ភាពយន្តរឿង”ចំណាប់ខ្មាំង របាំងស្នេហ៍” ក្រុងពាលីចេញថត

0

កាលពីព្រឹកថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០១៩ ផលិតកម្ម B&S Good Day បានរៀបចំពិធីក្រុងពាលីរឿង”ចំណាប់ខ្មាំង របាំងស្នេហ៍” ដែលជាភាពយន្តភាគថ្មីប្រចាំប៉ុស្តិ៍លេខ៥។ នេះជាសកម្មភាពក្រុងពាលីមួយថ្មី បន្ទាប់ពីភាពយន្តនេះ ទើបតែក្រុងពាលីចេញថតរឿង”បេះដូងខ្វះស្នេហ៍”កាលពីប៉ុន្មានថ្ងៃមុន។

លោក ប៊ុន ស៊ា ម្ចាស់ផលិតកម្ម B&S Good Day បានអះអាងថា នេះជាភាពយន្តភាគថ្មី ដែលលោកបានចាប់ដៃជាមួយផលិតកម្មចក្រវាឡពេជ្រ ផលិតអោយប៉ុស្តិ៍លេខ៥។ ភាពយន្តនេះជាង៧០ភាគរយនៃសាច់រឿង គឺថតនៅខេត្តមណ្ឌលគីរី ដោយសារសាច់រឿងនិយាយពាក់ព័ន្ធនឹងជនជាតិព្នង និងដើម្បីរំលេចទេសភាពស្អាតៗ ផ្សព្វផ្សាយពីតំបន់ទេសចរណ៍នៅទីនោះផង។ គម្រោងចំណាយទាំងស្រុង អាចឈានដល់១០ម៉ឺនដុល្លារ ដើម្បីអោយសាច់រឿងទាំងមូលមានគុណភាពគ្រប់គ្រាន់។ នេះក៏ជារឿងដែលនិយាយពីការសងសឹក ចាប់ខ្លួនមនុស្សដែលខ្លួនចងគំនុំ ប៉ុន្តែចុងក្រោយ បែរជាក្លាយជាស្នេហា។ លោកនឹងសម្រុកថតភាពយន្តនេះ អោយចប់នៅអំឡុងខែ៣ឆ្នាំ២០២០ ហើយនឹងចាក់បណ្ដើរៗនៅអំឡុងខែ៤ លើប៉ុស្តិ៍លេខ៥។

កញ្ញា ខ្លឹម ស្រីគា ជាតួឯកស្រី បានថ្លែងបញ្ជាក់ថា នាងសប្បាយចិត្ត ដែលបានសម្ដែងជាតួអ្នកមានរស់ក្នុងទីក្រុងលូយឆាយ ហើយត្រូវតួប្រុសដែលពោរពេញដោយគំនុំចាប់យកទៅធ្វើបាប ដែលអាចអោយនាងពិបាកសម្ដែង។ នាងប្រកាសថានឹងប្រឹងសម្ដែង ថ្វីដ្បិតតួអង្គប្រុសគឺលោក ចន សាក់ ជាតារាម៉ូដែល ដែលនាងមិនធ្លាប់សម្ដែងជាមួយទាល់តែសោះ។