ភាពយន្តរឿង « ឃុនផែន បេសកកម្មដំបូង » បើកសម្ភោធជាផ្លូវការ

0

នារាត្រីថ្ងៃទី ១៦ ខែធ្នូ រោងភាពយន្ត Major Cineplex សាខា AEON 1 បានបើកសម្ភោធខ្សែរភាពយន្តថ្មីមួយគឺរឿង « ឃុនផែន »។ មិនតែប៉ុណ្ណោះក៏មានវត្តមានយុវវ័យដែលជាទស្សនិកជន បានចូលរួមទស្សនាជាច្រើនកុះករពាសពេញរោងកុនគួរឱ្យកត់សម្គាល់។

ភាពយន្តភាគថៃរឿង ឃុនផែន ឬ បេសកកម្មដំបូង គឺជារឿងនិទានដែលគ្រប់គ្នាតែងតែឮតៗគ្នា ពេលនេះត្រូវបានបង្កើតឡើងថ្មី និង មានលក្ខណៈ ជា Super Hero បែបថ្មីទៅតាមការស្រមើស្រម៉ៃរបស់អ្នកដឹកនាំរឿង។ ម្យ៉ាងវិញទៀតរឿងនេះត្រូវបានច្របាច់បញ្ចូលគ្នានូវបរិបទបែបសម័យថ្មី សម័យបច្ចុប្បន្ន ចូលទៅក្នុងបរិបទជំនាន់ដើមគួរឱ្យប្លែកភ្នែក។ ពិសេសជាងនេះទៅទៀតសាច់រឿងទាំងមូលប្រកបទៅដោយភាពច្នៃប្រឌិតរបស់អ្នកនិពន្ធ មានលាយឡំនូវឈុតឆាកជាច្រើន ទាំងឈុតវាយប្រហារ ឈុតឆាកបែបស្រមើស្រម៉ៃ មន្តអាគម យុទ្ធសិល្ប៍បែបថ្មី ឈុតឆាកស្នេហារ៉ូមែនទិក និង កំប្លុកកំប្លែងផងដែរ។ មិនតែប៉ុណ្ណោះក៏មានឈុតឆាកមួយចំនួនដែលអាចធ្វើឱ្យអ្នកទស្សនាគ្រប់គ្នានឹកឃើញដល់ភាពយន្តមួយចំនួនដែលលោកអ្នកធ្លាប់បានមើលរួចមកហើយទៀតផង។ ជាងនេះទៅទៀត រឿង « ឃុនផែន » ក៏មានវត្តមានតារាល្បីៗ របស់ប្រទេសថៃចូលរួមសម្ដែងផងដែរ។ ក្នុងនោះយើងឃើញមានតួអង្គសំខាន់ៗដូចជា លោក Mario Maurer ដើរតួនាយកែវ, Yongwaree Ngamkasem ដើតួនាងភីម, Jade-Angelica Fromento រស្មីចន្ទ, Philip Thinrof ដើរតួនាយឆាង,Supakorn Kitsuwon ដើរតួ ជាលោកគ្រូដេត រួមទាំងតារាកិត្តិយសល្បីជាច្រើនរូបទៀត។

រឿង « ឃុនផែន បេសកកម្មដំបូង » ផ្ដើមចេញពីដំណើរផ្សងព្រេងរបស់ កែវ និង ពេជ្ជ ដែលមានសក់កំប៉ោងត្រូវជាមិត្តសម្លាញ់នឹងគ្នា។ អ្នកទាំងពីរបានធ្វើការផ្សងព្រេងទៅកាន់ទីក្រុង ក៏ទៅជួបនឹង ឆាង និង ភីម ដែលត្រូវជាមិត្តល្អនឹងគ្នាតាំងពីកុមារភាព។ ហើយកែវ និង ភីម បានលង់ស្រឡាញ់គ្នាតាំងពីដំបូង ទាំងពេលដែលកែវបាត់ការចងចាំតាំងពីតូចទៅហើយក្ដី។ ក្រោយមក កែវ និង ឆាង បានចូលហ្វឹកហាត់ទាហានជាមួយគ្នា តែចុងក្រោយកែវ ត្រូវបានគេចោទថាជាមនុស្សព្រៃ និងជាជនក្បត់ ហើយដកហូតពីដំណែង។ តែ កែវនៅតែត្រឡប់មកវិញដើម្បីការពារទឹកដី និង មនុស្សដែលខ្លួនស្រឡាញ់ ពីអ្នកលេងមន្តអាគមផ្លូវងងឹត និងអ្នកដែលបង្ករភាពចលាចលក្នុងពិធីដ៏ធំប្រចាំក្រុង។

បើចង់ជ្រាបច្បាស់ថាតើសាច់រឿង « ឃុនផែន » មានភាពប្រទាក់ក្រឡា គួរឱ្យចង់ទស្សនាកម្រិតណា សូមកុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នា នៅគ្រប់សាខារោងកុន Major Cineplex និង តាមបណ្ដារោងកុននានា ចាប់ពីថ្ងៃទី ១៨ ខែធ្នូ នេះតទៅ។

LEAVE A REPLY

Please enter your comment!
Please enter your name here