Ronaldo រួចមកប្រជាប្រិយភាពរបស់ក្លិបជើងឯកអ៊ីតាលីមួយនេះ ឡើក្រឺតក្រឺតតែម្តង។

បើតាមរបាយការណ៍ សារពត៌មានពីប្រទេសអ៊ីតាលី បានឲ្យដឹងថា គ្រាន់តែការលក់សំបុត្រទស្សនា ពេញមួយរដូវកាលទើបចាប់ផ្តើមមិនបានមួយ​សប្តាហ៍ផង សំបុត្របានលក់អស់យ៉ាងលឿនបំផុតសឹងមិនគួរឲ្យជឿឡើយ។ ថ្វីបើក្លិបផ្សេងៗ ដូចជា Bayern Munich និង Paris Saint Germain លក់សំបុត្រអស់មុន Juventus ក្តី តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ រដូវកាលកន្លងមក សំបុត្រទស្សនារបស់ក្រុមសេះបង្កង់ Juventus លក់ដាច់ត្រឹម ៩៥% ប៉ុណ្ណោះ ពេញមួយរដូវកាលហើយ ប្រើរយៈពេលយូរទៀត ខណៈពេលនេះវិញ សំបុត្រត្រូវបានលក់អស់យ៉ាងលឿនពេញ ១០០% តែម្តង។ តាមរយៈកត្តានេះ បង្ហាញឲ្យឃើញថា សក្តានុពលរបសកំពូលខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានធ្វើឲ្យ Juventus ប្រែមុខមាត់ថ្មី យ៉ាងប្រសើរមួយ​តាំងពីមិនទាន់បានលេងផ្លូវការណ៍ម្លេះ។ គួរបញ្ជាក់ផងដែរថា ចំណូលពីកាតលក់​សំបុត្រ ដែលក្រុមសេះបង្កង់ Juventus ទទួលបាននាពេលនេះ មានចំនួនជាង ៣០លានអឺរ៉ូ ពោលចំណាយត្រឹម ១០៥លានអឺរ៉ូ ទិញ Ronaldo មកកាន់អ៊ីតាលី ពិតជាមិនខាតឡើយសម្រាប់ Juventus ។

ដូច្នេះហើយ ក្រុមសេះបង្កង់ Juventus ពិតជាចំណេញកប់ក្តោង ក្នុងការលក់សំបុត្រចូលទស្សនាពេញមួយរដូវកាលនៅ ក្របខណ្ឌកំពូលអ៊ីតាលី​រដូវកាលក្រោយនេះ ក្រោយពីមានវត្តមានរបស់ Ronaldo៕

LEAVE A REPLY

Please enter your comment!
Please enter your name here