លាភ រដ្ឋា បានក្លាយជាម្ចាស់ជើងឯកប៉ុស្ដិ៍លេខ៥ ផ្លូវការ

0

ទីបំផុតក្ដីស្រម៉ៃរបស់កីឡាករ លាភ រដ្ឋា ដែលកាលពីរដូវកាលមុនបានត្រឹមតែជើងឯករង បានក្លាយជាម្ចាស់ជើងឯកដូចការចង់បានហើយ សម្រាប់ការប្រកួតជ្រើសរើសជើងឯកទម្ងន់៦០គីឡូក្រាម ក្នុងព្រឹត្តិការណ៍ TV5 Boxing Knock Out Series By K-Cement ។ យ៉ាងណាមិញ ជ័យជម្នះដែលគេទទួលបាន ក៏ដោយសារតែសំណាងក្រោយពីត្រូវលោកអាជ្ញាកណ្ដាលរាប់ដល់៨នោះផងដែរ។

គ្មានអ្នកណានឹកស្មាននោះទេ ដែល លាភ រដ្ឋា ភ្លាត់អោយ បង្គោលខៀវ លន បញ្ញា វាយអោយរាប់ម្ដងទៅហើយ បែរជាមានវាសនាបានកាន់ពានវិញ ដោយសារតែភាគីម្ខាងទៀត មានអំណួតបានវាយអោយលោករាប់ម្ដង ក៏ស្ទុះដល់ថ្នាក់បាក់ជំហរ លុះដល់ភ្លាត់ត្រូវមួយស្នៀតចំសៀតផ្កា ពីលាភ រដ្ឋា វិញ ក៏បាត់បង់ស្មារតីក្នុងការវាយប្រកួតតែម្ដង។ មួយដៃចំណុចសំខាន់របស់ លាភ រដ្ឋា មិនត្រឹមតែធ្វើអោយ លន បញ្ញា ត្រូវរាប់ដល់៨សងវិញប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើអោយគេបាត់បង់ភាពរឹងប៉ឹងក្នុងការតតាំង ហើយទីបំផុត ក៏ត្រូវ លាភ រដ្ឋា វាយចំគោលដៅក្នុងពេលបន្តបន្ទាប់បណ្ដាលអោយរាប់២ដងបន្តទៀតភ្លាមៗ ក្នុងទឹកទី២។ អ្នកគាំទ្រភាគច្រើន បើក្រោយវាយអោយ លាភ រដ្ឋា រាប់កាលពីដើមទឹកទី២ ហើយកីឡាករ លន បញ្ញា មិនកញ្ជ្រោលសម្រុកខ្លាំង នោះការប្រកួតទាំងមូលគឺកីឡាករ លន បញ្ញា ជាអ្នកកាន់ពានទៅហើយ ដោយសារតែការប្រកួតនេះ បើភាគម្ខាងៗរក្សាលំនឹងអោយឈ្នះចាញ់គ្នាដោយពិន្ទុ គឺលន បញ្ញា នឹងឈ្នះដោយស្វ័យប្រវត្តិ ព្រោះតែអ្នកត្រូវរាប់ម្ដង គឺត្រូវកាត់ពិន្ទុនោះ។

កីឡាករ លាភ រដ្ឋា ទទួលបានទឹកប្រាក់៤ពាន់ដុល្លារ និងពានជើងឯកមួយ ខណៈដែល កីឡាករ លន បញ្ញា ដែលមានប្រៀបទៅហើយ បែរជាបណ្ដោយអោយភ្លាត់វិញ បានត្រឹមតែពានកិត្តិយស និងទឹកប្រាក់២ពាន់ដុល្លារ ខណៈដែលចំណាត់ថ្នាក់់លេខ៣ បានលើកីឡាករ លិញ ភារម្យ និងលេខ៤ បានលើកីឡាករ ឡុង រ៉ាមី៕

LEAVE A REPLY

Please enter your comment!
Please enter your name here