បញ្ចេញស្នាដៃម្លឹងហើយ រំដួលលិចទឹកនៅតែរងការបំបាក់ទឹកចិត្ត

0

មិនមែនតារាទាំងអស់សុទ្ធតែមានសមត្ថភាពធ្វើបាននោះទេ ប៉ុន្តែសម្រាប់តារាភេទទី៣ កញ្ញា រំដួលលិចទឹក បែរជាសមត្ថភាពបើកការប្រកួតជ្រើសរើសតំណាងមួយរូបរបស់Miss Planet កម្ពុជាបានយ៉ាងជោគជ័យ ដោយបានទាំងបញ្ចេញថ្វីដៃច្នៃឈុតតំណាងជាតិ និងផលិតវីដេអូអោយបេក្ខភាពរបស់កម្ពុជា ដែលពោរពេញដោយខ្លឹមសារ និងអត្ថន័យនោះផង។ យ៉ាងណាមិញ ក្នុងចំណោមអ្នកសរសើរនាងយ៉ាងភ្លូកទឹកភ្លូកដី ក៏នៅតែមានអ្នករិះគន់ចំពោះស្នាដៃទាំងនេះ ដែលធ្វើអោយនាងប្រកាសថាចង់បាក់ទឹកចិត្តនោះផងដែរ។

កញ្ញារំដួលលិចទឹកបានអះអាងថា ឈុតតំណាងជាតិរបស់នាងត្រូវបានកែច្នៃឡើងដោយគិតពីគុណតម្លៃ យ៉ាងខ្លាំង ប៉ុន្តែបែរជាមានអ្នករិះគន់ថាឈុតទេពធីតាសង្ក្រានរបស់នាងច្នៃឡើងរញ៉េរញ៉ៃ ហើយមើលទៅមិនមានភាពទាក់ទាញ។ បន្ទាប់ពីត្រូវអ្នករិះគន់ប្រើពាក្យសំពោងមិនល្អទាំងនេះ រូបនេះក៏ត្រូវបានអ្នករិះគន់ព្រួតគ្នាបន្ទោសថាផលិតវីដេអូពីMiss Planet Cambodia ដែលទើបបង្ហោះថាមើលមិនយល់ និងមិនដឹងចង់និយាយពីអ្វីដែលកាន់តែធ្វើអោយនាងមិនសប្បាយចិត្ត។ យ៉ាងណាមិញ នាងថាមិនបោះបង់ការចាត់ចែងចំពោះMiss Planet Cambodia ដែលកំពុងសស្រាក់សស្រាំក្នុងការប្រលងMiss Planet International ដែលបានចាប់ផ្ដើមតាំងពីថ្ងៃ២៣ កុម្ភៈ។ នាងថាពិធីនេះគ្រោងបញ្ចប់នៅថ្ងៃទី១ មីនា ដោយនាងប្រកាសថានឹងធ្វើអោយទាល់តែចប់ចុងចប់ដើម ថ្វីដ្បិតថារាល់ការបញ្ចេញស្នាដៃរបស់នាងត្រូវបានរិះគន់ មិនលើកទឹកចិត្តទាំងអស់។

ជាមួយនឹងការតាំងចិត្តចូលរួមក្នុងព្រឹត្តិការណ៍ Miss Planet International អោយចប់សព្វគ្រប់ កញ្ញាក៏បានប្រកាសពន្យល់អោយដឹងពីខ្លឹមសារ និងគុណតម្លៃរបស់ឈុតតំណាងជាតិ និងពីវីដេអូដែលនាងផលិតឡើងដើម្បីអោយ Miss Planet Cambodia បានចូលរួមប្រកួតនោះផងដែរ។ យោងតាមការបង្ហោះនាងបានសរសើរលើផេក និងលើគណនេយ្យផ្ទាល់ខ្លួនថាឈុតតំណាងជាតិ របស់បវរកញ្ញាឯកភពផែនដីកម្ពជា គឺឈុតទេពធីតាមហាសង្ក្រាន ដោយឈុតនេះត្រូវបានច្នៃឡើង ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់ពេលខាងមុខ។ នៅក្នុងជំនឿខ្មែរ ពិធីបុណ្យនេះមានទំនាក់ទំនងយ៉ាងសំខាន់រវាងចក្រវាឡ និង រាសីចក្រទាំង ១២ នៅក្នុងឆ្នាំចន្ទគតិរបស់ខ្មែរ ដែលផ្សារភ្ជាប់ជីវិតមនុស្សទៅក្នុងចក្រវាឡ ធម្មជាតិ និង ព្រហ្មវិហារធម៌ទាំង ៤ គឺ៖ មេត្តា ករុណា មុទិតា និង ឧបេក្ខា ដែលជា “សារសន្តិភាព” ទៅកាន់មនុស្សជាតិទូទាំងពិភពលោក។ ឈុតនេះ ត្រូវបានរចនាឡើងបង្ហាញពី“ទិដ្ឋភាពនៃព្រះរាជពិធីដង្ហែព្រះសិរសាកបិលមហាព្រហ្ម” ដោយ៖

