ភីយ៉ា មិនចង់ជឿ ក្រោយប៉ះ កែវ ស្រីនាង ក្នុងរឿងកាំបិតមុខ២

0

ក្នុងពេលប្រកាសតួអង្គភ្លាមៗ តារាសម្ដែង កញ្ញា ភីយ៉ា ដែលមានឈ្មោះកំណើតថា លី ឌីណា មិនមានឈ្មោះក្នុងបញ្ជីត្រូវសម្ដែងក្នុងរឿង«កាំបិតមុខ២»របស់PNN នោះទេ ប៉ុន្តែក្រោយមកដោយសារតែតារាសម្ដែងដែលស្ថិតក្នុងបញ្ជីម្នាក់សម្រេចចិត្តអាក់ខាន ទើបធ្វើអោយនាងត្រូវបានផលិតសំឡឹងឃើញ ហើយលទ្ធផលចុងក្រោយ នាងក៏បានសម្ដែងជាមួយកែវ ស្រីនាង។

កញ្ញានិយាយថា កែវស្រីនាង គឺជាអាយដលរបស់ខ្លួនតាំងពីតូចមកម្លេះ ស្របគ្នាដែលពេលអ្នកនាងល្បីខ្លាំង ខ្លួនមិនដឹងនៅកន្លៀតណា ហើយក្នុងពេលខ្លួនចាប់ផ្ដើមមានសន្ទុះស្រាប់តែ អ្នកនាង កែវ ស្រីនាង រសាត់ឆ្ងាយពីសិល្បៈ ទើបធ្វើអោយនាងសឹងតែមិនចង់ជឿថាខ្លួនអាចមានឱកាសបានសម្ដែងក្នុងឈុតជាមួយនឹងតួជើងចាស់តែសម្រស់ក្មេងរូបនេះ។

កញ្ញា ភីយ៉ា និយាយថា ក្នុងចំណោមតារាជើងចាស់ក្នុងជំនាន់អ្នកនាងកែវ ស្រីនាង រួមមាអ្នកនាង កែវ ពេជ្រពិសី, កែវ ពិសី និងនឿន ចាន់ធឿន ជាដើម កញ្ញា ស្រឡាញ់ពេញចិត្តចំពោះការសម្ដែងរបស់អ្នកនាង កែវ ស្រីនាង ជាងគេ ដោយនាងថាគ្រាន់តែត្រូវបានផលិតករទាក់ទងអោយមកសម្ដែងជំនួសតារាស្រីម្នាក់ដែលមានឈ្មោះក្នុងបញ្ជី ហើយដឹងថាភាពយន្តនេះ តួឯកដោយ កែវ ស្រីនាង គឺនាងមិនគិតតែម្ដង ដើម្បីបានជួបសម្ដែងជាមួយអ្នកនាង កែវ ស្រីនាង។ កញ្ញាសរសើរថាមិនគួរផលិតកម្មមហាហង្សអាចអន្ទងអោយអ្នកនាង កែវ ស្រីនាង ត្រលប់មកសម្ដែងវិញបានទេ ក្នុងពេលដែលអ្នកនាងកែវ ស្រីនាង បើទោះជានៅតែទទួលសម្ដែង ក៏ទាល់តែជាស្នាដៃរបស់ផលិតករដែលអ្នកនាងយោគយល់ ដូចជារបស់អ្នកស្រី ពាន់ ភួងបុប្ផា ជាដើម ។ កញ្ញាថា អ្នកនាងកែវ ស្រីនាង ពិតជាធ្វើអោយខ្លួនគាំទ្រមិនខុសមែន ជាពិសេសនៅពេលជួបផ្ទាល់ អ្នកនាងរួសរាយរាក់ទាក់ ហើយសំខាន់គឺអ្នកនាងនៅតែសម្ដែងបានល្អ គ្រប់ឈុតដែលជើញផ្ទាល់ក្នុងរឿង”កាំបិតមុខ២”។

កញ្ញា ភីយ៉ា បន្តថា អ្នកនាងកែវ ស្រីនាង ពិតជាពូកែដាក់អារម្មណ៍ខ្លាំងណាស់ ដោយក្នុងរឿង«កាំបិតមុខ២»ផលិតករតម្រូវអោយអ្នកនាងសម្ដែងជាតួកម្សត់ផង ឆ្នាស់ឆ្នើមផង និងជាតួល្បិចកិច្ចកល់ គឺអ្នកនាងបត់បានភ្លាមៗ ដែលទេពកោសល្យបែបនេះ កម្រមានគ្រប់តារាសិល្បៈ។ អ្នកនាងនិយាយថាក្នុងរឿង«កាំបិតមុខ២» ប្លង់អ្នកនាងកែវ ស្រីនាង ស្ទើរតែមិនបាច់យកទៅកាត់ត ដោយសារតែប្លង់ដែលអ្នកនាងបានសម្ដែង គឺខុសតិចបំផុត ហើយបើនិយាយពីកាយវិកា និងសំឡេងវិញ គឺមុតៗ ស័ក្ដសមជាភរិយាដែលមានចិត្តឆ្នាស់ឆ្នើម និងកំពូលល្បិច ស្របតាមសាច់រឿង។ កញ្ញា ថាសប្បាយចិត្តណាស់ដែលបានសម្ដែងជាមួយអាយដលតាំងពីនាងនៅក្មេងរូបនេះ ខណៈដែលនាងមានឱកាសបានមកសម្ដែងទន្ទឹមជាមួយនឹងអ្នកនាង កែវ ស្រីនាង គឺជាអ្វីដែលនាងយល់ថាអស់ចិត្តសម្រាប់ការសម្ដែងរបស់ខ្លួនក្នុងរយៈពេលកន្លងមក។ កញ្ញានិយាយថា«បើនិយាយទៅ ពេលគាត់(កែវ ស្រីនាង) ល្បីខ្លាំងខ្ញុំអត់ដឹងនៅណាទេ ដល់ខ្ញុំចាប់ផ្ដើមមានមុខក៏បាត់គាត់ឈឹង អុីចឹងអត់គិតថាបានសម្ដែងបានថតជាមួយគាត់អ៊ីចឹងទេ ទើបខ្ញុំសប្បាយចិត្តហួសពីការស្មានក្នុងរឿង«កាំបិតមុខ២»ហ្នឹង»។ កញ្ញាប្រកាសថានៅពេលបានសម្ដែងជាមួយអ្នកនាងកែវ ស្រីនាង ខ្លួនរមែងលបមើលចរឹតក្នុងពេលសម្ដែងរបស់អ្នកនាង ដោយក្រោយពីបានប៉ះគ្នា បានជួយអោយនាងចម្លងបច្ចេកទេសបានច្រើនណាស់ ដើម្បីបន្ថែមវិជ្ជាគុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here