តារាថៃ Mario ធ្វើឲ្យកក្រើកខួប៤ឆ្នាំPNN

0

កាលពីថ្ងៃទី១៩ កក្កដា ឆ្នាំ២០១៩ ស្ថានីយ៍ទូរទស្សន៍ PNN បានប្រារព្ធពិធីខួប៤ឆ្នាំរបស់យ៉ាងអធឹកអធម ដោយអញ្ជើញសុទ្ធតែផលិតករ និងតារាល្បីៗរបស់កម្ពុជា អោយចូលរួម។ ក្នុងនោះវត្តមានតារាល្បីល្បាញរបស់ថៃ គឺលោក ម៉ារីអូ Mario រឹតតែធ្វើឲ្យកក្រើកកម្មវិធីទាំងមូលថែមទៀត ដោយសារតែតារារូបនេះ មានហ្វេនៗមកហ៑ោកញ្ជ្រោលពេញវេទិកា។

ពិធីដែលបានធ្វើឡើងយ៉ាងកក្រើកនៅក្នុងថ្ងៃនោះ ក៍មិនខុសពីខួបឆ្នាំមុនដែរ ដោយមានទាំងតារាខ្មែរ និងតារាថៃ ចូលរួម និងមានការសម្ដែងពិសេសពីសំណាក់តារាល្បីៗរបស់PNN។ តារាខ្មែរ ដែលគេឃើញបង្ហាញវត្តមាននៅក្នុងថ្ងៃនោះ រួមមាន លោក អែតវីន កញ្ញា យូប៑ីន លោកប៉ែន ចំរ៉ុង អ្នកនាង ភិន សុដាលីស អ្នកស្រី ចាន់ សោភ័ណ្ឌ លោក អុិន សុភិន លោក អូន ឩស្សាហ៍ លោក លាង ឩត្តម និង អ្នកនាង សឿន ផានផាភួង ជាដើម។ ក្នុងពិធី ក៍មានការបកស្រាយចម្រៀង ពីលោក ជា ដេវីត ជាច្រើនបទផងដែរ ប៉ុន្តែគេនៅតែកត់សម្គាល់ថា សន្ទុះគាំទ្រតារាថៃលោក Mario ក្នុងពេលបង្ហាញខ្លួន គឺលុបខ្លាំងជាងតារាខ្មែរ។ លោក ម៉ារីអូ បានបកស្រាយបទចម្រៀងជាភាសាថៃ និងបាននិយាយជាភាសាខ្មែរមួយម៉ាត់ៗ ធ្វើអោយមានសម្រែកហ៑ោកញ្ជ្រៀវយ៉ាងកងរំពង ពីហ្វេនគាំទ្រ។ ក្នុងនោះលោកក៍ត្រូវPNN រៀបអោយលេងហ្គេមទស្សន៍ទាយ ពាក់ព័ន្ធនឹងលោក ដែលកាន់តែអោយតារារូបនេះ ក្លាយជាតួឯកផ្ដាច់មុខក្នុងកម្មវិធីទាំងមូល។ លោក ម៉ារីអូ ត្រូវបានអ្នកគាំទ្រសរសើរថា ក្រៅពីល្បីឈ្មោះ និងពូកែសម្ដែង ក៍ជាតារាដែលមានភាពរួសរាយរាក់ទាក់ និង ស្រស់សង្ហាស្ទើរតែរកកន្លែងទាស់ផងដែរ។

លោក ម៉ារីអូ និយាយថា ជាលើកទី៣ហើយ ដែលលោកបានមកដល់កម្ពុជា ដោយដំណើរមកដល់លើកនេះ គឺកក់ក្ដៅខ្លាំង ព្រោះតែបានអ្នកគាំទ្រកម្ពុជាស្វាគមន៍តាំងពីចុះពីព្រលានរហូតដល់ក្នុងពេលលោកមកសម្ដែងនោះ។ លោកថាសប្បាយចិត្តដែលទទួលបានការអញ្ជើញអោយធ្វើជាតារាកិត្តិយសក្នុងខួប៤ឆ្នាំរបស់PNN ខណៈដែលលោកត្រៀមនឹងបញ្ចេញភាពយន្តថ្មី ដើម្បីអ្នកគាំទ្រនៅកម្ពុជាផងដែរនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here