បវរកញ្ញា ភពផែនដីអន្តរជាតិ ទទួលបានការស្វាគមន៍ពីថ្នាក់ដឹកនាំខេត្តសៀមរាប

0

 

កាលពីព្រឹកថ្ងៃទី២៩ តុលា ឆ្នាំ២០១៩ បវរកញ្ញា ភពផែនដីលេខ២អន្តរជាតិ Miss Planet Internet ជនជាតិថៃ កញ្ញា ម៉ារីសា ផុនធីរ៉ាត់ បានធ្វើទស្សនកិច្ចនៅខេត្តសៀមរាប ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីថ្នាក់ដឹកនាំខេត្ត ដែលតំណាងដោយលោកអភិបាលរង ពៅ ពិសិដ្ឋ និងមន្ត្រីពាក់ព័ន្ធ។ ក្នុងឱកាសនោះ កញ្ញាក៏បានចូលរួមដាំកូនក្រញូងប្រមាណ២០០ដើម នៅតំបន់ប្រាសាទបន្ទាយក្ដីនៅខេត្តសៀមរាប ដើម្បីបំផុសអោយចូលរួមការពារធម្មជាតិផងដែរ។ 

លោកស្រី ហាយ តារា សហអគ្គនាយិកា Miss Planet International ជាអ្នកដឹកនាំដំណើរទស្សនកិច្ចនេះ បានថ្លែងបញ្ជាក់ថា ពិតជាកិត្តិយសយ៉ាងខ្លាំង ដែលវត្តមានមកដល់របស់បវរកញ្ញាថៃលេខ២អន្តរជាតិ ត្រូវបានទទួលស្វាគមន៍ពីគណអភិបាលខេត្តសៀមរាប ដែលជំនួសមុខដោយលោក ពៅ ពិសិដ្ឋ នៅរដ្ឋបាលខេត្ត។ អ្នកស្រីថាការដឹកនាំបវរកញ្ញាថៃ មកធ្វើទស្សនកិច្ចនៅខេត្តសៀមរាប គឺជាលើកទី២ហើយ ដោយដំណើរមកលើកនេះ រឹតតែធ្វើអោយបវរកញ្ញាថៃយល់ដឹងពីការរស់នៅ និងពីវប្បធម៏របស់កម្ពុជា។ ក្រៅពីចូលរួមធ្វើសកម្មភាពសប្បុរសធម៏ បវរកញ្ញាថៃក៏នឹងរួមចំណែកបំផុសពីកម្ពុជាអោយពិភពលោក ស្គាល់កាន់តែច្បាស់ផងដែរ។ ជាក់ស្ដែងក្រោយបញ្ចប់ការស្វាគមន៍ជាមួយថ្នាក់ដឹកនាំខេត្ត កញ្ញា ម៉ារីសា ក៏បានចូលរួមដាំដើមឈើ ដើម្បីបំផុសអោយស្រលាញ់ធម្មជាតិ និងរួមចំណែកដដើមឈើ កាត់បន្ថយកំដៅលើផែនដី។ លោកស្រីថា វត្តមានមកដល់របស់បវរកញ្ញាថៃ ក៏មានការទទួលយ៉ាងកក់ក្ដៅពីក្រុមការងារបុរីអង្គរ លែនម៉ាក្ស និង ម៉េម័រផាលេស រីសត និង ស្ប៉ា និងដៃគូសហការផ្សេងទៀតផងដែរ។ នៅក្នុងថ្ងៃនោះ អ្នកជំនាញចំណីអាហាររបស់ភោជនីយដ្ឋាន ម៉េម័រ រីសត និង ស្ប៉ា ក៏បានបង្ហាញបទឧទ្ទេសនាមពីអត្ថប្រយោជន៍អាហារសុខភាព ចែកជូនការយល់ដឹង។ អ្នកស្រីថា បើគ្មានការសហការចូលរួមពីដៃគូទាំងនេះទេ ក៏ដំណើរទស្សនកិច្ចរបស់បវរកញ្ញាថៃ មិនអាចជោគជ័យនោះដែរ។ ក្រោយបញ្ចប់ទស្សនកិច្ចនៅសៀមរាប កញ្ញាឯកថៃ នឹងបន្តទស្សនកិច្ចនៅភ្នំពេញ និងបណ្ដាខេត្តមួយចំនួនទៀត មុនត្រលប់ទៅប្រទេសថៃវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here