កាលពីព្រឹកថ្ងៃទី១០ ឧសភា ឆ្នាំ២០២១ នាបរិវេន សហព័ន្ឋកីឡាប្រដាល់ ស្ថិតក្នុងបរិវេណ ពហុកីឡាដ្ឋានស្តានចាស់ មានការ រៀបចំប្រគល់ជូន នូវអំណោយ មួយចំនួន ដល់កីឡាករទាំងអស់។ នោះជាការឧបត្ថម្ភដោយ ស្ថានីយ៍ទូរទស្សន៍ប៉ុស្តីលេខ៥ ដែលរមែងគិតគូពី សុខភាព កីឡាករមិនទុកចោល។
ការប្រគល់ជូននូវសម្ភារៈកាត់បន្ថយការឈឺចាប់ជូនដល់ក្រុមកីឡាករខាងលើនេះ ត្រូវបានថ្នាក់ដឹកនាំនៃស្ថាប័ននេះប្រព្រឹត្តឡើងយ៉ាងស្ងប់ស្ងាត់បំផុត ពុំមានការជួបជុំជាលក្ខណៈទ្រង់ទ្រាយធំ ឬ អ៊ូរអរនោះឡើយ ដើម្បីរក្សារបាននូវសុខ សុវត្ថិភាព តាមគោលការណ៍របស់រាជរដ្ឋាភិបាលគឺ ៣កុំ និង ៣កាពារ ។ ក្នុងនោះគេឃើញមានវត្តមានលោក តែម មុឺន ប្រធានសហព័ន្ឋកីឡាប្រដាល់សេរីកម្ពុជា, លោក មុនី ប្រធានគ្រប់គ្រងទូទៅរបស់ប៉ុស្តិ៍លេខ, អ្នកនាង រស់ សុម៉ាឡែន ប្រធានទីផ្សារប៉ុស្តីលេខ៥ លោក កណ្ណិកា អ្នកគ្រប់គ្រងកម្មវិធីប្រដាល់ របស់ប៉ុស្តិ៍លេខ៥ និងលោក ស ងួន ពិធីករ។
យ៉ាងណាមិញ ថ្នាក់ដឹកនាំរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ5 ក៏បានបញ្ជាក់ទៀតដែរថា ថ្នាំលាបរិតមានឈ្មោះថា Difelene Gel ចំនួន ១៨០០ទីបបន្ថែមទៀត នឹងត្រូវប្រគល់ជូនដល់ក្រុមកីឡាករនាពេលក្រោយជាបន្តបន្ទាប់ទៀត ។
លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់សេរីកម្ពុជា ក៏បានថ្លែងអំណរគុណនូវសណ្ដានចិត្តរបស់ថ្នាក់ដឹកនាំស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ដែលបានគិតគូពីសុខភាពរបស់ក្រុមកីឡាករ ក្នុងការប្រគល់ជូននូវថ្នាំលាបរិតនេះ ហើយលោកក៏នឹងចាត់ចែងចែកជូនបន្តទៅតាមផ្នែក ដល់កីឡាករទាំងអស់អោយ បានគ្រប់ៗគ្នា ពិសេសបានប្រើប្រាស់ ថ្នាំលាបរិតដ៏ល្អ ដែលជួយកាត់បន្ថយការឈឺចុកចាប់ រមួលក្រពើ ឈឺសាច់ដុំ និងឈឺសន្លាក់បានយ៉ាងល្អ ស្របពេលដែលក្រុមកីឡាករទាំងអស់ក៏បានទទួលការចាក់វ៉ាក់សាំងការពារជម្ងឺរកូវីដ១៩ បានគ្រប់ៗគ្នា និងកំពុងហ្វឹកហាត់កម្លាំងកាយ និងស្មារតីត្រៀមប្រយុទ្ធក្នុងការប្រកួតកីឡាស៊ីហ្គេម ក្នុងពេលឆាប់ៗខាងមុខនេះ។