អ៊ិន សុភិន ឆ្លើយតប ណាក់ ស្រីណា រឿងបំណុល២ពាន់ដុល្លារ

0

ក្រោយពីពិធីការិនី និងជាតារាសម្ដែងកញ្ញា ណាក់ ស្រីណា បង្ហោះជាសាធារណៈថា ផលិតកម្មមហាហង្ស ជំពាក់លុយនាងចំនួន២ពាន់ដុល្លារ ហើយប្រមាណ១ឆ្នាំមកហើយ តាំងពីថតរឿងចប់ ម្ចាស់ផលិតកម្មមួយនេះ បានបដិសេធមិនធ្វើការបកស្រាយនោះទេ ដោយលោកបានទាំងបោះសម្ដីថា បាននាងប្រតិកម្មបែបនេះគឺលោកសប្បាយចិត្ត។ យ៉ាងណាមិញ ក្រោយពីរឿងរ៉ាវនេះ កាន់តែរសើបខ្លាំង លោកក៏បានចេញមុខឆ្លើយតប។

លោក អ៊ិន សុភិន ម្ចាស់ផលិតកម្មមហាហង្ស និយាយថា តារាសម្ដែង កញ្ញា ណាក់ ស្រីណា បានថតភាពយន្តភាគមួយអោយខ្លួនគឺរឿង«មរតកចុកឈាម» តែឱកាសបានសម្ដែងរបស់នាងមិនមែនដោយសារតែផលិតកម្មលោកជម្រើសមកទេ គឺអតិថិជនម្នាក់ ដែលទាក់ទងអោយលោកផលិតរឿងនេះអោយ ជាអ្នកតម្រូវអោយយកនាងអោយមកសម្ដែងជាតួឯកប៉ុណ្ណោះ។ អ៊ីចឹងហើយទើបលោកមិនអាចប្រគល់តម្លៃខ្លួនថ្លៃថតអោយនាងអោយអស់តែម្ដងបានទេ ដោយសារតែអតិថិជនដែលជាអ្នកទិញភាពយន្តមួយនេះពីលោក នៅមិនទាន់អោយលុយលោកលើថ្លៃផលិតរឿងនោះអោយអស់នៅឡើយមកទល់ពេលនេះ។

លោកនិយាយថាយ៉ាងខ្លីថា«គាត់ជាតួដែលអតិថិជនរបស់យើងគាត់តម្រូវ ចុះបើរឿងយើងផលិតចប់ហើយ ហើយអតិថិជននោះនៅជំពាក់យើងជិត២ម៉ឺនដុល្លារទៀត តើយើងត្រូវបើកលុយអោយតួដែលគាត់តម្រូវមកកើតទេ»។ លោកថាភាពយន្តរឿង«មរតកចុកឈាម» តាំងពីថតចប់ប្រមាណមួយឆ្នាំ ត្រូវដាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍មួយជាយូរមកហើយ ប៉ុន្តែដោយសារតែអតិថិជននោះ មិនទាន់ប្រគល់លុយអោយបានអស់តាមការព្រមព្រៀង ទើបពន្យារពេលដាក់ផ្សាយមកទល់ពេលនេះ។ លោកបន្តថា ខ្លួនមិនអត់លុយ២ពាន់ដុល្លារអោយ កញ្ញា ណាក់ ស្រីណា នោះទេ ប៉ុន្តែបើអ្នកតម្រូវតួនាង និងជាអ្នកទិញរឿងពីលោកមិនព្រមប្រគល់ថ្លៃផលិតអោយលោកតាមអ្វីដែលបានព្រមព្រៀងនោះផង តើលោកគួរយកលុយផ្សេងមកបង្វិល ដើម្បីតារាសម្ដែងកញ្ញា ណាក់ ស្រីណា ឬទេ។ យ៉ាងណាមិញ លោកបានបង្ហើបថា កញ្ញា ណាក់ ស្រីណា មិនមែនមិនមែនជាតារាសម្ដែងតែម្នាក់ ដែលផលិតកម្មមហាហង្សបង្កកប្រាក់នោះទេ តារាសម្ដែងផ្សេងទៀត ក៏លោកប្រកាសមិនទាន់ប្រគល់ថ្លៃសម្ដែងអោយ ឬមិនអោយតែម្ដងផងដែរ ដោយសារតែតារាទាំំងនោះក្រឡុកផលិតកម្មខ្លាំងពេលក្នុងពេលបំពេញការងារជាមួយគ្នា។

លោកថាតារាភាគច្រើនរមែងកុងត្រាច្បាស់លាស់ថាត្រូវអោយថ្លៃសម្ដែងមកដល់ផលិតកម្មមហាហង្សប៉ុន្មានថ្ងៃក្នុងមួយសប្ដាហ៍ទើបសម្រេចដល់ការឯកភាពអោយសម្ដែង ប៉ុន្តែក្រោយពេលបានតំណែងគឺសឹងមិនអោយថ្ងៃដល់ផលិតកម្មដើម្បីចេញថតនោះទេ ដោយធ្វើអោយផលិតកម្មខកខានការផលិត ហើយខាតបង់ជាច្រើននៅពេលទាំងនោះមកសម្ដែងយឺតម៉ោង ឬមិនមកម្ដងៗ។ លោកនិយាយថា«ណាក់ ស្រីណា ខ្ញុំមិនបើកលុយអោយគាត់ ដោយសារតែអ្នកទិញរឿងខ្ញុំ និងជាអ្នកកំនត់យកគាត់ មិនអោយលុយខ្ញុំដែរ ប៉ុន្តែអ្នកផ្សេងទៀត ខ្ញុំមិនបើកលុយអោយហើយ ខ្ញុំគ្រោងចង់ប្ដឹងក៏មានដែរ ដោយសារតែធ្វើអោយខូចរឿងខ្ញុំព្រោះតែសុំគាត់ថ្ងៃណា(សម្ដែង)ក៏រវល់ៗ ហើយបើណាត់ម៉ោង៧មកម៉ោង១០ ហើយសុំទៅមុន ចឹងសួរថារឿងមួយហ្នឹងគេចាំតែគាត់មែន!»។

កញ្ញា ណាក់ ស្រីណា នៅតែបន្តបង្ហោះថា នេះជាមេរៀនដែលនាងមិនធ្លាប់ជួប និងថាអ្វីដែលបានកើតឡើងចំពោះនាងគឺ ជាការបំបាក់ទឹកចិត្តចំពោះអ្នកសិល្បករ។ នាងថាជាគោលការណ៍គឺនាងត្រូវបានទទួលថ្លៃសម្ដែងទាំងអស់ក្រោយពេលថតចប់ ហើយនៅតែបង្ហាញអារម្មណ៍រិះគន់នៅពេលការសម្ដែងត្រូវបានបញ្ចប់១ឆ្នាំហើយ ប៉ុន្តែគ្មានការអើពើដោះស្រាយ ទោះជានាងទាក់ទងសុំបើកថវិកាច្រើនលើក៕

LEAVE A REPLY

Please enter your comment!
Please enter your name here