មានការភ្ញាក់ផ្អើលមិនតិចទេ បន្ទាប់ពីរូបសំណាក់តោថ្មធំមួយ ដែលត្រូវបានគេស្គាល់ថាស្ថិតក្នុងរចនាបថបាយ័នអំឡុងសតវត្សទី១៣ ត្រូវបានប្រទះឃើញក្នុងកំឡុងពេលធ្វើកំណាយសិក្សាស្រាវជ្រាវរចនាសម្ព័ន្ធគ្រឹះកំពង់ទឹករបស់បារាយមេបុណ្យនៃប្រាសាទបន្ទាយ ដោយក្រុមការងារ លោកជំទាវ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន។ នេះជារបកគំហើញដ៏កម្រថ្មីមួយ ដែលអ្នកស្រាវជ្រាវបុរាណប្រាសាទរកឃើញ។
កាលពីថ្ងៃចន្ទ ទី១០កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែ កុម្ភៈ ឆ្នាំ២០២០ ក្នុងកំឡុងពេលធ្វើកំណាយសិក្សាស្រាវជ្រាវរចនាសម្ព័ន្ធគ្រឹះកំពង់ទឹករបស់បារាយមេបុណ្យនៃប្រាសាទបន្ទាយឆ្មារ មុនពេលចាប់ផ្តើមជួសជុល ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានគាំពារនិងអភិរក្សសំណង់បុរាណ បានរកឃើញចម្លាក់សត្វតោមួយស្ថិតក្នុងរចនាបថសម័យបាយ័ន្តស.វទី១៣ កប់ក្នុងដីជម្រៅប្រហែលជាងមួយម៉ែត្រ។ ដើម្បីការពារសុវត្ថិភាពចម្លាក់តោដែលទើបនឹងរកឃើញនេះ នាយកដ្ឋានបានសហការយ៉ាងជិតស្និទ្ធជាមួយនគរបាលបេតិកភណ្ឌប្រចាំការប្រាសាទបន្ទាយឆ្មារ ដោយចាត់កម្លាំងយាមកាមជាប្រចាំ។
សូមបញ្ជាក់ជូនថា បន្ទាប់ពីពិនិត្យឃើញ កំពង់ទឹកនេះទទួលរងនូវការខូចខាតស្ទើរតែបាត់រូបរាងអស់ទៅហើយនោះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានអនុញ្ញាតគោលការណ៍ឲ្យមន្ត្រីបច្ចេកទេសនាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ ចំណុះឲ្យអគ្គនាយកដ្ឋានបេតិកភណ្ឌនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើការអភិរក្ស និងជួសជុល ដើម្បីលើកតម្លៃសោភ័ណភាពនៃសំណង់កំពង់ទឹកមួយនេះឲ្យរស់ឡើងវិញ។ ការអភិរក្ស និងជួសជុលកំពង់ទឹកនេះ ទទួលបានការឧបត្ថម្ភថវិកាដ៏ថ្លៃថ្លាពីលោកជំទាវ ឧកញ៉ា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន។
ប្រធានមន្ទីរវប្បធម៌ និង វិចិត្រសិល្ប ខេត្តបន្ទាយមានជ័យ លោក យង់ តាតាំងកួយថ្លែងបញ្ជាក់ថា ប្រជាពលរដ្ឋ ដែលស្រលាញ់វត្ថុបូរាណខ្មែរមួយក្រុម ក្រោមការដឹកនាំ និងចំណាយថវិកាដោយផ្ទាល់ របស់ លោកជំទាវ ម៉ៅ ម៉ាល័យ បាននាំគ្នាជួលជាងឱ្យជួសជុលប្រាសាទមេបុណ្យនៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ហើយពេលកាយដីក៏ប្រទះឃើញរូបចម្លាក់តោចំនួន៦ កប់ក្នុងដីនៅកំពង់ទឹកបូរាណរបស់ប្រាសាទមួយនេះ ក្នុងនោះ តោដែលរូបរាងស្អាតដូចទម្រង់ដើមមាន១ទម្ងន់ជិត១តោន និង៥ទៀតបែកបាក់ ដៃ ជើង ក្បាលនិងដងខ្លួន ដាច់ចេញពីគ្នា។ លោកបញ្ជាក់ទៀតថា វត្តបូរាណទាំងនេះអាជ្ញាធរបានរក្សាទុកនៅក្នុងប្រាសាទមេបុណ្យដដែល ដោយមិនបានយកទៅដាក់នៅក្នុងសារមន្ទីរជាតិនោះទេ ពីព្រោះដើម្បីទុកឱ្យប្រជាពលរដ្ឋ និងអ្នកទេសចរបានចូលទស្សនាកម្សាន្ត នៅពេលដែលទៅលេងប្រាសាទនេះ។ លោកថាចំពោះតោដែលបែកបាក់ ក្រុមការងារនឹងធ្វើការជួសជុល ហើយរបស់ណាដែលជួសជុលមិនបាន ក៏នឹងត្រូវរក្សាទុកមួយកន្លែង។




