១. មកុដចេតិយ៖ តំណាងឲ្យ “ភ្នំព្រះសុមេរុ” ដែលទេពធិតាមហាសង្រ្កាន្តហែរប្រទក្សិណ។
២. ក្លស់ បាំងសូរ្យ ចាមរ បៃមន បាំងសែង សែនត្វ័ន ភូតាន វាលវីជនី៖ គឺជាគ្រឿងដង្ហែប្រកបថ្នាក់ខ្ពស់ ដែលខ្មែរបានប្រើប្រាស់សម្រាប់ក្បួនដង្ហែនៅក្នុងព្រះរាជពិធី តាំងអំពីបុរាណរៀងមក ។ ការដែលដាក់គ្រឿងដង្ហែនេះសង្ខាង ចំនួន ៧ ក៏យោងទៅតាមជំនឿលោកធាតុវិទ្យាដែលថា៖ “ភ្នំព្រះសុមេរុដែលជាផ្ចិតនៃចក្រវាឡ ត្រូវបានព័ទ្ធជុំវិញដោយជួរភ្នំប្រាំពីរជាន់ និង មហាសាគរប្រាំពីរជាន់” ។
៣. ទេពប្រណម្យទាំងសង្ខាង រួមនឹងទេពធិតាមហាសង្រ្កាន្តដែលនៅចំកណ្ដាល តំណាងឲ្យ “សិរីទាំង ៣ ប្រការ” ដែលជាមង្គលនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីរបស់ខ្មែរ ។
៤. កណ្ដឹង និង ចង្រ្កង់ ដែលបង្កើតជាបទភ្លេង តំណាងឲ្យ ការប្រគំបទភ្លេងនៅព្រះរាជពិធីដង្ហែ ដែលជាទំនៀមរបស់ខ្មែរតាំងអំពីបុរាណ។
ងាកទៅវីដេអូដែលនាងបានផលិតដោយអោយMiss Planet Cambodia តែងខ្លួននៅក្នុងសម័យលង្វែក ហើយយកផ្កាទៅថ្វាយព្រះ គឺចង់បង្ហាញពីព្រះវិហារអាយុជាង១០០ឆ្នាំ នៅវត្តចំណាស់ជាងគេនៅភ្នំពេញ និងដើម្បីបង្ហាញឈុតសំលៀកបំពាក់បុរាណក្នុងសម័យឧដុង្គ ដែលមានអាយុកាលយូរឆ្នាំមកដែរ។ នាងថាគ្រឿងសម្ភារៈ ដែលបានប្រើក្នុងវីដេអូនោះ សុទ្ធតែមានអាយុកាលជាងរយឆ្នាំទាំងអស់ ជាពិសេសគឺប្រវត្តិសំពះព្រះក្នុងសាសនានៃយើង និងសិល្បៈចាក់ផ្ការ៉ាក់ខ្មែរពី ផ្កាម្លិះ ផ្កាទំហ៊ូ ផ្កាចំប៉ា និងផ្កានួនស្រី ធ្វើជាភួងដើម្បីថ្វាយព្រះ ដែលប្រពៃណីនេះសុទ្ធតែមានអាយុកាលចំណាស់។ កញ្ញាថា ក្នុងវីដេអូមិនមែនរញ៉រញ៉ៃទេ ប៉ុន្តែផ្ទុយទៅវិញ គឺបង្ហាញពីសិល្បៈវប្បធម៌ អរិយៈធម៌ សាសនា ប្រពៃណីទំនៀមទំលាប់ដ៏ល្អរុងរឿងនៃព្រះនគរខ្មែរនៃយើងជូនដល់អន្តរជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here