សភាពាណិជ្ជកម្មកម្ពុជា ប្រកាសពង្រីកការិយាល័យនៅបណ្ដាប្រទេសធំៗ

0

ក្នុងកិច្ចសំណេះសំណាលស្វាគមន៍សមាជិកថ្មីលើកទី១៦ កាលពីថ្ងៃទី ៤ កុម្ភៈ ឆ្នាំ២០២២ មុននេះ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច តំណាងដ៍ខ្ពស់ខ្ពស់របស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបង្ហាញពីការរីកចំរើនរបស់ស្ថាប័នថ្នាក់ជាតិមួយនេះយ៉ាងខ្លាំង ដោយឯកឧត្តម ឧកញ៉ា បានលើកឡើងថា ក្រៅពីកំពុងពង្រីកបាននូវការិយាល័យនៅតាមបណ្ដាខេត្តកាន់តែច្រើននៅទូទាំងកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា ក៏កំពុងពង្រីកសមាជិក និង ការិយាល័យនៅលើបណ្ដាប្រទេសនៅលើពិភពលោកផងដែរ។ ឯកឧត្តម ឧកញ៉ា ក៏បានបង្ហាញពីការកោតសរសើរចំពោះសមាជិកថ្មី ដែលកំពុងជំរុញអោយសភាពាណិជ្ជកម្មកម្ពុជា កាន់តែមានឥទ្ធិពល។

ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច បានលើកឡើងថា កាលពីអំឡុងឆ្នាំ ១៩៨៥ សភាពាណិជ្ជកម្មផ្ដោតតែការប្រមូលផ្ដុំក្រុមហ៊ុននៅរាជធានីភ្នំពេញប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នស្ថាប័នមួយនេះកំពុងពង្រីកខ្លួនទៅបង្កើតសភាពាណិជកម្មនៅតាមបណ្ដាខេត្ត ដោយមានការិយាល័យនៅខេត្តចំនួន១៦ទីតាំងហើយនៅទូទាំងប្រទេស។ ក្នុងនោះនៅក្រៅប្រទេស ក៏មានការិយាល័យចំនួន២ផងដែរ ដូចជានៅប្រទេសកាណាដា និង ប្រទេសជប៉ុន។ ជាគម្រោង សភាពាណិជ្ជកម្មកម្ពុជា នឹងបង្កើនការពង្រីកខ្លួននៅតាមបណ្ដាប្រទេសធំៗជាច្រើនផ្សេងទៀត ដូចជានៅបារាំង ទ្វីបអឺរ៉ុប និង បណ្ដាប្រទេសផ្សេងៗទៀត ដើម្បីពង្រីកសក្កានុពលអ្នកជំនួញនៅកម្ពុជាអោយកាន់តែមានឱកាស។ សភាពាណិជ្ជកម្មកម្ពុជា ក៏នឹងរៀបចំដំណើរទស្សនកិច្ចជូនដល់សមាជិកឡើងវិញ ក្រោយពីខកខានអស់ប្រមាណ៣ឆ្នាំ ដលយសារតែកូវីត១៩ ដើម្បីផ្ដល់ឱកាសអោយសមាជិកបានសិក្សាស្វែងយល់ពីវិស័យជំនួញនៅប្រទេសផងដែរ។

មិនខុសគ្នាដែរ លោកជំទាវ នួន ពេជ្រសុផល អគ្គនាយករងជាន់ខ្ពស់ សភាពាណិជកម្មកម្ពុជា បានលើកឡើងថា សភាពាណិជកម្មកម្ពុជានឹងបន្តផ្ដល់ឱកាសដល់ម្ចាស់អាជីវកម្មជាច្រើនទៀត អោយក្លាយជាសមាជិក ដើម្បីរួមគ្នាពង្រីកវិស័យជំនួននៅប្រទេសកម្ពុជា។ លោកជំទាវថា សមាជិកដែលត្រូវបានដាក់បញ្ចូលនឹងក្លាយជាចលករកាន់តែប្រសើរជំរុញដល់សកម្មភាពរបស់សភាពណិជ្ជកម្មកម្ពុជា ហើយកម្លាំងដែលកាន់តែធំទៅៗ របស់សភាពាណិជ្ជកម្មកម្ពុជានេះ ក៏នឹងជួយអោយវិស័យសេដ្ឋកិច្ចនៅកម្ពុជាកាន់តែមានសន្ទុះផងដែរ។

នៅក្នុងពិធីនោះ គេឃើញមានវត្តមានម្ចាស់ក្រុមហ៊ុនផ្សេងៗត្រូវបានប្រកាសក្លាយជាសមាជិក។ ក្នុងនោះ លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា និង ជាចាងហ្វាងសារព័ត៌មាន”ផ្ទះតារា” ដែលត្រូវបានតែងតាំងជាសមាជិកពេញសិទ្ធិ ក៏បានចាត់ទុកថា ប្រសាសន៍របស់ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច ដែលប្រកាសជំហរថា នឹងពង្រីកសមាជិក និង បង្កើតការិយាល័យសភាពាណិជ្ជកម្មកម្ពុជា អោយបានច្រើននៅក្រៅប្រទេសនោះ ថាជារឿងដ៏ល្អសម្រាប់អ្នកជំនួញទាំងអស់ដែលជាសមាជិកផងដែរ។