ម៉ៅ សុចាន់ធី ប្រតិកម្មប្រព័ន្ធតុលាការ

0

អតីតតារាសម្តែងជើងចាស់អ្នកនាង ម៉ៅ សុចាន់ធី បានវិលមកលេងស្រុកខ្មែរជាថ្មីម្តងទៀតហើយនៅថ្ងៃនេះ បន្ទាប់ពីអ្នកនាងបានផ្តាច់ចោលអាជីពសិល្បៈ ហើយចេញទៅរស់នៅសហរដ្ឋអាមេរិកអស់ជាច្រើនឆ្នាំមកនេះ។ អ្វីដែលគេកត់សម្គាល់គឺអ្នកនាងត្រលប់មកលើកនេះ គឺមកដស្រាយបញ្ហាដីធ្លីរបស់ប្អូនស្រី ដោយអ្នកនាងក៏បានរិះគន់ពីចំណាត់ការប្រព័ន្ធតុលាការ ដែលអូសបន្លាសបន្លាយមិនដោះស្រាយច្រើនឆ្នាំមកហើយ ព្រោះតែប្អូនស្រីអ្នកនាងក្ដីក្ដាំងជាមួយអ្នកមាន។

អ្នកនាង ម៉ៅ សុចាន់ធី បានអះអាងប្រាប់អ្នកសារព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញថា ការវិលមកលេងស្រុកខ្មែរជាថ្មីនាពេលនេះគឺ ក្រៅពីមកជួបស្វាមី និងបងប្អូននៅស្រុកកំណើតនោះគឺអ្នកនាងចង់មកតាមមដានលើរឿងក្តីរបស់ប្អូនស្រីរបស់ខ្លួនផងដែរ។ អ្នកនាងបញ្ជាក់ថា ប្អូនស្រីរបស់ខ្លួនបានរងនូវភាពអយុត្តិធម៌ពាក់ព័ន្ធទៅនឹងបញ្ហាដីធ្លី ខណះពេលការប្តឹងផ្តល់គ្នានៅតែអូសបន្លាយមិនទាន់ដោះស្រាយនៅឡើយ។

អ្នកនាងថា រហូតមកទល់ពេលនេះរឿងក្តីប្អូនរបស់នាងកំពុងស្ថិតក្នុងដៃព្រះរាជអាជ្ញានៅឡើយ ដោយមិនទាន់បញ្ជូនដល់ដីតុលាការ ដើម្បីធ្វើការដោះស្រាយឲ្យបានចប់សព្វគ្រប់នៅឡើយទេ ក្នុងពេលដែលប្អូនស្រីរបស់នាងកំពុងរងចាំការដោះស្រាយដោយសមស្របឲ្យបានឆាប់ៗ។

យ៉ាងណាក៏ដោយ បើតាមអ្នកនាង ម៉ៅ សុចាន់ធី រហូតមកទល់ពេលនេះអ្នកនាង និងប្អូនស្រីមិនទាមទារអ្វីក្រៅឲ្យតុលាកាត់សេចក្តីដោយយុត្តិធម៌ និងតម្លាភាពនោះឡើយ ខណះពេលដែលប្អូនស្រីរបស់អ្នកនាងគឺជាជនរងគ្រោះមួយរូប។
អ្នកនាងជឿថា ក្រោមការដឹកនាំប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឈន៍គ្រប់វិស័យពីសំណាក់សម្តេចតេជោនោះ គឺប្រព័ន្ធតុលាការក៏នឹងមានភាពកាន់តែល្អប្រសើរ ដោយការកាត់ក្តីដោយភាពយុត្តិធម៌។ ដោយឡែកពាក់ព័ន្ធទៅនឹងបញ្ហាគ្រួសារនឹងសិល្បៈវិញ ត្រូវបានអ្នកនាង ម៉ៅ សុចាន់ធី លើកឡើងថា ខ្លួនកំពុងបានរៀបចំឯកដាក់ទៅកាន់ស្ថានទូតអាមេរិករួចហើយ ដើម្បីធានាស្វាមីរបស់អ្នកស្រីទៅរស់នៅអាមេរិកជុំគ្នា បន្ទាប់ពីអ្នកនាងបានរៀបការហើយបានប្រមាណជាងមួយឆ្នាំមកនេះ។

ការវិលមកនេះអ្នកនាងក៏មានបំណងចង់បង្ហាញវត្តមានលើកញ្ចក់ទូរទស្សន៍នានាផងដែរ ប៉ុន្តែដោយសារតែអ្នកនាងមករយៈពេលខ្លី ពោលត្រឹមតែ៣សប្តាហ៍ប៉ុណ្ណោះ ហេតុនេះទំនងជាអ្នកនាងមិនមានឱកាសសម្រាប់ធ្វើរឿងនេះឡើយ។
យ៉ាងណាក៏ដោយសម្រាប់វិស័យសិល្បៈនេះអ្នកនាងនៅតែស្រាឡាញ់ដដែល បើទោះបីជាពេលនេះអ្នកនាងមានវ័យជ្រេបន្តិចក៏ដោយ ប៉ុន្តែអ្នកនាងនៅតែមានបំណងចង់សម្តែងឡើងវិញដដែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here