គ្រាន់តែបង្ហោះកាលពីល្ងាចថ្ងៃទី៣០ តុលាភ្លាម គេឃើញ MVក្រោមចំណងជើងថា«តួចិត្តអាក្រក់»របស់តារាចម្រៀង លោក ជ័យ សុវ៉ាត ទទួលបានការគាំទ្រគួរឲ្យកត់សម្គាល់តែម្ដង ដោយក្រៅពីមានការចូលទស្សនាច្រើនដងតែក្នុងរយៈពេលខ្លី បទចម្រៀងរបស់លោកមួយនេះ ក៏ត្រូវគេចែកចាយច្រើន និងមានការកោតសរសើរពីសាច់ភ្លេង និងការរំលេចល្ខោនខោលយកមកសម្ដែងនៅក្នុងបទនេះផងដែរ។ នៅមិនដឹងថាបទចម្រៀងមួយនេះ នឹងអាចទទួលបានការគាំទ្រកម្រិតណានោះទេ ប៉ុន្តែយោងតាមការចាប់អារម្មណ៍ គឺ លោក ជ័យ សុវ៉ាត ទំនងជាមានទឹកមាត់លេបមិនធម្មតា ព្រោះតែបទចម្រៀងនេះរបស់លោក បុកត្រូវអារម្មណ៍យុវវ័យទាំងអត្ថន័យបទចម្រៀង និងសាច់រឿងក្នុង MV តែម្ដង។
ចាត់ទុកថាមានយីអ៊ុននៅពាក់កណ្ដាលត្រីមាសទី៤ ក្នុងឆ្នាំ២០១៨នេះហើយ ទើបលោក ជ័យ សុវ៉ាត ទទួលបានការចាប់អារម្មណ៍ជាមួយនឹងបទ«តួចិត្តអាក្រក់»ភ្លាមៗក្រោយការបង្ហោះ ខណៈដែលតារាចម្រៀងរបស់ផលិតកម្មសាន់ដេ ច្រើននាក់ បានបញ្ចេញបទថ្មីបែបនេះដូចគ្នាតែហាក់មិនកញ្ជ្រោលក្នុងស្រទាប់មហាជន។ បទចម្រៀងរបស់លោកត្រូវបានគេសរសើរមិនដាច់ពីមាត់ថា ជាបទនិពន្ធថ្មីដែលមានពីរោះទាំងសាច់ភ្លេង អត្ថន័យ ដោយចម្រៀងមួយបទនេះ ក៏ត្រូវនឹងសំឡេងរបស់លោក ហើយអ្វីដែលពិសេសគឺសាច់រឿងMV ជាការដកស្រង់ចេញពីវគ្គមួយក្នុងល្ខោនខខោលរឿងរាមកេរ្តិ៍ ដែលតម្រូវអោយលោកហ្វឹកហាត់ខ្លួនឯងក្នុងការសម្ដែង។
ម្នាក់ៗបានហៅបទ«តួចិត្តអាក្រក់»របស់លោកថា បុកត្រូវចិត្តអ្នកស្ដាប់ភាគច្រើន ជាពិសេសគឺការផលិតសាច់រឿងដោយបំផុសល្ខោនខោល ដែលគ្រាន់តែឃើញសាច់រឿង ក៏ចង់ទស្សនា និងស្ដាប់បទចម្រៀងមួយនេះរបស់លោកទៅហើយ។
អ្នកចែកចាយបទចម្រៀងមួយបទ ត្រូវគេឃើញ បង្ហោះពាក្យថា ពីរោះណាស់! មានន័យណាស់! អមដោយការសរសើរថាលោក ជ័យ សុវ៉ាត គឺជាអាយដល ក្នុងចិត្តរបស់គេ ដែលកាន់តេធ្វើអោយបទចម្រៀងមួយនេះ ទទួលបានការចាប់អារម្មណ៍ខ្ពស់បន្ថែម។ នៅមិនទាន់ដឹងថាម្ចាស់បទចម្រៀង គឺលោក ជ័យ សុវ៉ាត នឹងមានមោទនភាពចំពោះស្នាដៃមួយនេះយ៉ាងណានោះទេ ប៉ុន្តែគេជឿជាក់ថាលោកពិតជារំភើបចិត្តដែលបទ«តួចិត្តអាក្រក់»ដែលលោកសម្រិតសម្រាំងជាមួយសាន់ដេ ក្លាយជាបទដែលមានការចាប់អារម្មណ៍ភ្លាមៗនៅក្នុងបណ្ដាញហ្វេសប៊ុក និងយូធូបនាពេលនេះ៖