វង្ស វិឆ័យ ដណ្ដើមបានខ្សែក្រវាត់អន្តរជាតិ ពីកីឡាករថៃ

0
គឺមោទនភាពយ៉ាងខ្លាំង ដែលកីឡាករកម្ពុជា គឺ វង្ស វិឆ័យ បានក្លាយជាម្ចាស់ខ្សែក្រវាត់អន្តរជាតិ ដោយផ្ដួលកីឡាករថៃ Phat Oubun អោយសន្លប់ក្នុងទឹកទី៤។ ការប្រកួតនេះបានធ្វើឡើង កាលពីយប់ថ្ងៃទី២២ ធ្នូ ឆ្នាំ២០១៩ នៅលើសង្វៀទូរទស្សន៍អាស៊ីអាគ្នេយ៍ ដោយមានអ្នកស្នេហាប្រដាល់ទៅគាំទ្រយ៉ាងច្រើនកុះករ។

លោក រាជ សូរផែន ប្រធានស្នងការប្រដាល់ប្រចាំទូរទស្សន៍អាស៊ីអាគ្នេយ៍នេះ គឺជាការប្រកួតសន្សំពិន្ទុដណ្ដើមពាន និងខ្សែក្រវាត់អន្តរជាតិ ដោយដើមដំបូង គឺមានកីឡាករកម្ពុជា៤រូប និងថៃ៤រូប ហើយតម្រូវអោយពួកគេប្រលូកគ្នាក្នុងពូល ដើម្បីស្វែងរកកីឡាករថៃមួយរូប និងកម្ពុជារូប ដែលជាចំណាត់ថ្នាក់លេខ១ប្រចាំពូល ឡើងទៅប្រកួតគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រ។ លោកថាកីឡាករកម្ពុជា វង្ស វិឆ័យ និងកីឡាករថៃ Phat Oubun គឺជាតំណាងប្រចាំពូលនីមួយៗ ដែលទទួលបានពិន្ទុខ្ពស់ជាងគេ មុនពេលមានមុខប៉ះគ្នាស្វែងរកម្នាក់ធ្វើជាម្ចាស់ខ្សែក្រវាត់អន្តរជាតិ។ លោកកោតសរសើរចំពោះកីឡាករកម្ពុជា ដែលដណ្ដើមបានឱកាសឈ្នះហើយក្លាយជាម្ចាស់ខ្សែក្រវាត់អន្តរជាតិនៅក្នុងថ្ងៃនោះ។

យ៉ាងណាមិញលោកថា បើកីឡាករថៃមិនភ្លាត់នោះទេ កីឡាករកម្ពុជាក៏ពិបាកស៊ីដែរ ដោយសារតែកីឡាករថៃក៏មានសមត្ថភាពខ្លាំង។ លោកថា ការប្រកួតនៅវគ្គបញ្ចប់នោះ កីឡាករ វង្ស វិឆ័យ ទទួលបានពានមួយ ខ្សែក្រវាត់១ ទឹកប្រាក់៥ពាន់ដុល្លារ។ លេខ២ គឺកីឡាករថៃ Phat Oubun បានទឹកប្រាក់៣ពាន់ដុល្លារ លេខ៣ គឺកីឡាករថៃ Chhouk Chhai ទទួលបានប្រាក់រង្វាន់១៥០០ដុល្លារ និងលេខ៤ គឺ កីឡាករកម្ពុជា នី សុភី ឬ ឡុង សុភី ទទួលបានទឹកប្រាក់១ពាន់ដុល្លារ។ នេះជាកម្មវិធីរបស់ភេសជ្ជៈឆាមពាន សម្រាប់រដូវកាលទី១ ក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម។

LEAVE A REPLY

Please enter your comment!
Please enter your name here