លោក កុយ ស៊ីឌឿន ព្រមទាំង សមាគមបញ្ញវន្ត និង យុវជនស្ម័គ្រចិត្ត ចែករំលែកក្ដីស្រឡាញ់ដល់ក្មេងៗនៅរកាកោង

0

វង្ស សុម៉ាលីន

កាលពីព្រឹកថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០២០ តារាចម្រៀង និង ជាម្ចាស់ផលិតកម្ម DP លោក កុយ ស៊ីឌឿន បានសហាការណ៍ជាមួយ សមាគមបញ្ញវន្ត និង យុវជនស្ម័គ្រចិត្ត បានចុះទៅចែកអំណោយដល់សិស្សានុសិស្ស ដើម្បីចូលរួមអបអរឆ្លងឆ្នាំថ្មី និង ថ្ងៃ៧មករាដែលនឹងឈានមកដល់ក្នុងពេលខាងមុខនេះ។

នេះមិនមែនជាលើកទីមួយនោះទេដែល ប្រធានក្លិបសិល្បៈ DP លោក កុយ ស៊ីឌឿន បានចាយលុយផ្ទាល់ខ្លួននិង កៀរគរជំនួយដើម្បីចូលរួមសកម្មភាពមនុស្សធម៌ ពិសេសគឺការចុះចែកអំណោយដល់ក្មេងកំព្រា។ ជាក់ស្ដែងកាលពីព្រឹកថ្ងៃអាទិត្យទី ៥ នេះលោករួមទាំងតំណាងសមាគមបញ្ញវន្ត និង យុវជនស្ម័គ្រចិត្ត បាននាំយកអំណោយបន្តិចបន្តួចដូចជាសៀវភៅ ប៊ិក និងថវិការមួយចំនួនទៅចែកជូនដល់សិស្សានុសិស្សជិត ២០០នាក់ នៅក្នុងភូមិគ្រឹះរបស់លោកផ្ទាល់តែម្ដង ដែលមានទីតាំង នៅក្នុងភូមិរកាកោង ស្រុកមុខកំពូល ខេត្តកណ្ដាល។ តាមការលើកឡើងរបស់លោកបានពញ្ជាក់ថា សិស្សទាំងនោះភាគច្រើនគឺជាក្មេងដែលមានជីវភាពក្នុងគ្រួសារខ្វះខាត ដែលនេះគឺជាសកម្មភាពចែករំលែកក្ដីស្រឡាញ់ស្មើរគ្នាមួយរបស់លោក ព្រមទាំងក្រុមការងារ ដើម្បីជួយលើកកម្ពស់លើវិស័យអប់រំ ពិសេសលើកទឹកចិត្តដល់យុវសិស្សទាំងអស់ឱ្យស្រឡាញ់ និង ខិតខំរៀនសូត្រ ដើម្បីក្លាយជាទំពាំងស្នងឬស្សីទៅថ្ងៃក្រោយ។

ក្រៅតែពីការចែកសម្ភារៈសិក្សា លោក និងតំណាងសមាគម បានសំណេះសំណាលជាមួយកុមារាកុមារីអំពីផលវិបាកផ្សេងៗក្នុងការសិក្សា ។ មិនតែប៉ុណ្ណោះលោកក៏បាន រៀបចំកម្មវិធីលេងល្បែងប្រឡងប្រជែងដណ្ដើមយករង្វាន់លើកទឹកចិត្តផ្សេងៗដើម្បីបង្កើនភាពស្និទស្នាល បរិយាសប្បាយរីករាយ និងផ្ដល់ភាពកក់ក្ដៅជូនក្មេងៗពោពេញទៅដោយស្នាមញញឹមថែមទៀតផង។

គួរបញ្ជាក់ផងដែរថា លោក កុយ ស៊ីឌឿន ក៏ធ្លាប់ជាអតីតក្មេងកំព្រានៅក្នុង មណ្ឌលកៀនឃ្លាំង។ ហេតុដូចនេះជារឿយៗលោកតែងតែរំលេចការជួយដល់ចាស់ជរាកុមារតូចៗ និងសិល្បករ មានការលំបាក ដោយពុំមានការរើសអើងអ្វីឡើយ ដើម្បីបំផុសនូវការចែករំលែកមនុស្សធម៌ ជួយដល់កិច្ចការសង្គម ទើបអ្នកសិល្បៈគ្រប់រូបគោរពស្រឡាញ់លោកគ្រប់ៗគ្នា។

LEAVE A REPLY

Please enter your comment!
Please enter your name here