“ប្រពន្ធកាច” ធ្វើអោយ ប៊េប៊ី មានទឹកមាត់លេប ចូលឆ្នាំឆ្នាំនេះ

0

ដ្បិតថាហក់ចូលផលិតកម្មថោនក្រោយគេ ប៉ុន្តែតារាចម្រៀងស្រស់សោភា មុខខ្យូតកញ្ញា ប៊េប៊ី ឈានឡើងសន្ទុះស្ទើរតែនាំមុខតារាស្រីក្នុងក្រុមមួយចំនួននោះផង តាមរយៈទីផ្សារចេញច្រៀង និងមានឱកាសឡើងឆាកធំៗ ស្ទើររកពេលសម្រាកមិនបាន ធៀបនឹងតារាក្នុងក្រុម។ ទីផ្សាររបស់នាងកាន់តែត្រូវគេឃើញថាល្អប្រសើរបន្ថែមទៀត បន្ទាប់ពីមិននាងបានបញ្ចេញបទថ្មី ដែលមានសាច់ភ្លេងរស់រវើក ហើយទំនងជានឹងផ្ទុះនៅអំឡុងចូលឆ្នាំខ្មែរខាងមុខ។

បទថ្មី ដែលប៊េប៊ី ទើបតែចេញក្ដៅៗ នៅក្នុងផលិតកម្មថោននោះ មានចំណងជើងថា”ប្រពន្ធកាច” ដោយបទនេះ គឺគ្រាន់តែស្ដាប់សាច់ភ្លេងមានការចាប់អារម្មណ៍តែម្ដង ស្របពេលដែលគេជឿថាស្រីស្អាតជាម្ចាស់បទនេះ ក៏ពិតជាបំបែកក្បាច់រាំបានទាក់ភ្នែក អោយត្រូវនឹងសាច់ភ្លេងល្អ។ បទនេះ ជាស្នាដៃនិពន្ធទំនុកច្រៀង និង Melody ដោយលោក ម៉ានិត វីរ៉ាយុត្ត និងនិពន្ធបទភ្លេងដោយលោក លាង ស៊ាងលីន ដែលធ្លាប់និពន្ធបទភ្លេងអោយតារាចម្រៀង កញ្ញា រ៉ាប៊ីផ្ទុះ។ បទថ្មីរបស់កញ្ញា ប៊េប៊ីនេះ នឹងក្លាយជាបទប្រកួតប្រជែងក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ ដោយសាច់ភ្លេងក្នុងបទចម្រៀងនេះ គ្រាន់តែឮក៏ចង់រាំ មិនខុសពីបទ”មាន់ស្រែ” របស់ថោន ដែលធ្លាប់ផ្ទុះកាលឆ្នាំមុន។

កញ្ញា ប៊េប៊ី ដែលកាន់តែស្រស់សោភាខុសប្លែកពីមុនប្រកាសថា កុំភ្លេចរង់ចាំទស្សនាMV បទនេះ ដោយនាងក៏សន្យានឹងបង្កើតក្បាច់រាំអោយរស់រវើកជាមួយក្រុុមរាំ និងបង្កើតការសម្ដែងអោយប្លែកតម្រូវអ្នកចូលចិត្តរាំបុណ្យចូលឆ្នាំផងដែរ។ អ្នកគាំទ្ររបស់នាងរំពឹងយ៉ាងខ្លាំងថា ប៊េប៊ី នឹងក្លាយជាតារាចម្រៀងលេចធ្លោនៅក្នុងផលិតកម្មថោន ខណៈដែលតារាចម្រៀង មាស សុខសោភា ដែលជាខ្លាញីក៏លេចដំណឹងថារត់ទៅហង្សមាស ដែលច្បាស់ណាស់ថា រ៉ាប៊ី ប៊េប៊ី និង ស៊ូស៊ីរីកា និងក្លាយជាតារាជួរមុខរបស់ផលិតកម្មនេះ។ យ៉ាងណាមិញ ប៊េប៊ី ហាក់មិនមានរំពឹងថាបទ”ប្រពន្ធកាច”របស់ខ្លួន នឹងផ្ទុះកក្រើកជំនួសបទ”មាន់ស្រែ” ដែលធ្លាប់ល្បីលក្រើកកាលចូលឆ្នាំមុននៅឡើយទេ ដោយនាងបានត្រឹមតែអះអាងថានឹងប្រឹងអោយអស់ពីលទ្ធភាព។ ក្រៅពីបទប្លែកត្រចៀកមួយនេះ ប៊េប៊ី ក៏មានបទល្អៗជាច្រើនទៀត សម្រាប់ឱកាសចូលឆ្នាំខ្មែរផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here