សុះ ម៉ាច ប្រកាសថា តារាកំប្លែងសានម៉ៅ ដុនដាបខ្លាំង

0

បន្ទាប់ពីចុះទៅសួរសុខទុក្ខដោយផ្ទាល់ លោក សុះ ម៉ាច តារាចម្រៀងជើងចាស់ និងជាអតីតប្រធានសមាគមន៍សិល្បករខ្មែរ បានបង្ហាញពីភាពដុនដាបនៃស្ថានភាពជំងឺរបស់តារាកំប្លែង នាយ សាន ម៉ៅ យ៉ាងខ្លាំង ដោយក្នុងសាររបស់លោក គឺកាន់តែសង្វេគ នៅពេលលោកប្រកាសថា នាយសានម៉ៅ ស្ថិតក្នុងស្ថានភាពអស់លទ្ធភាពព្យាបាល និង កំពុងតែមានស្ថានភាពសុខភាពមិនអំណោយផលខ្លាំង ដោយសូម្បីតែនិយាយក៍មិនកើត គឺបានត្រឹមតែបានងក់ក្បាលបន្ទាប់ពីពេទ្យចោះទុយោតាមបំពង់ករ។

លោក សុះ ម៉ាច បានបង្ហោះគួរអោយសង្វេគជំនួសតារាកំប្លែងនាយ សាន ម៉ៅថា “ថ្ងៃនេះតំណាងឱ្យសមាគមសិល្បករខ្មែរ អ្នកនាង ចនច័ន្ទលក្ខិណានិងលោកហេងឡុង ។ខ្ញុំបាទរួមទាំងបងប្អូនសិល្បករសិល្បការិនី បានទៅសួរសុខទុក្ខលោក សាន ម៉ៅ រៀមច្បងសិល្បករផ្នែកល្ខោននិងកំប្លែង ដែលចូលសម្រាកនៅមន្ទីរពេទ្យជាលើកទី៤ព្យាបាលជម្ងឺសួតបេះដូង និងវះកាត់ដុំសាច់នៅបំពង់ក។សូមបញ្ជាក់ថានាយបានធូរស្រាលខ្លះហើយក្រោយពីត្រឡប់មកពីព្យាបាលនៅប្រទេសថៃកាលពីចូលឆ្នាំចិនកន្លងមកដោយអាចបរិភោគបានដើរបាននិយាយបាន។ទើបតែប៉ុន្មានថ្ងៃនេះជំងឺហាក់រើឡើងវិញ តម្រូវចូលសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យជោរៃ ភ្នំពេញនិងកំពុងសម្រាកក្នុងបន្ទប់១៣០៣។ពេលនេះនាយមិនអាចនិយាយបានទេ បានត្រឹមតែងក់ក្បាលនិងបង្ហូរទឹកភ្នែកដកដង្ហើមតាមរន្ធដែលចោះត្រង់បំពង់ក រង់ចាំខែក្រោយវះកាត់និងដេរបំពង់កទើបអាចសង្ឃឹមថាអាចនិយាយបានខ្លះវិញ។បើតាមការរៀបរាប់ពីភរិយារបស់លោកដែលមើលថែ ទាំងក្តុកក្តួលអួលដើមកថា គាត់អស់់លទ្ធភាពក្នុងការចំណាយដើម្បីព្យាបាលស្វាមីទៀតហើយ។ សង្ឃឹមលើចិត្តសប្បុរស ពីសំណាក់សប្បុរសជនក្នុងនិងក្រៅប្រទេសរួមទាំងបងប្អូនសិល្បករសិល្បការិនីដើម្បីបន្តព្យាបាលនាយអោយជាសះស្បើយវិញ។ ខ្ញុំសែនសង្វេកស្ទើរទប់ទឹកភ្នែកមិនបានពេលឃើញនាយក្នុងសភាពបែបនេះ។សមាគមបានឧបត្ថម្ថថវិការមូលនិធិសិល្បករចាស់ជរាជាលើកទី៤ចំនួន២៥០$ ខ្ញុំបាទក៏ឧបត្ថម្ភថវិកាផ្ទាល់ខ្លួន៥០$រួមទាំងបងស្រីគ្រត៥០$ផងដែរ។ បើលោកអ្នកមានបំណងសួរសុខទុក្ខរឺឧបត្ថម្ភដល់នាយសូមទាក់ទងតាមទូរស័ព្ទលេខ ០១២ ៨២៥ ៧៣៦..រឺលេខខ្ញុំបាទ ០១៧ ៤៨០ ១៧៧…០៨៧ ២៧៦.៦៦៣ សូមអរគុណ .សូមជួយផ្តល់កម្លាំងចិត្តនិងឧបត្ថម្ភតាមសទ្ធាដល់នាយផង!!!ហ៊ឺ!!ថ្ងៃនេះនាយសានម៉ៅ នាយក្តឹប តើថ្ងៃក្រោយនរណាទៀត?សូមទេវតាឆ្នាំថ្មីព្រមទាំង វត្ថុសក្តិសិទ្ធិក្នុងលោកជួយថែរក្សាសិល្បករសិល្បការិនីខ្មែរទាំងអស់អោយជៀសផុតពីគ្រោះអកុសលទាំងឡាយផង!!!”។ ខ្លឹមសាររបស់លោក ធ្វើអោយមានការសង្វេគចិត្តយ៉ាងខ្លាំង ចំពោះមហាជនភាគច្រើន ដែលធ្លាប់តែឃើញតារាកំប្លែងនាយសាន ម៉ៅ នៅលើវេទិកា និង កញ្ចក់ទូរទស្សន៍។

ជាមួយនឹងការអំពាវនាវរបស់លោកសុះ ម៉ាច គេក៍ឃើញសប្បុរសជនច្រើននាក់ បានទាក់ទងដោយផ្ទាល់ដើម្បីផ្ដល់ជំនួយជួយដល់លោកដែរ ខណៈដែលជំនួយទាំងនោះ នៅមិនទាន់ដឹងថាតើនឹងបន្តលទ្ធភាពអោយនាយសានម៉ៅ បានបន្តការព្យាបាលរហូតបានជា ឬ ស្ថិតក្នុងដំណាក់កាលរាំរ៉ៃបែបនេះយូរទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here