ឡេង ណាវ៉ាត្រា លូកដៃកាន់តែជ្រៅមិនគួរអោយជឿ

0

ខុសពីតារាសិល្បៈមួយចំនួន ដែលបានក្លាយជាខ្លួនជាបុគ្គលល្បី និងមានទ្រព្យសម្បត្តិស្ដុកស្ដម្ភហើយសម្រេចចិត្តបាត់មុខ ដើម្បីអោយសមនឹងមុខមាត់ និងតំណែងដែលខ្លួនទទួលបាន លោក ឡេង ណាវ៉ាត្រា ដែលត្រូវគេស្គាល់ថាជាម្ចាស់ផលិតកម្មGalaxy ជាម្ចាស់បុរីឡេងណាវ៉ាត្រា និងជាតារាសិល្បៈមួយរូបផង បែរលូកដៃកាន់តែជ្រៅទៅវិញ ចាប់តាំងពីលោកក្លាយខ្លួនជាឧកញ៉ាម្នាក់នៅក្នុងសង្គម។ លោកត្រូវគេឃើញចុះចែកអំណោយស្ទើរមិនដាច់នាពេលចុងក្រោយ ខណៈដែលក្រៅពីបរិច្ចាគថវិកា និង ចែកអំណោយដល់ចាស់ៗ លោកក៏ឈានដល់លូកដៃក្នុងការងារសង្គមថែមទៀត តាមរយៈការផ្ដល់លុយផ្ទាល់ខ្លួនដើម្បីស្ដារលូ និងជួយជួសជុលផ្លូវ នៅក្នុងសហគមន៍មួយចំនួនយ៉ាងលេចធ្លោ។

ការសរសើរដែលចេញពីមាត់ប្រជាពលរដ្ឋនេះ បានកើតឡើងកាន់តែខ្លាំង បន្ទាប់ពីលោកទើបតែលេចវត្តមានមួយថ្មីទៀតចុះចែកថវិកា និងអំណោយជូនដល់ពលរដ្ឋជាច្រើនគ្រួសារនៅក្នុងសង្កាត់ចោមចៅ កាលពីព្រឹកថ្ងៃទី៥ កក្កដា។ មិនមែនអ្នកលេងហ្វេសប៊ុកតែម្នាក់នោះទេ ដែលលាន់មាត់សរសើរចំពោះសកម្មភាពរបស់លោកនាពេលចុងក្រោយ គឺមានកាន់តែច្រើនតែម្ដង ជាពិសេសអ្នកទាំងនោះបានទាំងយល់ថាលោកសមនឹងងារអ្នកសិល្បៈចិត្តធម៌ ក្រោយពីឡើងតំណែងជាអ្នកជំនួញ និងឧកញ៉ានោះផង។

លោក ឡេង ណាវ៉ាត្រា ដែលមិនធ្លាប់ភ្លេចកំណើតថាខ្លួនជា អតីតពលករនៅកូរ៉េ និងជាអតីតកម្មករ បានអះអាងថា លោកនឹងប្រើអោយអស់ពីលទ្ធភាពដើម្បីរួមចំណែកចែករំលែក និងយកចិត្តទុកដាក់ចំពោះអ្នកមានខ្វះខាតនៅក្នុងសង្គម អោយបានកាន់តែច្រើន ជាពិសេសនៅក្នុងកាលៈទេសៈ ដែលលោកបានក្លាយជាអ្នកមានបាននាពេលនេះ។ លោកថាការចែកអំណោយដែលបានធ្វើឡើង មិនមែនជាលើកទី១នោះទេ ដោយក្នុងពេលកន្លងមកលោកតែងយកផលចំណេញពីការលក់ដី និងលក់បុរី យកលុយមកទិញជាសម្ភារៈ និងចាត់ចែងជាអំណោយ ជូនដល់កម្មករ និងគ្រួសារអ្នកក្រីក្រជាប្រចាំ ជាពិសេសនៅក្នុងសហគមន៍ដែលលោកបានឃើញពីការលំបាក និងមានការស្នើដោយមេភូមិ ឬម្ចាស់សហគមន៍ ដែលជួបផលវិបាក។ ក្នុងនោះលោកក៏បានផ្ដល់ថវិការួមចំណែកដល់កាកបាទក្រហម និងជួយដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ ដើម្បីចូលរួមជាវិភាគទានជួយដល់សង្គមទាំងមូល៕