ក្រោយ​ឈ្នះ​ចាញ់​ ​ពុយ​ ​វណ្ណៈ​ ​និងកីឡា​ករ​ថៃ​ ​ត្រូវ​គេ​គ្រោង​អោយ​សងសឹក​គ្នា​

0

​ក្រោយពី​កីឡាករ​កម្ពុជា​ ​ពុយ​ ​វណ្ណៈ​ ​វាយ​ផ្ដួល​កីឡាករ​ថៃ​ ​Phat​ ​Numchhuok​ ​អោយ​បោះបង់​ការប្រកួត​ក្នុងទឹក​ទី៤​ ​កាលពី​ថ្ងៃទី២៦​ ​ឧសភា​ ​អ្នក​រៀបចំ​កម្មវិធី​បាន​អះអាង​ថា​ ​ខ្លួន​នឹង​ដាក់អោយ​កីឡាករ​ទាំងពីរ​ជួប​សងសឹក​គ្នា​ឆាប់​ៗ​។​ ​នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អ្នក​រៀបចំ​ព្រឹត្តិ​ការណ៍​ដោយ​ផ្ទាល់​។​

​លោក​ ​ញាណ​ ​សុធី​ ​អ្នក​រៀបចំ​ការប្រកួត​ប្រចាំ​នៅ​ទូរទស្សន៍​ ​SEATV​ ​បាន​ថ្លែង​បញ្ជាក់​ថា​ការប្រកួត​រវាង​កីឡាករ​ទាំងពីរ​ ​ខាងលើ​ ​គ្រាន់តែ​ជា​ជំនួប​សាកល្បង​សមត្ថភាព​ប៉ុណ្ណោះ​ ​ដោយ​កីឡាករ​កម្ពុជា​ ​ឡើង​ប្រកួត​ដើម្បី​ការ​ការពារ​កិត្តិយស​ក្នុងនាម​ជា​កីឡាករ​មានបទពិសោធន៍​យូរ​ ​ដែល​បាត់មុខ​យូរ​ ​ហើយ​កីឡាករ​ថៃ​ ​ត្រូវការ​បំផុត​គឺ​ដណ្ដើម​ជ័យជម្នះ​ ​អោយ​ខាន​តែ​បាន​ក្នុងនាម​ជា​ជើងខ្លាំង​ម្នាក់​កំពុង​ឡើង​កូដ​នៅក្នុង​ប្រទេស​ថៃ​។​ ​មួយគូ​នេះ​ ​បើ​មើល​មួយភ្លែត​ ​កីឡាករ​ថៃ​ ​សមនឹង​ឈ្នះ​ច្រើនជាង​ ​ស្របគ្នា​ដែលគេ​ក៏​វាយ​ចេញ​ត្រូវ​ចំ​គោលដៅ​បាន​ច្រើន​ ​នៅពេល​ការប្រកួត​ ​បើក​ប្រកួត​ភ្លាម​ៗ​។​ ​

​លោក​ថា​ ​កីឡាករ​កម្ពុជា​ទើបតែ​រក​ចំណុចខ្សោយ​កីឡាករ​ថៃ​ឃើញ​ក្រោយ​បញ្ចប់​ទឹក​ទី១ប៉ុណ្ណោះ​ ​ដោយ​គេ​ចាប់ផ្ដើម​ទាត់​ជើង​ក្រោម​ម្ដង​ហើយ​ម្ដងទៀត​ ​ទើប​កីឡាករ​ថៃ​ដែល​ខូច​ជើង​ទៅ​ហើយ​ ​បោះបង់​ការប្រកួត​ក្នុងទឹក​ទី៤​។​ ​លោក​ថា​ការប្រកួត​នៅក្នុង​ថ្ងៃ​នោះ​ ​ទាំង​កីឡាករ​កម្ពុជា​ ​និង​ថៃ​ ​សុទ្ធតែ​បញ្ចេញ​សមត្ថភាព​បាន​ល្អ​ ​ហើយ​បើកុំតែ​ ​ពុយ​ ​វណ្ណៈ​ ​សំណាង​វាយ​ត្រូវចំណុច​សំខាន់​បណ្ដាល​អោយ​កីឡាករ​ថៃ​ត្រូវ​បាក់​ជន្ទល់​ម្ដង​ ​ក៍​ប្រហែលជា​មិន​អាច​រក​ចំណុចខ្សោយ​ត្រូវ​ ​ហើយ​ប្រកួត​បាន​ឈ្នះ​ដោយ​ស្រួល​បាន​បែបនេះ​ដែរ​។​ ​លោក​មាន​គម្រោង​ដាក់អោយ​មួយគូ​នេះ​ឡើង​ប្រកួត​ឡើងវិញ​ជាថ្មី​ម្ដងទៀត​ ​តែ​រង់ចាំ​អោយ​កីឡាករ​ថៃ​ ​និង​ ​ពុយ​ ​ចណ្ណៈ​ ​បាន​ត្រៀមខ្លួន​ ​និង​មាន​ពេល​អោយ​គ្រប់គ្រាន់​សិន​ ​ដើម្បី​ចង់​ដឹង​ថាបើ​ប៉ះ​គ្នា​ម្ដងទៀត​ ​តើ​អ្នកណា​នឹង​ឈ្នះ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here