មិនគួរជឿ! ព្រឹត្តិការណ៍ប្រកួតឈុតបុរាណ«គ្រួសារតារាកម្ពុជា» កក្រើកដល់ក្រៅស្រុក

0

មិនត្រឹមតែទទួលបានការសរសើរ និងភ្ញាក់ផ្អើលនៅក្នុងស្រទាប់មហាជនប៉ុណ្ណោះទេ ព្រឹត្តិការណ៍ប្រកួតឈុតបុរាណរបស់«គ្រួសារតារាកម្ពុជា»កាលពីថ្ងៃទី៩ កក្កដា ក៏ទទួលបានការសរសើរ និងចាប់អារម្មណ៍ពីសំណាក់ជនជាតិថៃ និងផលិតករថៃមួយរូប ក្រោយពីទិដ្ឋភាពពីព្រឹត្តិការណ៍នេះ ត្រូវបានបង្ហោះយ៉ាងកក្រើកតាមបណ្ដាញសារព័ត៌មានក្នុងស្រុក និងលើហ្វេសប៊ុកផងដែរ។ ក្រុមការងារផលិតកម្មវិធីថៃមួយរូប បានទំនាក់ទំនងមកកាន់«គ្រួសារតារាកម្ពុជា»ចាប់អារម្មណ៍ពីព្រឹត្តិការណ៍នេះ នឹងបានប្រកាសថានេះជាព្រឹត្តិការណ៍ដែលនៅប្រទេសថៃមានការចាប់អារម្មណ៍។

លោកផាត់ តារារដ្ឋ អ្នករៀបចំព្រឹត្តិការណ៍បានថ្លែងបញ្ជាក់ថាក្រោយបញ្ចប់ការប្រកួតបានតែ២ថ្ងៃប៉ុណ្ណោះ ជនជាតិថៃមួយរូបដែលអះអាងថាអ្នករៀបចំព្រឹត្តការណ៍ធំៗនៅក្នុងប្រទេសថៃ បានទំនាក់ទំនងមកកាន់លោក នឹងថានៅប្រទេសថៃ បើទោះជាមានព្រឹត្តិការណ៍ធំៗរាប់មិនអស់ តែគេមិនសរសើរចំពោះព្រឹត្តិការណ៍ដែលបានធ្វើឡើងនេះមិនបាន។ បុរសជាជនជាតិថៃនិយាយថា លោកមានការចាប់អារម្មណ៍ចំពោះការរៀបចំ«គ្រួសារតារាកម្ពុជា» ដោយថៃប្រកាសថាខ្លួននឹងចាប់ដៃរៀបចំព្រឹត្តិការណ៍នេះជាមួយបើមានការរៀបចំលើកក្រោយ ដើម្បីធ្វើអោយព្រឹត្តិការណ៍នេះទាំងមូលមានការចាប់អារម្មណ៍ និងពេញលក្ខណៈ។ លោកថាគឺជាមោទនភាពដែលកម្មវិធីរៀបចំកាលពីថ្ងៃទី៩ កក្កដា ត្រូវបានជនជាតិថៃកោតសរសើរ ដោយថៃបានចាត់ទុកថានោះជាព្រឹត្តិការណ៍គាស់កកាយទម្រង់វប្បធម៌ដ៏កម្រមួយ ដែលថៃយល់ថាសិល្បៈខ្មែរធ្វើបានយ៉ាងល្អ ក្នុងការបង្ហាញទៅកាន់ស្រទាប់មហាជន និងពិភពលោក។ យ៉ាងណាមិញ លោកថាមិនទាន់ច្បាស់ថាសម្រាប់ការរៀបចំលើកក្រោយ «គ្រួសារតារាកម្ពុជា»នៅមិនទាន់ប្រាកដថានឹងធ្វើការចាប់ដៃជាមួយផលិតករថៃរូបនេះ ឬយ៉ាងណានោះទេ ប៉ុន្តែលោកថានឹងស្វាគមន៍សម្រាប់ឆន្ទៈដែលមានគំនិតចង់លើកកម្ពស់វប្បធម៌ខ្មែរ ជាមួយ«គ្រួសារតារាកម្ពុជា»។

ងាកមកក្នុងស្រុកឯណេះវិញ តំណាងអ្នករៀបចំព្រឹត្តិការណ៍ធំៗស្ទើរទាំងអស់ក្នុងស្រុក សុទ្ធតែលាន់មាត់សរសើរថានោះជាព្រឹត្តិការណ៍ធំ ទាក់ទាញ និងមានតម្លៃសម្រាប់វប្បធម៌។ តំណាងអ្នករៀបចំព្រឹត្តិការណ៍អន្តរជាតិក្នុងស្រុកធំមួយបានអះអាងថា បើគ្មានព្រឹត្តិការណ៍មួយនោះ ប្រហែលជាសំលៀកបំពាក់ក្នុងទម្រង់បុរាណមួយចំនួនមិនត្រូវបានទទួលការចាប់អារម្មណ៍នោះទេ ប៉ុន្តែលោកថាកម្មវិធីនេះនៅមានចំណុចខ្វះខាតមួយដោយសារតែគណកម្មការភាគច្រើនស្គាល់មិនអស់ឈុតបុរាណកាលពីអតីតកាលរបស់ខ្លួន ដូចជាឈុត នាងនាគ-សប្រចាំខេត្តកំពត និងឈុតព្រះថោង ដោយលោកថានោះជាឈុតរបស់ខ្មែរត្រូវទម្រង់កាលពីអតីតកាល ប៉ុន្តែអាចមកពីខ្វះការសិក្សាលម្អិត ទើបច្រលំថានោះជាឈុតចាម ឬចិន។ យ៉ាងណាមិញ លោកថាការប្រកួតឈុតបុរាណមួយនេះ គឺមានស្ដង់ដារពេញលេញអាចទទួលយកបាន ដោយសារតែឈុតដែលបានកាន់ពាន ក៏សុទ្ធតែមានលក្ខណៈគ្រប់គ្រាន់សមនឹងកាន់ពាននៅក្នុងកម្មវិធី ដែលមានន័យថាគណកម្មការផ្ដល់ពិន្ទុជ្រើសរើសបានត្រឹមត្រូវ។

លោកក៏សម្ដែងប្រតិកម្មចំពោះការបង្ហោះព័ត៌មានដែលមានខ្លឹមសារបំបាក់ទឹកចិត្តចំពោះព្រឹត្តិការណ៍នេះផង ដោយលោកបានហៅការចុះផ្សាយខុសពីអ្វីដែលលោកបានឃើញនោះថា ជាការក្ដិតត្រួយ និងជារឿងអាម៉ាសចំពោះជាតិសាសន៍ដទៃ។

មិនខុសគ្នាដែរ ស្រទាប់មហាជនផ្សេងទៀត ក៏ចាប់អារម្មណ៍ចំពោះព្រឹត្តិការណ៍នេះយ៉ាងកក្រើកផងដែរ ខណៈដែលគេយល់ថាបណ្ដាលមកពីកម្មវិធីមួយនេះធ្វើបានជោគជ័យ និងកក្រើកនេះហើយដែលនាំអោយមានការលាបពណ៌ ពីអ្នកសារព័ត៌មានខ្វះវិជ្ជាជីវៈមួយចំនួន ដោយចេះតែផ្សាយបំភ្លៃការពិត ដែលជាការបំបាក់ទឹកចិត្តចំពោះអ្នកផ្ដើមធ្វើព្រឹត្តិការណ៍លើកស្ទួយវប្បធម៌មួយនេះ។