សោភា ទេពី ដាក់មួយក្បាច់ ហ្វេនហ្វេន ដល់ថ្នាក់លាន់មាត់

0

កាន់តែទទួលបានការគាំទ្រនៅក្នុងពិភពចម្រៀង ប៉ុន្តែគេកត់សម្គាល់ថា អតីតបេក្ខនារីលេចធ្លោក្នុងកម្មវិធី Cambodian Idol រដូវកាលទី៣ កញ្ញា សោភា ទេពី មិនបានប្រហែសក្នុងការបណ្ដែតបណ្ដោយទីផ្សារនោះទេ ដោយសារតែនាងទើបតែចេញមួយស្ទីលឡើងកប់ ធ្វើអោយអ្នកគាំទ្រចាប់អារម្មណ៍។ ក្នុងនោះសូម្បីតែស្ទីលតែងខ្លួនក៏កប់ណាស់ដែរ បើធៀបនឹងតារាចម្រៀងផ្សេងទៀត ដែលហក់ឡើងកូដមិនដល់នាងនៅឡើយ ធៀបនឹងតារាចម្រៀងយុវវ័យរួមជំនាន់។

ភាពភ្ញាក់ផ្អើលដែលអ្នកគាំទ្រកំពុងបន្ទរតគ្នានៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក និងយូធូបនោះ គឺបទចម្រៀង«I Know Who I Am»ដែលជារ៉េបយ៉ាងថ្មីសន្លាងរបស់នាង ដែលធ្វើអោយគេមិនសរសើរពីស្ទីលបញ្ចេញតុងច្រៀងជាភាសាអង់គ្លេស ពីទឹកដមសំលេង និងបច្ចេកទេសរ៉េបរបស់នាងក្នុងបទចម្រៀងទាំងមូលមិនបាន។ តាមរយៈបទចម្រៀងប្លែកត្រចៀកមួយនេះ សោភា ទេពី ទទួលបានការចាប់អារម្មណ៍មិនធម្មតា ដោយសារតែមានអ្នកចូលស្ដាប់បទចម្រៀងរបស់ និងចែកចាយក្រោយការបង្ហោះភ្លាមៗ។ នេះជាការកញ្ឆក់យកបេះដូងមហាជនមួយថ្មី ដែលនាងទើបតែបានទទួលការគាំទ្រខ្លាំងក្លាក្នុងបទ «អ្នកណាកែចិត្តបង» និងស្ទីលច្រៀងរ៉ក់នាពេលចុងក្រោយ។ យ៉ាងហោចអ្នកគាំទ្រពាក់កណ្ដាលបានសរសើរថា នាងច្រៀងបទ«I Know Who I Am»ដែលជាOriginal Song ក្ដៅៗ ពីរោះញាក់សាច់ ខណៈដែលអ្នកចូលស្ដាប់ក៏ច្រើន បើធៀបនឹងរយៈពេលទើបដាក់បង្ហោះដូចគ្នានៅលើយូធូប។ អ្នកចែកចាយបទចម្រៀងរបស់នាងមួយនេះ សុទ្ធតែលើកឡើងថា នាងជាគ្រាប់ពូជក្នុងសិល្បៈ ដែលមានសមត្ថភាពគួរអោយសរសើរ ដោយសារតែនាងគឺជាអ្នករបាំបុរាណ ដែលមានសមត្ថភាពច្រៀងបទទម្រង់បុរាណបានគ្រលួចត្រូវចិត្តអ្នកគាំទ្រ ទាំំងក្មេងទាំងចាស់ ប៉ុន្តែបើងាកទៅស្ដាប់បទចម្រៀងរបស់នាងក្នុងសម័យប្រភេទ មនោសញ្ចេតនា ប្រភេទរ៉ក់ និងប្រភេទរ៉េបចុងក្រោយ គឺពីរោះមិនធម្មតា។

សោភា ទេពី រំពឹងយ៉ាងខ្លាំងថាបទរ៉េប «I Know Who I Am»ជួយអោយនាងឈានឡើងក្នុងសិល្បៈ ខណៈដែលនាងក៏ត្រៀមបញ្ចេញក្បាច់រាំអោយប្លែកជាមួយក្រុមរាំ នៅពេលឡើងឆាកដោយផ្ទាល់។ នាងបានបង្ហើបថា បើនិយាយពីផលិតកម្មចង់បាននាងអោយកុងត្រាច្រើនណាស់ ប៉ុន្តែមកពីនាងមិនចង់ហក់ចូលក្នុងផលិតកម្មដែលនាងយល់ថាពិបាកជួយអោយនាងល្បីល្បាញ និងពិបាករំពឹងពីទីផ្សារ បើនាងសម្រេចចិត្តនៅឯករាជ្យហើយផលិតបទចម្រៀងល្អៗដោយខ្លួនឯងវិញ ដើម្បីកុងត្រារួចហើយកប់ឈឹង៕

LEAVE A REPLY

Please enter your comment!
Please enter your name here