ក្រុម Old Lion Riverside កាន់តែពង្រឹងខ្លួន ក្នុងវិស័យបាល់ទាត់

0

ប្រមាណជា៤ឆ្នាំមកហើយ ដែលក្រុមបាល់ទាត់តោចាស់ ឬ Old Lion Riverside បង្ហាញខ្លួនជាថ្មី ខណៈដែលក្រុមមួយនេះ ធ្លាប់មានការទទួលស្គាល់នៅក្នុងពិភពបាល់ទាត់ជាយូរមកហើយ ប៉ុន្តែបានស្ងាត់សកម្មភាពអស់មួយរយៈ។

ជាមួយនឹងការពង្រឹងគុណភាពកាន់តែប្រសើរជាងមុន ក្រុមដែលមានអាយុកាលចំណាស់មួយនេះ បានអះអាងថាខ្លួននឹងកាន់តែសកម្មនៅក្នុងពិភពបាល់ទាត់ ដោយក្រៅពីប្រមូលអតីតកីឡាករចាស់ៗ អោយចូលលេងដើម្បីសុខភាព និងមិត្តភាពឡើងវិញ ក៏កំពុងបណ្ដុះបណ្ដាលកីឡាករវ័យក្មេង ដើម្បីអោយក្លាយជាក្រុមអាជីពមួយក្នុងពេលដ៏ខ្លីផងដែរ។

លោក ភី សារ៉ាក់ ស្ថាបនិកក្រុម Old Lion Riverside បានអះអាងថា មិនយូរនោះទេ ក្រុមបាល់ទាត់មួយនេះ នឹងមានកម្លាំងកាន់តែធំដោយសារតែកីឡាករភាគច្រើន មិនត្រឹមតែមានសមត្ថភាពល្អៗ សម្រាប់ការលេងប្រចាំក្រុមប៉ុណ្ណោះទេ ប៉ុន្តែម្នាក់ៗក៏មានឆន្ទៈក្នុងការរួមកម្លាំង ដោយមានទាំងបរិច្ចាគថវិកាដើម្បីអោយក្រុមមានដំណើរការផងដែរ។

មកទល់ពេលនេះលោកថាសមាជិកទាំងពេញសិទ្ធិ និងបម្រុងមានកាន់តែច្រើន ដោយក្នុងក្រុមទាំងមូលមានទាំងកីឡាករប្រភេទសម្រាប់លេងជាមួយក្រុមហ៊ុនផ្សេងៗ ជាទម្រង់មិនអាជីព និងមានទាំងកីឡាករសម្រាប់លេងជាមួយក្រុមជម្រើសជាតិ និងជាមួយក្រុមពាក់កណ្ដាលអាជីព ឬអាជីពជាដើម។

លោកថាការប្រកួតក្នុងរយៈពេលចុងក្រោយ ក្រុមOld Lion Riverside កាន់តែមានផ្លែផ្កា ដោយបានបំបាក់លើក្រុមខ្លាំងៗជាច្រើន ដែលធ្វើអោយក្រុមទាំងមូលមានការទទួលស្គាល់។ អ៉ីចឹងហើយ ទើបកីឡាករទាំងមូលមានកម្លាំងចិត្តជាងមុន បើទោះជាក្រុមទាំងមូលនៅមិនទាន់មានលទ្ធភាពស្វែងរកបានស្ពុនស័រដើម្បីទ្រទ្រង់ក្រុម។
លោកមានគម្រោងដឹងនាំក្រុមទាំងមូលវាយលុកពិភពកីឡាបាល់ទាត់ ដោយលោករំពឹងថាកីឡាករដែលបានបណ្ដុះឡើងនឹងរួមកម្លាំងគ្នាជាធ្លុងមួយ ដើម្បីមុខមាត់នៅគ្រប់ការប្រកួតនោះផង។ លោកថាក្រុមរបស់ខ្លួនស្វាគមន៍ចំពោះអ្នកចង់លេងកីឡាទាំងអស់ ដោយមិនប្រកាន់ថាចាស់ ឬក្មេងនោះទេ ប៉ុន្តែបើជាកីឡាករក្មេងៗ គឺនឹងពង្រឹងសមត្ថភាពអោយកាន់តែខ្លាំង សម្រាប់ជាធនធានក្នុងការប្រកួតជាមួយក្រុមអាជីព និងពាក់កណ្ដាលអាជីព។

លោក សៅ វិរៈ អ្នកចាត់ការក្រុមបានថ្លែងបញ្ជាក់ថា ក្រោយការប្រមូលកម្លាំងឡើងវិញ បានរយៈពេលប្រមាណ៤ឆ្នាំចុងក្រោយ លោកកត់សម្គាល់ឃើញថាសមាជិកក្នុងក្រុមកាន់តែមានឆន្ទៈក្នុងការពង្រឹងក្រុម ដោយក្នុងនោះសូម្បីតែកីឡាករក្មេងៗ ហើយមានសមត្ថភាព ក៏សុំចូលលេងច្រើនជាងធ្វើជាក្រុមស្នូលរបស់ខ្លួនផងដែរ។ លោកមានការរំពឹងថាក្រុម Old Lion Riverside ដែលធ្លាប់មានវត្តមានតាំងពីអំឡុងឆ្នាំ៩០ជាង នឹងវិលត្រឡប់មកកាន់វិថីជាក្រុមខ្លាំងវិញ បើទោះជារយៈពេល៤ឆ្នាំក្រោយការប្រមូលផ្ដុំជាថ្មី នៅមិនទាន់លេចធ្លោរតាមការចង់បានដែលក្រុមចង់បាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here