រឿង«ចិញ្ចៀន»ប្រកាសបញ្ចាំងផ្លូវការនៅថ្ងៃទី៣ មករា

0

ក្រោយការចចារយ៉ាងស្វិតស្វាញ ភាពយន្តខ្នាតធំរបស់ផលិតកម្មចក្រវាឡពេជ្រភាពយន្ត ដែលជាស្នាដៃផលិតដោយលោក ម៉េង ប៊ុនឡូ ទទួលបានសិទ្ធិដាក់បញ្ចាំងគ្រប់រោងមុនថ្ងៃបុណ្យ៧ មករា ដូចការគ្រោងទុកហើយ ដោយគ្រប់បណ្ដារោងសម្រេចអោយបញ្ចាំងព្រមគ្នានៅថ្ងៃទី៣ មករា បើកឆ្នាំ២០១៩នេះ។ នេះជាខ្សែភាពយន្តភ័យរន្ធត់ និងកំប្លែង ដែលមានលក្ខណៈផ្សងព្រេង ហើយបង្កប់រឿងរ៉ាវស្នេហាយ៉ាងជក់ចិត្តផងដែរ ខណ់ដែលភាពយន្តនេះ កំពុងចាក់ដោតអ្នកគាំទ្រតាំងពីចេញបង្ហោះរូបភាពទាក់ទងភ្លាមៗ។

លោក ម៉េង ប៊ុនឡូ ដែលជាអ្នកផលិតបានអះអាងថា ភាពយន្តរឿង«ចិញ្ចៀន»គឺជាស្នាដៃមួយដែលលោករំពឹងយ៉ាងខ្លាំង ជាពិសេសក្នុងពេលដែលភាពយន្តនេះ ស្រាប់តែទទួលបានសិទ្ធិដាក់បញ្ចាំងផ្លូវការនៅដើមឆ្នាំថ្មីជាអ្វីដែលលោកចង់បាន។ លោកថាភាពយន្តមួយរឿងនឹងបង្កប់ដោយរសជាតិច្រើន ដោយក្នុងនោះតួអង្គកញ្ញា ញឹម ចាន់ថន ដែលជាតួអង្គខ្មោចគឺមានប្រវត្តិស្នេហាយ៉ាងជូរចត់មុនពេលបណ្ដាលអោយនាងក្លាយខ្លួនជាវិញ្ញាណកាចសាហាវ។

យ៉ាងណាមិញ លោកអះអាងថាមិនទាន់ចង់បកស្រាយពីប្រវត្តិស្នេហាដែលធ្វើអោយតួអង្គនេះក្លាយជាខ្មោចក្នុងរឿងណាស់ ដោយលោកទុកអោយអ្នកគាំទ្រដែលទន្ទឹងរង់ចាំផ្ដោតការចាប់អារម្មណ៍ទៅទស្សនាដោយផ្ទាល់នៅថ្ងៃទី៣ មករា ដែលជាថ្ងៃឆ្លងឆ្នាំក្ដៅៗនៅវិញ។

លោកថាភាពយន្តមួយនេះ ក៏ឆ្លុះបញ្ចាំងពីជីវិតរបស់កុលសម្ព័ន្ធមួយក្រុមនៅក្នុងប្រទេសកម្ពុជា និងជំនឿរបស់ជនជាតិភាគតិច ដោយមានបញ្ចូលនូវការអប់រំជាច្រើនផងដែរ ក្រៅពីឈុតឆាកកាចសាហាវ ស្នេហាជូរចត់ និងកំប្លែង។

អ្វីដែលសំខាន់គឺលោកយកសុទ្ធតែតួអង្គពូកែកំប្លែងស្ងួតមិនស៊ាំភ្នែកមហាជនអោយមកសម្ដែងក្រម៉ិចក្រម៉ើម ដើម្បីរំលេចសាច់រឿងអោយកាន់តែល្អ។

លោក ម៉េង ប៊ុនឡូ ទទូចអោយគាំទ្រភាពយន្តរឿង«ចិញ្ចៀន»អោយបានច្រើន ដោយលោកប្រកាសថាបើរឿងនេះទទួលបានការគាំទ្រខ្លាំង នោះលោកនឹងបញ្ចេញស្នាដៃផលិតភាពយន្តថ្មីបណ្ដាក់គ្នាបន្តទៀត ដើម្បីលើកស្ទួយវិស័យសិល្បៈភាពយន្តខ្មែរ។ លោកថាភាពយន្តមួយរឿងនេះ តួអង្គខ្មោចរបស់ញឹម ចាន់ថន គឺសាហាវដល់កំពូល ដោយនាងគឺជាតួអង្គចំណោទរបស់រឿងទាំំងមូលដ៏ក្ដៅគគុកផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here