កីឡាករបារាំង ល្អកណ្ដាប់ដៃ តែនៅចុះចាញ់ត្រឹម២ទឹក ក្រោមដៃ គង់ សំបូរ

0

ដ្បិតតែមានប្រវត្តិចេញប្រកួតមិនទាន់ច្រើននៅឡើយក្ដី ប៉ុន្តែកីឡាករបារាំង Najib D’jeloudi ដែលបានឡើងប្រកួតអន្តរជាតិកាលពី យប់ថ្ងៃទី២៩ កញ្ញា នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ គេមានគណ្ដាប់ដៃរហ័ស និងវាយត្រូវគោលដៅបានល្អ ដោយសារតែគេគឺជាកីឡាករដែលមានដៃវែងល្អ។ យ៉ាងណាមិញ កីឡាកររូបនេះ នៅតែសម្រេចបោះបង់ការប្រកួតក្នុងទឹកទី២ បន្ទាប់ពីកីឡាករកម្ពុជា គង់ សំបូរ ប្ដូរឈប់ម៉ាត់ ហើយទាត់បំបែកកង់ក្រោមជំនួសវិញ។

ការប្រកួតអន្តរជាតិដែលតែងធ្វើឡើងនៅរៀងរាល់ពេលយប់ចំថ្ងៃសៅរ៍នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ រមែងមានការប្រកួតគូអន្តរជាតិ២ៗគូជាប្រចាំ ដោយគូអន្តរជាតិទី១ គឺជាការប្រកួតរវាង កីឡាករ គង់ សំបូរ និងកីឡាករបារាំង Najib D’jeloudi ។ ការប្រកួតក្នុងទឹកទី១ គេឃើញកីឡាករបារាំងទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងការវាយចេញ ជាពិសេសគឺកែង និងម៉ាត់តែម្ដង ដោយបច្ចេកទេសក្នុងការគេចចេញពីកណ្ដាប់ដៃរបស់កីឡាករកម្ពុជា ក៏មិនណយគួរអោយសរសើរ។ យ៉ាងណាមិញ កីឡាករបារាំងបែរជាខ្សោយជើងក្រោម ដោយក្រោយពីត្រូវ គង់ សំបូរ ទាត់ហើយទាត់ទៀតរហូតដល់ឈឺជើងនោះ ក៏សម្រេចចិត្តបោះបង់ការប្រកួតទាំងមិនគួរអោយជឿក្នុងទឹកទី២។

អ្នកទស្សនាភាគច្រើននិយាយថា បើកីឡាករកម្ពុជាមិនដូរយុទ្ធសាស្រ្តទាត់ ហើយឈប់វាយសម្រុក ក៏ប្រហែលជាកីឡាករបារាំងមិនបោះបង់ការប្រកួតព្រោះតែឈឺជើងតតាំងលែងរួចយ៉ាងស្រួលអ៊ីចឹងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here