បើកការប្រកួតរដូវកាលថ្មី នៅប៉ុស្ដិ៍លេខ៥

0

ក្រោយបញ្ចប់ការប្រកួតកាលពីរដូវកាលទី៣ កាលពីល្ងាចថ្ងៃសៅរ៍ ទី២៧ តុលា ប៉ុស្ដិ៍លេខ៥ ព្រឹត្តិការណ៍ជ្រើសរើសជើងឯក TV5 BOXING KNOCK OUT By K-CEMENT បានសម្រេចបើកការប្រកួតរដូវកាលថ្មីរបស់ខ្លួនទៀតហើយ ដោយការប្រកួតរដូវកាលទី៤នេះ កីឡាករក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម នៅទូទាំងប្រទេសគឺជាអ្នកមានមុខ។ ការប្រកួតនេះ នឹងតម្រូវអោយសមាសភាពទាំង៣២រូបប្រកួតគ្នាចាញ់ធ្លាក់ៗដូចមុន ដោយគ្រាន់តែសមាសភាពលើកនេះ ហាក់រំលេចកីឡាករថ្មីៗច្រើនជាង។

លោក សេង កដិកា អ្នករៀបចំការប្រកួត បានថ្លែងបញ្ជាក់ថា សមាសភាពទាំង៣២រូបនៅក្នុងវគ្គនេះ ដ្បិតតែបានចម្រុះទៅដោយកីឡាករចាស់ៗ ប៉ុន្តែលោកថាលោករំពឹងលើសមាសភាពកីឡាករថ្មីថានឹងមានឈ្មោះអាចឡើងដណ្ដើមពានច្រើនជាង ដោយសារតែការប្រកួតចំនួន៣រដូវកាលកន្លងទៅ គឺកីឡាករថ្មីៗប្រឹងប្រែងបានល្អ ហើយបើនិយាយពីលទ្ធផលវិញក៏ល្អគួរអោយកត់សម្គាល់។ ជាក់ស្ដែងចំណាត់ថ្នាក់៤រូបចុងក្រោយ កាលពីរដូវកាលទី៣ លោកថាគឺសុទ្ធតែជាកីឡាករថ្មីៗ ដែលក្រោយឈានដល់វគ្គផ្ដាច់ព្រ័ត្រ គឺស្ទើរតែមិនមានអ្នកតាមដានការប្រកួតតាំងពីដើមទីណាម្នាក់ ពេញចិត្តអ្នកទាំង៤។

លោកទទូចអោយកីឡាកររដូវកាលថ្មីប្រឹងអោយអស់លទ្ធភាព ដើម្បីអោយការប្រកួតរដូវកាលថ្មីកាន់តែទាក់ទាញផង និងដើម្បីអោយវត្តមានចូលរួមរបស់សមាសភាពដែលមានឈ្មោះប្រកួតចាញ់ធ្លាក់ៗ មានឱកាសពង្រីកប្រជាប្រិយភាព។

លោក ឧត្តមសេនីយ៍ទោ សិន សុផាត តំណាងស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ បានថ្លែងក្នុងពិធីប្រកាសបើកនោះទេ រយៈពេលជាច្រើនរដូវកាលមកហើយ ដែលប៉ុស្ដិ៍លេខ៥បានបើកការប្រកួតជ្រើសរើសជើងឯក ដោយប្រើរូបមន្តជម្រើសយកកីឡាករចំនួន៣២រូប ក្នុងប្រភេទទម្ងន់ដូចៗគ្នា អោយមកចាប់គូគ្នាប្រកួតចាញ់ធ្លាក់ៗ។ ការប្រកួតមួយនេះ លោកថាបានបណ្ដុះកីឡាករថ្មីៗអោយក្លាយជាកីឡាករដែលមានឈ្មោះបោះសំឡេងជាច្រើន ដោយក្នុងចំណោមនោះ កីឡាករដែលបានក្លាយជាម្ចាស់ពាន ក៏មានមុខឡើងប្រកួតជាគូឯក និងជាគូអន្តរជាតិ ខណៈដែលកីឡាករខ្លះ ដ្បិតថាមិនបានទទួលពានជើងឯក តែក៏បានក្លាយជាកីឡាករល្បីឈ្មោះដោយសារតែបានទទួលការចាប់អារម្មណ៍តាមរយៈការប្រកួតមួយនេះ។

សម្រាប់ការប្រកួតលើកនេះ លោកថាប៉ុស្ដិ៍លេខ៥ បានសម្រាំងយកកីឡាករក្នុងប្រភេទទម្ងន់៥៧គីឡូក្រាមចំនួន៣២រូប អោយចាប់គូប្រកួតគ្នា ដោយក្នុងចំណោមកីឡាករដែលធ្លាប់មានកេរ្តិ៍ឈ្មោះបោះសំឡេង ក៏មានកីឡាករថ្មីៗជាច្រើនរូប។

លោកទទួចអោយអ្នកមានឈ្មោះចូលប្រកួតទាំងអស់ពង្រឹងសមត្ថភាពអោយលើសការប្រកួតមុន ព្រោះដ្បិតថាការប្រកួតមិនអាចបានឈ្នះទាំង២ ហើយបានលទ្ធផលបរាជ័យ ក៏អាចធ្វើអោយកីឡាករដែលប្រឹងប្រែងនោះទទួលបានបទពិសោធន៍ខ្ពស់ និងទទួលបានការចាប់អារម្មណ៍ពីអ្នកទស្សនាផងដែរ។

ជាក់ស្ដែង លោកបានសរសើរថាអ្នកប្រឹងប្រែងសម្រាប់ការប្រកួតដែលបានធ្វើឡើងកាលពីរដូវកាលមុនៗ គឺសុទ្ធតែបានល្បីឈ្មោះ និងមានទីផ្សារលើរេញនៅក្នុងពេលនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here