ត្រឹមតែប៉ុន្មានថ្ងៃសោះ មន្ត្រីជាន់ខ្ពស់៣រូប ជ្រុះតំណែង បន្តកន្ទុយគ្នា

0

ក្រៅពីការចាប់អារម្មណ៍លើហេតុការណ៍បាក់អគារនៅខេត្តព្រះសីហនុ ការបាត់បង់តំណែងរបស់មន្ត្រី៣រូបក៍ធ្វើអោយមហាជនចាប់អារមហមណ៍ផងដែរ ខណៈដែលមន្ត្រីទាំងនោះសុទ្ធតែត្រូវបានជ្រុះតំណែង ក្រោមការរិះគន់ បើទោះជាមន្ត្រីខ្លះត្រូវដកតំណែង និងខ្លះសម្រេចចិត្តលាលែងដោយខ្លួនឯង។ នេះក៍ជាគំរូថ្មីមួយ ដែលធ្វើអោយមន្ត្រីជាន់ខ្ពស់ដទៃទៀត កាន់តែមានការទទួលខុសត្រូវលើមុខនាទីរបស់ខ្លួនផងដែរ។

ឯកឩត្តម ថៃ នរៈសត្យា ត្រូវបានព្រះមហាក្សត្រដកតំណែងពីរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យប្រចាំក្រសួងវប្បធម៍ និងវិចិត្រសិល្បៈភ្លាមៗ បន្ទាប់ពីបែកធ្លាយថាលោកមានរឿងស្នេហាត្រីកោនតាំងពីមុនលះលែងជាមួយប្អូនស្រីជីដូនមួយបង្កើតរបស់ភរិយាដើម ហើយត្រូវបានអ្នកស្រី ងិន ម៉ានីយ៉ា ទម្លាយជាសាធារណៈ ក្រោយពេលលោកប្រកាសចំណងស្នេហ៍ជាមួយនារី ដែលអ្នកស្រី ម៉ានីយ៉ា ជាអតីតភរិយា ចោទថាកើតឡើងដោយសារសាហាយស្មន់គ្នានោះ។ លោក និង ភរិយាថ្មី ត្រូវបានមហាជនរិះគន់យ៉ាងខ្លាំង ដោយបែកធ្លាយរឿងរ៉ាវ។ លោកត្រូវបានព្រះមហាក្សត្រប្រកាសបញ្ឈប់តំណែងនៅថ្ងៃទី១៩ មិថុនា ឆ្នាំ២០១៩ គឺតែ២ថ្ងៃក្រោយផ្ទុះរឿងអាស្រូវ។ ក្នុងនោះ សម្តេចនាយករដ្ឋមន្ត្រី ក៍បានប្រកាសជាសាធារណៈផងដែរថា«សុំកុំប្រកែកគ្នានិងចោទប្រកាន់គ្នាពីរឿងលោក ថៃ នរៈសត្យា ត្រូវដកចេញពីដំណែង។ ក្នុងឋានៈជានាយករដ្ឋមន្ត្រីខ្ញុំមិនមានការចាំបាច់សួរយោបល់អ្នកណាទាំងអស់លើការ ដកតំណែងនេះ។ ការដកតំណែងរបស់គាត់គឺចង់អោយថ្នាក់ដឹកនាំ ក្រសួងវប្បធម៌មានភាពស្អាតស្អំ។ ពួកអ្នកប្រពន្ធច្រើនត្រូវបានដកចេញជាបន្តបន្ទាប់ និងបន្តដកចេញ នៅពេលខាងមុខ។ នេះជាអភិក្រមទី៥គឺការ(វះកាត់)»។

ក្នុងហេតុការណ៍បាក់អគារនៅខេត្តពហរះសីហនុ មន្ត្រីជាន់ខ្ពស់២រូប គឺ ឯកឩត្តម យន់ មីន គណអភិបាលខេត្តព្រះសីហនុ និង ឯកឩត្តម ញឹម វណ្ណដា ទេសរដ្ឋមន្ត្រីនិងជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៍ត្រូវជ្រុះតំណែងផងដែរ។ សម្ដេចនាយករដ្ឋមន្ត្រី បានប្រកាសពីការបាត់បង់តំណែងរបស់មន្ត្រីទាំងពីរកាលពីថ្ងៃទី២៤ មិថុនា ឆ្នាំ២០១៩ថា”ក្នុងពេលបំពេញការងារនៅខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុបានទទួលស្គាល់កំហុសការគ្រប់គ្រងក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដែលបណ្តាលអោយ មានរឿងឈឺចាប់កើតឡើង។ គាត់បានស្នើមកខ្ញុំដើម្បីលាលែងចេញពីអភិបាលខេត្តព្រះសីហនុ។ ខ្ញុំបានយល់ព្រមអោយគាត់លាលែង និង បានពិភាក្សាជាមួយ សម្តេច ស ខេង យក ឯកឧត្តម គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកធ្វើជាអភិបាលខេត្តព្រះសីហនុ វិញ។ ទោះជាមានការរៀបចំបែបនេះក៏ដោយក៏ ឯកឧត្តម យន្ត មីន នៅបន្តដឹកនាំយុទ្ធនាការរុករក និងសង្រ្គោះតទៅទៀតរហូតចប់កិច្ចការ និងអភិបាលខេត្តថ្មីចូលកាន់តំណែង។ ខ្ញុំក៏សូមបញ្ជាក់ថាថ្ងៃនេះ ខ្ញុំបានសម្រេចចិត្តដក ឯកឧត្តម ញឹម វណ្ណដា ចេញពីតំណែងជាទេសរដ្ឋមន្ត្រីនិងជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយមូលហេតុខ្វះការ ទទួលខុសត្រូវ និងភូតភរ”។

ក្នុងខែមិថុនា ឆ្នាំ២០១៩ នេះ ជាខែដែលគេកត់សម្គាល់ថា តំណែងមន្ត្រីសំខាន់ដល់ទៅ៣រូប ត្រូវបានជ្រុះបាត់យ៉ាងផុយស្រួយ មិនធ្លាប់មានក្នុងជួររដ្ឋាភិបាលផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here